ភ្នំពេញ: នគរបាលប្រឆាំងគ្រឿងញៀនបានបង្ក្រាបទីតាំងកម្សាន្តមួយកន្លែងនៅក្នុងសង្កាត់បឹងកេងកង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីរំលងអាធ្រាត្រម្សិលមិញ ឃាត់ខ្លួនមនុស្សចំនួន ៥០ នាក់ និងរឹបអូសម៉ាស៊ីនផលិតគ្រឿងញៀន និងសារធាតុញៀនមួយចំនួន។
លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានអះអាងកាលពីម្សិលមិញថា ក្នុងចំណោមមនុស្សដែលបានឃាត់ខ្លួននោះមាន ៤០ នាក់ បានរកឃើញប្រើប្រាស់គ្រឿងញៀន ក្រោយពីមន្ត្រីជំនាញបានត្រួតពិនិត្យទឹកនោមរបស់ពួកគេ រួមមានស្ត្រី ១២ នាក់ដែរ។
លោក ក៏បានឲ្យដឹងដែរថា ក្លិបកម្សាន្តនេះមានយីហោ ម៉ៃអាមី មានទីតាំងលេខ ១៥៩ ស្ថិតនៅលើផ្លូវ ៣៦០ ភូមិ ៨ សង្កាត់បឹងកេងកង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោក ម៉ក់ ជីតូ បញ្ជាក់ថា៖ «យើងកំពុងរៀបចំថ្លឹងគ្រឿងញៀនទាំងអស់ គឺអត់ទាន់ដឹងចំនួនវាទេ ហើយយើងក៏កំពុងសួរនាំជនសង្ស័យបន្ថែមទៀត ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការតែម្ដង។ សំខាន់យើងកំពុងបើកការស៊ើបអង្កេតរកអ្នកនៅពីក្រោយខ្នង។ យើងអត់ទាន់ដឹងថា មានអ្នកកាងពីក្រោយខ្នង ឬអត់ទេ ចាំមើលយើងស៊ើបបន្តទៀតសិន»។
ទោះយ៉ាងណាក៏ដោយ លោក ជីតូ អះអាងថា ក្នុងចំណោមអ្នកឃាត់ខ្លួនទាំងអស់មានមនុស្សចំនួន ៧ នាក់ ជាមុខសញ្ញាពាក់ព័ន្ធគ្រឿងញៀនដែលជាអ្នកជួញដូរយ៉ាងសកម្មនៅក្នុងក្លិបម៉ៃអាមី ហើយក្នុងចំណោម ៧ នាក់នោះ ក៏មានម្នាក់ធ្លាប់ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យតាមចាប់ខ្លួនដែរ។
លោក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានសរសេរនៅលើហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា កាលពីវេលាម៉ោង ១ និង ៣០ នាទី លោកបានចុះបង្ក្រាបកន្លែងលួចលាក់ផលិតសារធាតុញៀនខុសច្បាប់នៅទីតាំងក្លិប ម៉ៃ អាមី និងដកហូតម៉ាស៊ីនផលិតគ្រឿងញៀនមួយចំនួន និងសារធាតុញៀនមួយចំនួន។
លោកបន្តថា កិច្ចការសម្រេចទៅបានដោយមានការអនុញ្ញាតពីលោក លី សុផាន់ណា ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ និងមានការសហការពីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌចំការមន ព្រមទាំងកម្លាំងប៉ុស្តិ៍នគរបាលមូលដ្ឋានបឹងកេងកង។
លោក ស ថេត បញ្ជាក់ថា៖ «បច្ចុប្បន្នមនុស្ស និងសម្ភារបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកំពុងសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ»។
លោក ឃិន សាន អធិការនគរបាលខណ្ឌចំការមន កាលពីម្សិលមិញបានថ្លែងថា មិនបានចូលរួមក្នុងប្រតិបត្តិការនេះទេ ព្រោះកំពុងជាប់រវល់ការងារនៅខេត្តព្រះវិហារ។
លោក គល់ សុផាត នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់បឹងកេងកង ១ បានឲ្យដឹងថា មិនបានដឹងពីរបាយការណ៍នានាទាក់ទងក្នុងប្រតិបត្តិការបង្ក្រាបនេះទេ។
លោកបញ្ជាក់ថា៖«ខ្ញុំចូលរួមដែរ ប៉ុន្ដែខ្ញុំគ្រាន់តែឈរយាមនៅខាងក្រៅក្លិបហ្នឹងទេ ក្រៅពីនេះ មន្ត្រីជំនាញយើងពីខាងស្នងការនគរបាលក្នុងគាត់ធ្វើការងារនៅខាងក្នុងក្លិបហ្នឹង។ ខ្ញុំអត់ដឹងឃាត់មនុស្ស ឬគ្រឿងញៀនប៉ុន្មានទេ»។
លោក លី សុផាន់ណា ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញមិនទាន់អាចទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានទេ។
លោក ស៊ឹង សែនករុណា មន្ត្រីស៊ើបអង្កេតផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) បានអះអាងថា វាជាតួនាទីរបស់អាជ្ញាធរមានសមត្ថកិច្ចក្នុងការទប់ស្កាត់បទល្មើសនានាដែលកើតមានឡើងនៅតាមមូលដ្ឋាន ហើយលោកគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច ព្រោះកន្លងមកនេះ មានការរីករាលដាលខ្លាំងនៃការប្រើប្រាស់គ្រឿងញៀន នៅតាមកន្លែងកម្សាន្ដមួយចំនួន។
លោកបញ្ជាក់ថា ជាការអនុវត្តច្បាប់ សមត្ថកិច្ចត្រូវបន្តបេសកកម្មបន្ថែមទៀត ក្នុងការស៊ើបអង្កេត និងស្រាវជ្រាវរកទីតាំងល្មើសច្បាប់ដទៃទៀតដែលបង្កលក្ខណៈឲ្យមានការប្រើប្រាស់ ជួញដូរ មិនត្រឹមតែនៅទីក្រុងភ្នំពេញទេ សូម្បីតែនៅតាមបណ្ដាខេត្តនានានៅទូទាំងប្រទេស ក៏កំពុងរីករាលដាលគ្រឿងញៀនគួរឲ្យព្រួយបារម្ភ។
លោក សែនករុណា បញ្ជាក់ថា៖ «យើងជឿជាក់ថា មិនមែនមានតែប៉ុន្មានកន្លែងកំពុងបង្ក្រាបហ្នឹងទេ កន្លែងផ្សេងៗទៀតក៏មានច្រើនដែរ។ អ៊ីចឹង សមត្ថកិច្ចត្រូវតែបន្តការងារនេះទៀត មិនមែនបង្ក្រាបបានមួយកន្លែង ផ្អាកសកម្មភាពវិញទេ គឺដើម្បីទបស្កាត់បញ្ហាគ្រឿងញៀននេះ ព្រោះឥឡូវនេះ ពលរដ្ឋយើងមានការត្អូញត្អែរច្រើនណាស់ពីបញ្ហាគ្រឿងញៀននេះ»។
កាលពីថ្ងៃទី ២៣ ខែ មីនា នគរបាលក្រុងភ្នំពេញ បានបង្ក្រាបគ្រឿងញៀននៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ុក (Rock Entertainments) រឹបអូសបានសារធាតុញៀនប្រភេទ ផ្សេងៗគ្នាជាច្រើនចំនួន ៥០ គីឡូក្រាម ចាប់មនុស្ស ១៧ នាក់ឃុំខ្លួនក្នុងពន្ធនាគារក្រោយពីតុលាការបានចោទប្រកាន់ពាក់ព័ន្ធគ្រឿងញៀន ក្នុងនោះមានលោកឧកញ៉ា គិត ធាង ដែលជាម្ចាស់ក្លិបកម្សាន្តរ៉ុកផងដែរ៕