ភ្នំពេញៈ មនុស្ស​ប្រុស-ស្រី​ ២ ​នាក់​ ត្រូវបាន​នគរបាល​រាជធានី​ភ្នំពេញ​បញ្ជូន​ទៅ​តុលាការ​ពី​​ម្សិលមិញ ខណៈ​ ៤០ ​នាក់​ទៀត​ បញ្ជូនទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន បន្ទាប់ពី​សមត្ថកិច្ច​រកឃើញ​ពាក់ព័ន្ធ​ករណី​ជួញដូរ​​ និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុងចំណោម​មនុស្ស​ ៧០ ​នាក់ដែល​ត្រូវបាន​ឃាត់ខ្លួន​នៅ​ក្លិប​កម្សាន្ត​ឈ្មោះ​ផ្លាយ​កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​ ៩ ​កុម្ភៈ​ នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។


លោក ប៊ុន សត្យា ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ប្រាប់​កាលពី​ម្សិលមិញ​ថា ក្រោយពី​សាកសួរ​មនុស្ស​ ៧០ ​នាក់​ ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​គឺ​​មន្ត្រី​ជំនាញ​បាន​រកឃើញ​មាន​ ២ ​នាក់ ​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន និង​ ៤០ ​នាក់​ ជា​អ្នកប្រើប្រាស់​។ ​ចំណែក​ ២៨ ​នាក់​ទៀត​ មិន​ជាប់​ពាក់ព័ន្ធ​ទេ​។

លោក​បាន​ឲ្យ​ដឹងថា មនុស្ស​ ២ ​នាក់​ ដែល​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​នោះ ទី​១ ឈ្មោះ ឃាង ដារ៉ា ភេទ​ប្រុស អាយុ​ ២២ ​ឆ្នាំ​ រស់នៅ​ភូមិ​ក្តីចាស់ ឃុំ​ព្រែកហ្លួង ស្រុក​ខ្សាច់កណ្តាល និង​ទី​២ ឈ្មោះ រ័ត្ន ធានី ភេទ​ស្រី អាយុ​ ៣៧ ​ឆ្នាំ​ជា​មេការ​នៅ​មណ្ឌល​កម្សាន្ត​ក្លិបផ្លាយ​។

ចំណែក​ ៤០ ​នាក់​ ដែល​ប្រើប្រាស់​គ្រឿងញៀន​ត្រូវ​បាន​បញ្ជូនទៅ​​មណ្ឌល​បន្សាប​គ្រឿងញៀន ខណៈ ២៨ ​នាក់​ទៀត​ ត្រូវ​បាន​​អនុញ្ញាត​ឲ្យ​វិល​ទៅ​លំនៅឋាន​រៀងៗ​ខ្លួន​វិញ​។

លោក​បញ្ជាក់ថា​៖ «​អ្នក​ទាំង​ ៤២ ​នាក់​នោះ​ សមត្ថកិច្ច​ខ្ញុំ​បាន​បែងចែក​បញ្ជូនទៅ​តុលាការ​ក្រុងភ្នំពេញ​ ២ ​នាក់ និង​ទៅ​មណ្ឌល​បន្សាប​ ៤០ ​នាក់​ នៅ​ថ្ងៃនេះ (​ថ្ងៃ​ ១៣ ​កុម្ភៈ​) ក្រោយពី​បានបញ្ចប់​នីតិវិធី​សាកសួរ​»​។


យោងតាម​កំណត់ហេតុ​របស់​សមត្ថកិច្ច​បង្ហាញថា ប្រតិបត្តិការ​បង្ក្រាប​នេះ​ធ្វើឡើង​នៅ​ម៉ោងជាង​ ១ ​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​ ៩ ​កុម្ភៈ​ នៅ​មណ្ឌល​កម្សាន្ត​យីហោ​ឈ្មោះ​ ផ្លាយ តាម​ផ្លូវ​កែវចិន្តា ភូមិ​ ៣ សង្កាត់​ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​។ ​ក្នុង​នោះ​សមត្ថកិច្ច​ឃាត់​បាន​មនុស្ស​ ៧០ ​នាក់ និង​រកឃើញ​គ្រឿងញៀន​ក្រាម​ពណ៌​ស​ (​ខេតាមីន​) ​ចំនួន​ ១០១ ​កញ្ចប់ ថ្នាំ​គ្រាប់ពណ៌​ស្លែ​ចំនួន ៤៤ ​គ្រាប់ ថ្នាំ​គ្រាប់​ពណ៌​ត្រួយ​ចេក​ចំនួន​ ១៦ ​គ្រាប់ ជញ្ជីង​ថ្លឹង​ចំនួន​ ១ ម្សៅ​ពណ៌​ស​ថ្លា​ចំនួន​ ៣៥ ​កញ្ចប់​តូច និង​ឧបករណ៍​ប្រើប្រាស់​មួយ​​ចំនួន និង​ម៉ូតូ​ ៣៧ ​គ្រឿង ព្រម​ទាំង​រថយន្ត​ចំនួន​ ៧ ​គ្រឿង​ផង​។

បើតាម​កំណត់ហេតុ​ដដែល​ការបង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី ភ្នំពេញ​ដោយ​មាន​ការចូលរួម​ពី​សមត្ថកិច្ច​ចម្រុះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​អន្តរាគមន៍ និង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ផងដែរ​។

លោក សៀម សុត្ថាវុធ អធិការ​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​កាលពី​ថ្ងៃទី​ ១២ ខែកុម្ភៈ មិន​បាន​បញ្ជាក់បន្ថែម​ជុំវិញ​ការបង្ក្រាប​ក្លិប​កម្សាន្ត​ផ្លាយ​នេះ​ទេ​ដោយ​លោក​គ្រាន់តែ​បាន​បញ្ជាក់​ថា សមត្ថកិច្ច​របស់​លោក​បាន​ចូលរួម​សហការ ប៉ុន្តែ​ខាង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ជា​អ្នក​អនុវត្ត​ការងារ​នេះ​៕