បាត់ដំបងៈ អាជ្ញាធរ​ថៃ​បាន​ចាប់​បុរស​ជា​ជនជាតិ​ខ្មែរ​ ២ ​នាក់​បញ្ជូន​មក​ឲ្យ​អាជ្ញាធរ​ខ្មែរ​នៅ​ក្នុង​ខេត្ត​បាត់ដំបង​កាលពី​ថ្ងៃ​ទី​ ១៨ ខែ​សីហា​ក្រោយពី​ពួកគេ​ត្រូវ​បាន​សង្ស័យ​ថា បាន​បាញ់​សម្លាប់​មនុស្ស​កាលពី​ដើម​ខែ ហើយ​គេច​ចេញ​ពី​ស្រុក​ខ្មែរ​ទៅ​លាក់​ខ្លួន​នៅ​ប្រទេស​ថៃ​។


លោក ជេត វណ្ណនី ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ជនសង្ស័យ​ខាង​លើ​ឈ្មោះ​ ប៊ុន ពន្លក ភេទ​ប្រុស​អាយុ​ ២១ ​ឆ្នាំ និង​ឈ្មោះ​ ហួន វាសនា ភេទ​ប្រុស​អាយុ​ ២២ ​ឆ្នាំ​បាន​បាញ់​សម្លាប់​គូទំនាស់​កាលពី​ថ្ងៃ​ទី​ ៥ សីហា ឆ្នាំ​ ២០១៨ នៅ​ភូមិ​ក្រពើជើង ឃុំ​ភ្នំសំពៅ ស្រុក​បាណន់ ខេត្ត​បាត់ដំបង​។ ពេល​នេះ​រូបគេ​កំពុង​ឃុំ​ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ដើម្បី​ស៊ើបអង្កេត​បន្ត​ទៀត​។ ជនរងគ្រោះ​ឈ្មោះ​ ពេជ្រ ភីសា ភេទ​ប្រុស អាយុ​ ២៥ ​ឆ្នាំ​។

លោក​ ជេត វណ្ណនី បាន​ថ្លែង​បញ្ជាក់​ថា​៖ «​យើង​បន្ត​សាកសួរ​ជនសង្ស័យ​នៅ​ឡើយ​ដោយសារ​រឿង​ឃាតកម្ម​នេះ​ផ្តើម​ចេញ​ពី​រឿង​ស្នេហា​ត្រីកោណ​។ ​ពួកគេ​បាន​បាញ់​សម្លាប់​ជនរងគ្រោះ​ហើយ​គេច​ខ្លួន​ទៅ​ខេត្ត​ចាន់បូរី​នៃ​ប្រទេស​ថៃ​ហើយ​យើង​បាន​ទំនាក់ទំនង​ឲ្យ​គេ​បញ្ជូន​មក​ឲ្យ​យើង​វិញ​នៅ​ម៉ោង​ ៧ ​យប់​ថ្ងៃទី​ ១៨ សីហា​»​។

លោក ថោង ភិន អធិការរង​នគរបាល​ស្រុក​បាណន់​បាន​អះអាង​ថា​មុន​នឹង​ឈាន​ដល់​ការបាញ់​សម្លាប់​គ្នា​នេះ​ជនសង្ស័យ​ឈ្មោះ​ ប៊ុន ពន្លក ជា​និស្សិត និង​ជា​អ្នក​រស់នៅ​ខេត្ត​ព្រៃវែង​បាន​មក​សិក្សា​ជំនាញ​ពេទ្យ​នៅ​រាជធានី​ភ្នំពេញ​ និង​សិក្សា​ពេទ្យ​ជាមួយ​នារី​ម្នាក់​ដែល​នារី​នោះ​ជា​សង្សារ​របស់​ឈ្មោះ​ ពេជ្រ ភីសា​ (​ជនរងគ្រោះ​)​។


លោក​បន្ត​ថា​ដោយសារ​តែ​ឪពុក​របស់​ឈ្មោះ​ ពេជ្រ ភីសា ជា​បង​បង្កើត​របស់​ម្តាយ​នារី​នោះ​ក៏​ផ្សំផ្គុំ​ភ្ជាប់​ពាក្យ​រវាង​ជនរងគ្រោះ និង​នារី​នោះ​ជា​អនាគត​ប្តី​ប្រពន្ធ​នឹង​គ្នា​ ខណៈ​ដែល​នារី​នោះ​ក៏​កំពុង​បន្ត​សិក្សា​ជំនាញ​ពេទ្យ​មិន​ទាន់​ចប់​នៅ​ឡើយ​ផង​។


លោក​អធិការរង​បន្ត​ថា​នៅ​ពេល​នោះ​ជនសង្ស័យ​ឈ្មោះ​ ប៊ុន ពន្លក បាន​ដក​កាំភ្លើង​ប្រាហា​បាញ់​សំដៅ​ជនរងគ្រោះ​ក្រោយ​ពី​បាន​ប្រកែក​គ្នា​រឿង​បើក​រថយន្ត​ប៉ះ​គ្នា​។ ឯ​គ្នីគ្នា​ ២ ​នាក់​ទៀត​បាន​រត់គេច​ខ្លួន​។ ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ និង​ពិនិត្យ​លើ​សាកសព​ឃើញ​មាន​ស្នាម​បាញ់​ចំនួន ៥​ គ្រាប់​ត្រូវ​ដង​ខ្លួន​ត្រូវ​កញ្ចក់​រថយន្ត​ ១ ​គ្រាប់​ និង​ជ្រុះ​គ្រាប់​លើ​ដី​មិន​ផ្ទុះ​ ២ ​គ្រាប់​។ សមត្ថកិច្ច​បើក​ការស្រាវជ្រាវ និង​ឈាន​ដល់​កំណត់​បាន​​អត្តសញ្ញាណ​ចាប់​ជនសង្ស័យ​តែ​ម្តង​៕