ភ្នំពេញៈ សំណុំរឿង «រួមគំនិតក្បត់» និង «ញុះញង់» ដែលមានជនជាប់ចោទជាសកម្មជន និងអ្នកគាំទ្រអតីតបក្សប្រឆាំងចំនួន ១៣៩ នាក់ ត្រូវបានបញ្ចូលជា ២ សំណុំរឿង ហើយលើកពេលទៅបន្តសវនាការនៅខែមករា និងខែមីនា ឆ្នាំ ២០២១។ អ្នករាយការណ៍ពិសេសអំពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជាអ្នកស្រី រ៉ូណា ស្ម៊ីត សម្ដែងក្តីកង្វល់អំពីការជំនុំជម្រះទ្រង់ទ្រាយធំមួយនេះ។
សាលាដំបូងរាជធានីភ្នំពេញពីម្សិលមិញបានលើកយកសំណុំរឿងចំនួន ៤ ដែលមានជនជាប់ចោទរហូតដល់ទៅ ១៣៩ នាក់ មកបើកសវនាការជាលើកដំបូង។ ក៏ប៉ុន្តែមានតែជនជាប់ចោទចំនួន ៣៤ រូបប៉ុណ្ណោះមានវត្តមាននៅក្នុងបន្ទប់សវនាការ ខណៈអ្នកផ្សេងទៀតអវត្តមាន។ នេះបើតាមលោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
លោកមេធាវី សំ សុគង់ ដែលការពារក្ដីជនជាប់ចោទជាច្រើនប្រាប់ចៅក្រមក្នុងសវនាការថា លោកមិនជំទាស់ការយកសំណុំរឿងទាំង ៤ មកបញ្ចូលគ្នាជា ២ ទេ។ តែលោកត្រូវការពេលវេលាដើម្បីសិក្សាសំណុំរឿងនេះ ដោយសារតែសំណុំរឿងទាំងនេះមានជនជាប់ចោទច្រើននាក់។
លោក ឡោ ជុនធី មេធាវី ១ រូបដែលការពារជនជាប់ចោទខ្លះលើកឡើងថា លោកស្នើសុំតុលាការរៀបចំឱ្យមេធាវី និងជនជាប់ចោទបានពិភាក្សាគ្នាជាមុនដើម្បីយល់ពីផ្លូវច្បាប់។ លោកក៏ស្នើឱ្យមានជំនួបពិភាក្សាគ្នារវាងមេធាវី និងចៅក្រមផងដែរ ដើម្បីឱ្យយល់គ្នា និងធ្វើឱ្យដំណើរការជំនុំជម្រះបានរលូន។
លោកចៅក្រម រស់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាជំនុំជម្រះថ្លែងក្នុងសវនាការថា លោកសម្រេចបែងចែកពេលជំនុំជម្រះ ២ ដំណាក់កាលគឺការជំនុំជម្រះលើកទី១ ធ្វើឡើងនៅថ្ងៃទី ១៤ ខែមករា និងលើកទី២ ធ្វើឡើងនៅថ្ងៃទី ៤ មីនា ឆ្នាំ ២០២១។ លោកថា ការពន្យារនេះដោយសារតែជនជាប់ចោទខ្លះនៅមិនទាន់មានមេធាវីការពារសិទ្ធិនៅឡើយ។
លោកប្រាប់ជនជាប់ចោទថា ពួកគេអាចរកមេធាវីដោយខ្លួនឯងបានក្នុងរយៈពេល ២ សប្ដាហ៍ ប៉ុន្តែបើគ្មានលទ្ធភាពរកមេធាវីដោយខ្លួនឯង តុលាការស្នើសុំទៅគណៈមេធាវីឱ្យផ្ដល់ជំនួយជាមេធាវី ហើយគណៈមេធាវីបានចាត់តាំងមេធាវី ៦ រូបមកការពារក្តីរួចហើយ។
លោកថ្លែងដូច្នេះថា៖ «ថ្វីដ្បិតពួកគាត់ជាមេធាវីចាត់តាំងដោយគណៈមេធាវីពិតមែន តែពួកគាត់បានអនុវត្តតាមវិជ្ជាជីវៈមេធាវី និងក្រមសីលធម៌របស់មេធាវី។ ពួកគាត់ក៏ស្រឡាញ់កិត្តិយសរបស់គាត់ដែរ។ ហេតុដូច្នេះពួកគាត់ប្រើវិជ្ជាជីវៈរបស់គាត់បានត្រឹមត្រូវ»។
សំណុំរឿងទាំងនេះជាប់ពាក់ព័ន្ធនឹងការប្រកាសទៅទទួលលោក សម រង្ស៊ី ដែលអះអាងថាលោកត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៩ ដើម្បីមកចាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រដ្ឋាភិបាលបានចាត់ទុកផែនការរបស់លោក សម រង្ស៊ី ថា ជាផែនការរដ្ឋប្រហារ ប៉ុន្តែបានទទួលបរាជ័យ។
កញ្ញា សេង ធារី ដែលជាមេធាវីមកពីសហរដ្ឋអាមេរិក និងធ្លាប់ជាប្រធានអង្គការក្នុងស្រុកមួយចំនួនក៏ជាជនជាប់ចោទម្នាក់ក្នុងចំណោមជនជាប់ចោទក្នុងបញ្ជីឈ្មោះ ៤៦ នាក់។ កញ្ញាថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ចេញពីបន្ទប់សវនាការ ថា កញ្ញា មិនចង់បានមេធាវីមកការពារសិទ្ធិទេ ដោយសារកញ្ញាចង់បញ្ចេញយោបល់ផ្ទាល់ខ្លួន។
កញ្ញាបន្តថា ជានីតិវិធីស្របតាមច្បាប់កម្ពុជា កញ្ញាគួរតែទទួលបានឯកសារដែលចៅក្រមស៊ើបអង្កេតបានធ្វើការស៊ើបអង្កេត អមជាមួយដីកាកោះហៅ។ ឯកសារទាំងនេះអាចបញ្ជាក់ថា កញ្ញាបានប្រព្រឹត្តអ្វីខុស។ ប៉ុន្តែជាក់ស្ដែង ក្នុងករណីនេះកញ្ញាមិនបានទទួលឯកសារលម្អិតទេ។
កញ្ញានិយាយថា៖ «បើខ្ញុំគ្មានឯកសារលម្អិតពីការស៊ើបអង្កេតរបស់ចៅក្រមស៊ើបសួរផង ដូច្នេះខ្ញុំមិនអាចនឹងចូលរួមសវនាការបានទេ។ ប៉ុន្តែរឿងនេះខ្ញុំចេះតែចូលរួមទៅព្រោះនេះជាល្ខោននយោបាយទេ។ ការចោទប្រកាន់នេះគ្មានមូលដ្ឋាននៅក្នុងច្បាប់ ឬមូលដ្ឋាននៃភាពកើតឡើងជាក់ស្តែងទេ»។
កញ្ញា ធារី បន្តថា៖ «ឥឡូវនេះ ខ្ញុំមិនដឹងថាខ្លួនឯងមានកំហុសអ្វីទេ ព្រោះតុលាការមិនបានផ្តល់របាយការណ៍ដែលថាខ្ញុំបានប្រព្រឹត្តខុស។ នេះជាការរំលោភនីតិវិធីច្បាប់ទាំងស្រុង។ តែខ្ញុំនឹងលេងតាមល្ខោននយោបាយដែរ ខ្ញុំនឹងបើកវាំងននច្បាប់ឱ្យឃើញច្បាស់»។
ជនជាប់ចោទម្នាក់ទៀត គឺលោក ថាច់ សេដ្ឋា ប្រធានសមាគមខ្មែរកម្ពុជាក្រោម ថ្លែងនៅខាងក្រៅបរិវេណតុលាការថា លោកមិនបានដឹងថាលោកជាប់ពាក់ព័ន្ធនឹងរឿងអ្វីទេ។ ដីកាកោះហៅលោកក៏យកទៅបិទនៅអតីតស្នាក់ការគណបក្សសង្គ្រោះជាតិដែលគ្មានមនុស្សនៅ។ លោកថា សូម្បីតែឈ្មោះ និងថ្ងៃខែឆ្នាំកំណើតរបស់លោកក៏សរសេរខុសដែរ។
លោកនិយាយថា៖ «តែដើម្បីជាតិ ទោះឈ្មោះខុសក៏ខ្ញុំមកដែរ។ ខ្ញុំមិនដែលត្រូវបានតុលាការហៅមកសាកសួរម្តងណាទេ។ សូមតុលាការកុំធ្វើការខ្ជីខ្ជាខុសនីតិវិធី»។
កាលពីថ្ងៃទី ២៥ វិច្ឆិកា មួយថ្ងៃមុនបើកសវនាការ អ្នកស្រី រ៉ូណា ស្ម៊ីត អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានសម្តែងក្តីកង្វល់អំពីការជំនុំជម្រះក្តីទ្រង់ទ្រាយធំមួយនេះ ដែលកើតមានទៅលើបុគ្គលមួយចំនួនជាប់ពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិ (CNRP)។
អ្នកស្រីថ្លែងថា៖ «ការជំនុំជម្រះក្តីទ្រង់ទ្រាយធំទៅលើសកម្មជនគណបក្សសង្គ្រោះជាតិទំនងជាកើតចេញពីហេតុផលនយោបាយ ខ្វះមូលដ្ឋានច្បាប់ច្បាស់លាស់ និងជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិនីតិវិធីត្រឹមត្រូវ ដែលបានបង្កើតឡើងយ៉ាងរឹងមាំ ដោយច្បាប់សិទ្ធិមនុស្សអន្តរជាតិ»។ អ្នកស្រីយល់ថាដំណើរការក្តីរបស់តុលាការទំនងជាផ្នែកមួយនៃយុទ្ធសាស្ត្រ បំភិតបំភ័យ និងបំបាក់មុខគូប្រជែងរបស់រដ្ឋាភិបាល។
បើតាមអ្នកស្រី ស្ម៊ីត លម្ហប្រជាពលរដ្ឋ និងប្រជាធិបតេយ្យនៅកម្ពុជាបានបន្តធ្លាក់ចុះ ហើយមានភ័ស្តុតាងតិចតួច ដែលបង្ហាញពីការបង្រួបបង្រួម និងការផ្សះផ្សានយោបាយ។ អ្នកស្រីថាចាប់ពីខែមិថុនា ឆ្នាំ ២០១៩ មក មនុស្សជាង ១៥០ នាក់ដែលមានទំនាក់ទំនងជាមួយគណបក្ស សង្គ្រោះជាតិត្រូវបានចាប់ខ្លួន និងឃុំខ្លួន ដោយភាគច្រើនប្រឈមនឹងការចោទប្រកាន់ពីបទរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាល និងញុះញង់។
ឆ្លើយតបការលើកឡើងបែបនេះលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងថា ការលើកឡើងបែបនេះត្រូវបានធ្វើឡើងច្រំដែលដោយគ្មានមូលដ្ឋានចំពោះវិធានការរបស់សមត្ថកិច្ច។ លោកថា សមត្ថកិច្ចមានមូលដ្ឋានផ្លូវច្បាប់រឹងមាំ និងច្បាស់លាស់ក្នុងដំណើរការនីតិវិធីតាមផ្លូវតុលាការលើជនជាប់ចោទ ដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ក្នុងការដាក់បន្ទុកតាមរយៈសក្ខីកម្ម និងភ័ស្តុតាងនានាជាច្រើន។
ចំពោះសំណុំរឿងដែលមានជនជាប់ចោទច្រើនលោកថា វាជារឿងធម្មតា ព្រោះសំណុំរឿងមួយចំនួនអាចមានអ្នកជាប់ពាក់ព័ន្ធច្រើនកាលណាវាជាសំណុំរឿងដែលមានអង្គការចាត់តាំងរៀបចំជាប្រព័ន្ធ។ សំណុំរឿងបែបនេះ អ្នកដែលជាប់ពាក់ព័ន្ធទាំងប៉ុន្មានត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ដូចៗគ្នា។ លោកលើកទឹកចិត្តឱ្យជនជាប់ចោទចូលរួមក្នុងនីតិវិធីរបស់តុលាការ។
លោក ម៉ាលីន ថ្លែងថា៖ «ដូច្នេះពួកគេគួរតែចូលរួមក្នុងដំណើរការនីតិវិធីតុលាការដើម្បីការពារខ្លួនតាមផ្លូវច្បាប់ជាជាងបដិសេធ និងគេចខ្លួន ហើយធ្វើការជួបជុំតវ៉ា ចោទប្រកាន់សមត្ថកិច្ច និងតុលាការដោយគ្មានមូលដ្ឋានដែលទាំងនេះមិនមែនជាមធ្យោបាយតាមផ្លូវច្បាប់ក្នុងការការពារខ្លួនឱ្យរួចពីបទចោទនោះទេ»៕