ភ្នំពេញៈ នគរ​បាល​ជាន់​ខ្ពស់​ប្រមាណ​ជិត​​ ១០០​ នាក់ ​មក​ពី​ទូទាំង​ប្រទេស​បាន​ជួប​ប្រ​ជុំគ្នា​កាល​ពីម្សិលមិញ​នៅ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​ នៅ​រាជ​ធានី​ភ្នំពេញ​ ដើម្បី​រៀប​ចំ​ផែន​ការ​ រក្សា​សន្តិ​សុខ​ សុវត្ថិ​ភាព ​និង​សណ្ដាប់ធ្នាប់​ក្នុង​អំឡុង​ពេល​ប្រជា​ពល​រដ្ឋ​ទូទាំង​ប្រ​ទេស​អប​អរ​ ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ខ្មែរ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ចុង​សប្ដាហ៍​នេះ។


​លោក នេ​ត​ សាវឿន ​អគ្គ​ស្នង​ការ​នគ​រ​បាល​ជាតិបាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​នោះ​ ដោយ​បញ្ជា​ឲ្យ​ថ្នាក់​ដឹក​នាំ​ទាំងអស់​ត្រូវ​អប់រំ​ណែនាំនឹង​លើក​ទឹក​ចិត្ត​ឲ្យ​មន្ត្រី​ទាំង​អស់អនុវត្ត​ការពារ​សណ្តាប់​ធ្នាប់​ និង​សន្តិ​សុខ​នៅ​ក្នុង​តំបន់​រៀងៗ​ខ្លួន​ឲ្យ​បាន​ម៉ឺង​ម៉ាត់​បំផុត​ ដើម្បី​ចៀសវាង​សោ​កនា​ដកម្ម​ដែល​អាច​កើត​មាន​ឡើង​ជា​យ​ថា​ហេតុ​ ដែល​​​នៅ​តែ​ប្រឈម​ជា​រៀង​រាល់​ឆ្នាំដូច​ជា​ បញ្ហា​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ​អគ្គិភ័យ ​និង​បទ​ល្មើស​ផ្សេងៗ​ ដែល​នាំ​ឲ្យ​​ការអបអរ​ឆ្នាំ​ថ្មី​ ក្លាយ​ជា​ភាព​ជូរ​ចត់​របស់​ប្រជា​ពលរដ្ឋ។

​លោក​ ​នេត​ ​សាវឿន​ ​ថ្លែង​ថា​៖​ «​យើង​ក៏​ត្រូវ​រៀបចំ​កម្លាំង​​បម្រុង​ រាជ​ធានី-ខេត្ត​ ត្រៀម​កម្លាំង​​ប្តូរវេ​ន ត្រៀម​លក្ខណៈ​បច្ចេក​ទេស​ ព្រោះ​ឆ្នាំ​ណា​ក៏​ដូច​ឆ្នាំ​ណា​ដែរ​ គឺ​ត្រូវ​ប្រចាំ​ការ​ ដើម្បី​អន្តរា​គម​ន៍​ឲ្យ​បាន​ទាន់​ពេល​ជូន​ប្រជា​ពល​រដ្ឋ។​ ចំពោះ​បញ្ហា​គ្រោះ​ថ្នាក់​ចរា​ចរណ៍​វិញគឺ​ត្រូវ​តែ​រឹតបន្តឹង​ ព្រោះ​វា​ គឺ​ជា​ភាព​ជូរ​ចត់​របស់​កម្ពុ​ជា​ដែល​តែង​តែ​ជួប​​ប្រទះ»។

ក្រោយ​កិច្ច​ពិ​ភាក្សា​ជិត​ ២ ម៉ោង ​លោក ​ឆាយ ​គឹម​ខឿន​ អគ្គ​ស្នង​ការរង​នគរ​បាល​ជាតិ​ និង​ជា​អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការដ្ឋាន​នគរ​បាល​ជាតិ​បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា ​តាម​រយៈ​កិច្ច​ពិភា​ក្សា​នេះ​ ថ្នាក់​ដឹក​នាំ​បាន​ដាក់​ចេញ​នូវ​វិធាន​ការ​៤​ចំណុច​ ដើម្បី​ឲ្យ​មន្ត្រី​នគរបាល​ទូទាំង​ប្រទេស​អនុ​វត្ត​ឲ្យ​មាន​ប្រសិទ្ធភាព។​ ​


​-​ទី​១​ គឺ​ត្រូវ​ពង្រឹង​វិធាន​ការ​អនុ​វត្ត​ច្បាប់​ចរា​ចរណ៍ ​ពិសេស​ការ​ត្រួត​ពិនិត្យ​ពី​ដើម​ទី​ កា​រណែ​នាំ​អប់​រំ​ អ្នក​បើក​បរ​ចៀស​វាង​ការ​ដឹក​មនុស្ស​លើស​ចំណុះ ​ដឹក​ទំនិញ​សំពីង​សំពោង​ ពង្រឹង​ការ​ពិនិត្យ​ល្បឿន​ ពិនិត្យ​អ្ន​ក​បើក​បរ​ក្រែង​មាន​ស្ថានភាព​ស្រវឹង។​


​-​ទី​២​ ការ​ពង្រឹង​វិធាន​ការ​សន្ដិ​​សុខ​ក្នុង​ការ​ក្ដាប់​ព័ត៌​មាន​ឲ្យ​បាន​ទាន់​ពេល​វេលា​ដើម្បី​ចាត់​វិធានការ​បង្កា​រ ​ទប់​ស្កាត់​ ការ​ញុះ​ញង់​បំផុស​បំផុល​ឲ្យ​មាន​ចលា​ចល​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ ឬ​ក៏​អាច​មាន​ការ​ប៉ុនប៉ង​បង្ក​សំឡេង​ផ្ទុះ​ជា​ដើម។

​-​​ទី​៣ ​ការ​ពង្រឹង​វិធាន​ការ​បង្ការ​ បង្ក្រាប​បទ​ល្មើស ​ដែល​ត្រូវ​ធានា​សុវត្ថិ​ភាព​ឲ្យ​ប្រជា​ពលរដ្ឋ​បាន​ដើរ​កម្សាន្ដ​សប្បាយ នៅ​តាម​ទីវ​ត្ត​អារាម​ ស្រុក​កំណើត​ និង​នៅ​តាម​ផ្លូវ​សាធារ​ណៈ ជាពិសេសរ​មណី​យ​ដ្ឋា​ន​នានា​ដោយ​មាន​អារម្មណ៍​កក់​ក្ដៅ​។​លើស​ពី​នេះ ​ត្រូវ​បង្ក្រាប​ឲ្យ​បាន​នូវ​ការ​លួច​ ឆក់ និង​បទ​ល្មើស​ផ្សេងៗ​ទៀត​នៅ​តាម​មូលដ្ឋាន។

-​ទី​៤​ គឺ​ត្រូវ​ត្រៀម​កម្លាំង​អន្ដរាគមន៍​នៅ​គ្រប់​បណ្ដា​ស្នង​ការ​ដ្ឋាន​រាជ​ធានី​-​ខេត្ត​ទាំង​អស់​ ត្រូវ​ពង្រឹង​ការងារ​ប្រចាំ​បញ្ជា ដោយ​ត្រូវ​មាន​បញ្ជា​ការ​ផ្លាស់​វេន​គ្នា ​ដើម្បី​ចេញ​អន្ដ​រាគមន៍​ទាន់​ពេល​ ធានា​សន្ដិ​សុខ ​សុវត្ថិ​ភាព​ជូន​ប្រជា​ពលរដ្ឋ។

ថ្នាក់​ដឹក​នាំ​នគរបាល​ប្រជុំ​ផែន​ការសន្តិសុខ។ នគរបាល

លោក​ គង់​ សុវណ្ណ​ ប្រធាន​អង្គ​ការ​ដៃ​គូ​សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​គោក​សកល​ ប្រចាំ​ប្រទេស​ កម្ពុជា​ និង​ប្រចាំ​ ឡាវ​ និង​ជា​ទី​​ប្រឹក្សា​ជំនាញ​សុវត្ថិ​ភាព​ចរាចរណ៍បាន​ថ្លែង​ថា​ បញ្ហា​ដែល​ប្រឈម​ជា​ពិសេស​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍នឹង​ត្រូវ​បាន​កាត់​បន្ថ​យ​ បើ​សិន​ជា​អាជ្ញា​ធរ​ពិត​ជា​មាន​ការ​​រឹត​បន្តឹង ​និង​ត្រៀម​កម្លាំង​ការពារ​បាន​ម៉ឺង​ម៉ាត់​មែន។

​លោក​បញ្ជាក់​ថា​៖​ ​«ក្នុង​ករណី​ដែល​មាន​ការ​រឹត​បន្តឹង​ឲ្យ​បាន​ច្រើន​ជាង​មុន​ ជា​ពិសេស​ក្នុង​អំឡុង​ពិធី​បុណ្យ​ទាន​នេះ គឺជា​រឿង​វិជ្ជ​មាន​ ពីព្រោះ​បើ​យើង​ពិនិត្យ​ទៅលើ​ជ្រុង​មួយ ​នៃ​មូល ហេតុ​បង្ក​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ និង​របួស​ធ្ងន់ធ្ងរ​ច្រើន​នោះ គឺ​បញ្ហា​ល្មើស​ល្បឿន ​និង​ស្រវឹង។​ អ៊ីចឹ​ង​ ​បើ​មាន​មន្ត្រី​អនុវត្ត​ច្បាប់​ឲ្យ​គ្រប់​ ២៤​ ខេត្ត​-​ក្រុង​ គឺ​ជា​រឿង​ល្អ​ប្រសើរ»។

​​តាម​​របាយ​ការណ៍​របស់​នាយក​ដ្ឋាន​នគរ​បាល​ចរា​ចរណ៍​ និង​សណ្ដាប់​​ធ្នាប់​សាធា​រ​ណៈ​នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​កាល​ពី​ថ្ងៃ​​ពុធ​ ​ក្នុង​រយៈ​ពេល ​១០ ​ថ្ងៃ​ដើម​ខែ​មេសា​នេះ ​មាន​មនុស្ស​ ៦៧ ​នា​ក់​បាន​ស្លាប់​ និង ​១៦៩​ នាក់​​ទៀត​​បាន​រង​របួស​ធ្ងន់​ និង​ស្រាល​ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​ទូទាំង​ប្រទេស។ ​លោក ​គង់​ ​សុវណ្ណ​ ​យល់​ឃើញថា​ បញ្ហា​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​នៅ​តែ​ជា​បញ្ហា​ព្រួយ​បារម្ភ​ខ្លាំង​បំផុត​ ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃ​ណី​ខ្មែរ​នេះ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ ​បញ្ហា​ប្រឈម​ដែល​អគ្គ​ស្នង​ការ​ដាក់​ការ​ព្រួយ​បារម្ភ​​ និង​ទប់​ស្កាត់៕​