ភ្នំពេញៈ នគរបាលជាតិបានបញ្ជាក់កាលពីម្សិលមិញថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យមរណភាព អ្នកម្នាង អ៊ុក ផល្លា និងព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ រងរបួសធ្ងន់កាលពីថ្ងៃទី ១៧ ខែមិថុនានៅខេត្តព្រះសីហនុ គឺជារឿងគ្រោះថ្នាក់ចរាចរណ៍សុទ្ធសាធ មិនមែនជារឿងប៉ុនប៉ងធ្វើឃាតពាក់ព័ន្ធនឹងរឿងនយោបាយ ដូចការលើកឡើងរបស់គណបក្សហ៊្វុនស៊ិនប៉ិច និងមជ្ឈដ្ឋានមួយចំនួននោះទេ។
នៅក្នុងពិធីបូជាសពអ្នកម្នាង អ៊ុក ផល្លា នៅមុខវត្តបទុមវតីកាលពីថ្ងៃពុធ លោក ញេប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចបានថ្លែងដោយស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធធ្វើការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ ចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងចំនួន ៣ លើកមកលើក្បួនរថយន្តរបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ដែលលើកចុងក្រោយនេះបានធ្វើឲ្យអ្នកម្នាង ផល្លា ទទួលមរណភាព។
លោក ប៊ុន ជិន ថ្លែងថា៖ «ក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋានមានកាតព្វកិច្ច សមត្ថកិច្ច និងភារកិច្ច ស៊ើបអង្កេតឲ្យស៊ីជម្រៅដើម្បីឲ្យជនរងគ្រោះ និងគណបក្សហ៊្វុនស៊ិនប៉ិចអាចទទួលយកបានដោយអស់ចិត្ត»។
ក្នុងសន្និសីទសារព័ត៌មាននៅអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីម្សិលមិញ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកការងារចរាចរណ៍បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ករណីរថយន្តបុកព្រះទីនាំងព្រះអង្គម្ចាស់ រណឫទ្ធិ នៅស្រុកព្រៃនប់គឺជាគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីអ្នកបើកបរខ្វះការប្រុងប្រយ័ត្នផ្ទុកមនុស្សលើសចំណុះ និងបើកបរក្នុងល្បឿនលឿនលើសកំណត់ ហើយករណីនេះមិនមែនជាឃាតកម្មដែលអាចជាប់ពាក់ព័ន្ធនឹងរឿងនយោបាយដូចការលើកឡើងមួយចំនួននៅលើបណ្តាញសង្គម Facebook និងការលើកឡើងរបស់គណបក្សហ៊្វុនស៊ិនប៉ិចនោះទេ។
លោក ហ៊ឹម យ៉ាន បានថ្លែងយ៉ាងដូច្នេះថា៖ «លទ្ធផលនៃការស៊ើបអង្កេត ដូចដែលបានបង្ហាញជូននេះ គឺជាគ្រោះថ្នាក់ចរាចរណ៍សុទ្ធសាធ ហើយអគ្គស្នងការដ្ឋាននគរបាលជាតិសូមបដិសេធទៅលើព័ត៌មានទាំងឡាយណាដែលលើកឡើងមិនត្រឹមត្រូវ...»។
បើតាមលោក យ៉ាន អ្នកបើកឡានតាក់ស៊ីបានទទួលស្គាល់ថា គាត់បើកលឿន ហើយមូលហេតុដែលគាត់បើកលឿនគឺដោយសារតែគាត់ចង់ឲ្យឆាប់ទៅដល់គោលដៅ «ហើយផ្ទុកមនុស្សលើសកំណត់ គឺដោយសារគាត់ចង់បានប្រាក់កម្រៃច្រើន»។
លោកបន្ថែមថាដោយសារតែឡានបើកក្នុងល្បឿនលឿន ហើយអ្នកដំណើរបានជិះផ្តុំគ្នានៅកៅអីខាងមុខ ធ្វើឲ្យអ្នកបើកបរមានការលំបាកក្នុងការកាច់ចង្កូត និងការជាន់ហ្វ្រាំងក៏ធ្វើឲ្យឡានបានរេចង្កូតទៅបុកយ៉ាងពេញទំហឹង ចំព្រះទីនាំងរបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ។
អ្នកបើកតាក់ស៊ី រថយន្តម៉ាក Highlander ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះមានឈ្មោះ ម៉ិល សារ៉េត អាយុ ៣៤ ឆ្នាំ បើកបរចេញពីខេត្តព្រះសីហនុ ឆ្ពោះមកកាន់រាជធានីភ្នំពេញ។
លោក ហ៊ឹម យ៉ាន បានឲ្យដឹងទៀតថា តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនៅមុនពេលកើតហេតុ រថយន្ដបង្កបានវ៉ារថយន្តមួយគ្រឿងម៉ាក Lexus RX300 ស្រាប់តែពេលកំពុងវ៉ាជែងនោះក៏ពើបប្រទះនឹងក្បួនទីនាំងរបស់ព្រះអង្គម្ចាស់ រណឫទ្ធិ ដែលកំពុងតែបើកបញ្ច្រាសទិសគ្នា ហើយអ្នកបើកបររថយន្ដបង្កបានបន្ថែមល្បឿនដើម្បីវ៉ាឲ្យផុត ហើយគេចចូលមកខាងស្ដាំដៃវិញ ប៉ុន្តែបានគេចជ្រុលមកខាងស្ដាំពេកបណ្ដាលឲ្យធ្លាក់ផ្លូវមួយចំហៀង ហើយអ្នកបើករថយន្ដក៏បួងចង្កូតមកខាងឆ្វេងវិញ ស្រាប់តែព្រះទីនាំងរបស់សម្ដេចក្រុមព្រះមកដល់ក៏បុកពេញមួយទំហឹងតែម្ដង។
លោក ញេប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចបានថ្លែងកាលពីម្សិលមិញថា៖ «យើងសុំឲ្យអាជ្ញាធរលោកពិនិត្យទៅតាមសមត្ថកិច្ច និងទៅតាមជំនាញឲ្យបានស៊ីជម្រៅ ហើយឥឡូវបើលទ្ធផលគេបង្ហាញមកអ៊ីចឹងថាជាគ្រោះថ្នាក់ចរាចរណ៍សុទ្ធសាធ ដោយសារបណ្តាលមកពីអ្នកបើកបរធ្វេសប្រហែស យើងត្រូវទទួលស្គាល់... យើងមិនអាចមិនទទួលស្គាល់ទេ ដោយសារតែយើងមិនមានអ្នកស៊ើបអង្កេត»។
ក្បួនរថយន្តរបស់ព្រះអង្គម្ចាស់ រណឫទ្ធិ បានជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣ លើករួចមកហើយគឺលើកទី ១ នៅខេត្តកំពង់ចាមកាលពីអំឡុងឆ្នាំ ២០១៥ លើកទី ២ នៅក្នុងខេត្តកំពតកាលពីអំឡុងឆ្នាំ ២០១៧ និងលើកចុងក្រោយនេះ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
រហូតមកដល់ពេលនេះព្រះអង្គម្ចាស់ រណឫទ្ធិ ដែលកំពុងសម្រាកព្យាបាលមុខរបួសនៅមន្ទីរពេទ្យក្នុងប្រទេសថៃនៅមិនទាន់ដឹងនៅឡើយទេថា អ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាពហើយសពរបស់អ្នកម្នាងត្រូវបានបូជាកាលពីថ្ងៃទី ២០ ខែមិថុនាម្សិលម្ង៉ៃ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ ៤ ស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុអំឡុងពេលធ្វើដំណើរចុះជួបជាមួយក្រុមអ្នកគាំទ្រគណបក្សកាលពីព្រឹកថ្ងៃទី ១៧ ខែមិថុនា៕