ភ្នំពេញ៖ មនុស្ស​ចំនួន ៦២៤ នាក់​បន្ថែម​ទៀត ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​វីរុស​កូវីដ ១៩ ដែល​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ក្នុង​នោះ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​ច្រើន​ជាង​គេ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល ចេញ​នៅ​ថ្ងៃ​ចន្ទ ទី ១៩ ខែ មេសា ឆ្នាំ ២០២១ នេះ។


ក្រសួង​បាន​ប្រកាស​ថា ចំនួន​អ្នក​ឆ្លង​ទាំង​នេះ មាន​នៅ​រាជធានី​ភ្នំពេញ​ចំនួន ៤៦៥ នាក់ ខេត្ត​ព្រះសីហនុ​ចំនួន ១១៤ នាក់ ខេត្ត​តាកែវ​ចំនួន ១០ នាក់ ខេត្ត​ស្វាយរៀង​ចំនួន ៣ នាក់ ខេត្ត​កំពង់ចាម និង​ខេត្ត​ពោធិ៍សាត់ មាន​ចំនួន ០១ នាក់​ដូច​គ្នា។

ករណី​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ដែល​មាន​រយៈពេល​ជិត ២ ខែ​មក​នេះ បាន​ធ្វើ​ឱ្យ​ចំនួន​នៃ​អ្នក​ឆ្លង​សរុប​មាន​ចំនួន ៦ ៤៧០ នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន ៣ ៧០៣ នាក់។

នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​ក៏​បាន​ប្រកាស​ពី​ការ​ព្យាបាល​ជា​សះស្បើយ​នូវ​អ្នក​ជំងឺ​កូវីដ​ដែល​សុទ្ធ​តែ​នៅ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ គឺ​មាន​ចំនួន ៤៨ នាក់​ផង​ដែរ។


គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២១ នេះ ក្រសួង​បាន​រក​ឃើញ​អ្នក វិជ្ជមាន​វីរុស​កូវីដ ១៩ សរុប​ទូទាំង​ប្រទេស​ចំនួន ៧ ០១៣ នាក់ អ្នក​ជា​សះស្បើយ ២ ៥២៤ នាក់ អ្នក​កំពុង​ព្យាបាល ៤ ៤៣៩ នាក់ និង​អ្នក​ស្លាប់​ចំនួន ៤៥ នាក់។


អ្នក​ជំងឺ​ទី៤៤ និង ៤៥ ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​ ១៩ គឺ​ជា​បុរស​ជនជាតិ​ខ្មែរ​អាយុ ៥៥ ឆ្នាំ និង​អាយុ ៤៩ ឆ្នាំ រស់នៅ​សង្កាត់​អូរឫស្សី ខណ្ឌ ៧​មករា និង​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ កាល​ពី​ថ្ងៃទី ១៨ ខែ​មេសា ម្សិលមិញ៕