បណ្តាញជនភៀស​ខ្លួន​អាស៊ី-ប៉ាស៊ីហ្វិក​ ស្នើ​កម្ពុជា​ជួយ​ការពារ​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា

Content image - Phnom Penh Post
ជន​ភៀសខ្លួន​ម៉ុង​តាញ៉ា​ ​ស្នាក់នៅ​ក្នុង​ផ្ទះ​មួយ​​នៅ​រាជធានី​ភ្នំពេញ កន្លងមក​។ ភ្នំពេញ ប៉ុសិ៍្ត

ភ្នំពេញៈ លោក​ Arash Borbar ប្រធាន​បណ្ដាញ​សិទ្ធិ​ជនភៀស​ខ្លួន​អាស៊ី​ប៉ាស៊ីហ្វិក​(APRRN) ដែលជា​បណ្ដាញ​របស់​បុគ្គល​និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន ​៤០០​ មកពី​ ២៩ ​ប្រទេស ​បាន​ផ្ញើ​លិខិត​ចំហ​មួយច្បាប់​ជូន​លោក​ ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​ស្នើឱ្យ​ជួយ​ការពារ​ជនជាតិ​ភាគតិច​ម៉ុង​តា​ញ៉ា ​ខណៈ​បណ្ដាញ​នេះ​ចាត់ទុក​ការចាប់​បញ្ជូន​ជនជាតិ​ម៉ុង​តា​ញ៉ា​ពី​កម្ពុជា​ទៅ​វៀតណាម​វិញ​ អាចបង្ក​ឲ្យ​ពួកគេ​ធ្លាក់​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​នៃ​ការ​រំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ។

លោក ​Arash Border បាន​ទទូច​ដល់​រដ្ឋាភិបាល​កម្ពុជា ​ឱ្យចូល​រួម​ជួយ​ការពារ​សិទ្ធិ​របស់​ជនភៀស​ខ្លួន​នៅប្រទេស​របស់​ខ្លួន​ ជាពិសេសក្រុម​ជនជាតិ​ដើម​ភាគតិច​ម៉ុង​តា​ញ៉ា​ ដែល​ភាគច្រើន​នៃ​ជនជាតិ​ទាំងនេះ​កំពុង​ប្រឈម​នឹង​ការធ្វើ​ទុក្ខ​បុកម្នេញ​យ៉ាងខ្លាំង​នៅ​ប្រទេស​ វៀតណាម។

លោក​ថា​ ការបន្ត​ចាប់បញ្ជូន​ជនជាតិ​ភាគតិច​ម៉ុង​តាញ៉ា​ដែលជា​ជនភៀស​ខ្លួន​ស្វែងរក​សិទ្ធិ​ជ្រកកោន​ ពី​ប្រទេស ​កម្ពុជា​ ត្រឡប់​ទៅកាន់​ប្រទេស​ វៀតណាម ​វិញ ​កំពុង​ក្លាយជា​ចំណោទ​មួយ​សម្រាប់​កម្ពុជា ​ដែលជា​ប្រទេស​បាន​ប្ដេជ្ញាចិត្ត​គោរព​តាមច្បាប់​ជាតិ​ និង​អន្តរជាតិ​ដើម្បី​ការពារ​ជនភៀស​ខ្លួន។ ​មានដូចជា​អនុក្រឹត្យ​លេខ ២២៤ ​កាលពី​ឆ្នាំ ២០០៩​ ស្ដីពី​ការទទួល​ស្គាល់​ជា​ជនភៀស​ខ្លួន​ឬ​ផ្ដល់​សិទ្ធិ​ជ្រកកោន​ទៅ​ជន​បរទេស​នៅ​កម្ពុជា​ និង​សន្ធិសញ្ញា​អន្តរ​ជាតិ​ចំនួន ២ ទៀត។

លោក​លើកឡើង​ក្នុង​លិខិត​ចំហនោះ​ថា​៖ «កម្ពុជា​គឺ​ភាគី​អនុសញ្ញា​ឆ្នាំ ១៩៥១ ​ដែល​ពាក់ព័ន្ធ​នឹង​លក្ខខណ្ឌ​របស់​ជនភៀសខ្លួន ​និង​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ប្រឆាំង​ការធ្វើ​ទារុណកម្ម។ ស្ថិតក្រោម​សន្ធិសញ្ញា​អន្តរជាតិ​ទាំង ២ នេះ​ កម្ពុជា​មាន​កាតព្វកិច្ច​ស្រប​ច្បាប់​យ៉ាងច្បាស់ ​ដើម្បី​មិន​បញ្ជូន​ជនណា​ម្នាក់​ត្រឡប់​ទៅកាន់​ប្រទេស​ ដែល​ប្រឈម​នឹង​ហានិភ័យ​រង​ការ​ធ្វើទុក្ខ​បុកម្នេញ​ និង​ការធ្វើ​ទារុណ​កម្ម។ ពួក​យើង​លើក​ទឹកចិត្ត​កម្ពុជា ​ប្រកាន់ខ្ជាប់​កាតព្វកិច្ច​ទាំង​នេះ»។

ការស្នើសុំ​នេះ​ធ្វើ​ឡើង ​បន្ទាប់ពី​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​កាលពី​ពាក់កណ្ដាល​ខែ មិថុនា​ ឆ្នាំ ២០១៩ នេះបាន​បញ្ជូន​ជនជាតិ​ម៉ុងតាញ៉ា​ចំនួន​ ៤ នាក់ ​ត្រឡប់​ទៅ​កាន់​ប្រទេស​ វៀតណាម​ វិញ។ ​ករណីនេះ​ កំពុង​ធ្វើឱ្យ​ជនជាតិ​ម៉ុង​តា​ញ៉ា​ជាច្រើន​នាក់​ទៀត បារម្ភ​និង​ភ័យ​ខ្លាច​អំពី​ការចាប់​បញ្ជូន​ដូចគ្នា ​ព្រោះ​ការចាប់​បញ្ជូន​នោះ ​នឹងធ្វើ​ឱ្យ​ពួកគេ​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​នៃ​ការរំលោភ​សិទ្ធិ​ជា​មូលដ្ឋាន​ធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស ​វៀតណាម។

អ្នកឃ្លាំង​មើល​សិទ្ធិមនុស្ស​​ធ្លាប់​លើកឡើងថា​ ជនជាតិ​ម៉ុង​តា​ញ៉ា​នៅ​ប្រទេស ​វៀតណាម ​ប្រឈម​នឹង​ការបំភិត​បំភ័យ​ ការវាយដំ ​ការចាប់ខ្លួន​តាម​អំពើ​ចិត្ត​ ការពន្យា​រពេល​ឃុំឃាំង ​និង​ការ​រឹតត្បិត​ជំនឿ​សាសនា ​ខណៈ​មួយចំនួន​ទៀត ​ដែល​ត្រូវ​ចាប់បញ្ជូន​ពី​កម្ពុជា​ទៅ​វៀតណាម​វិញ ​បាន​បាត់​ខ្លួន​ទាំង​គ្មាន​ដំណឹង​ជាដើម។

ភ្នំពេញ​ ប៉ុស្ដិ៍ ​មិនទាន់​អាច​សុំ​ការឆ្លើយ​​តប​ពី​លោក តាន់ សុខវិជ្ជា ​ប្រធាន​នាយក​ដ្ឋាន​ជនភៀសខ្លួន​នៅឡើយ​ទេ ​ដោយសារ​លេខ​ទូរស័ព្ទ​របស់​លោក​មិនអាច​ទាក់ទង​បាន ​ខណៈ​លោក​ កែវ វណ្ណ​ថន​ អគ្គ​នាយក​រង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ​ក៏​មិនអាច​សុំ​ការលើក​ឡើង​ទាក់ទងនឹង​បញ្ហានេះ​បានដែរ ​ដោយ​ជំនួយការ​លោក​បាន​បញ្ជាក់ថា ​លោក​រវល់​ប្រជុំ។

ប៉ុន្តែ​លោក ​ផៃ ស៊ី​ផាន ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថ្លែងថា ​មូល​ហេតុដែល​កម្ពុជា​ត្រូវ​ចាប់បញ្ជូន​ជនជាតិ​ម៉ុង​តាញ៉ា​ទៅកាន់​ប្រទេស​ វៀតណាម ​វិញ ​ដោយសារ​រដ្ឋធម្ម​នុញ្ញ ​មិន​អនុញ្ញាតឱ្យ​កម្ពុជា​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ណាមួយ​ឡើយ។ ​

លោក​អះអាង​ថា​ ជនជាតិ​ម៉ុងតា​ញ៉ា​នេះ​ គឺជា​ជនជាតិ​ដើម​ដែល​រស់នៅតាម​ជើងភ្នំ​ ហើយ​ត្រូវបាន​ប្រើប្រាស់​ដោយ​សហរដ្ឋអាមេរិក ​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​កុម្មុយ​នីស្ដ​បច្ចុប្បន្ន​របស់​ប្រទេស ​វៀតណាម ​ហើយ​ការរត់​ភៀសខ្លួន​របស់​ពួកគេមិនមែន​ដោយសារ​បញ្ហា​រឹតត្បិត​ខាង​សេដ្ឋកិច្ច​ឬ​សិទ្ធិ​សេរីភាព​ឡើយ ​ប៉ុន្តែ​ដោយសារ​ពួកគេ​ជា​កូនអុក​នយោបាយ​របស់​សហរដ្ឋ​អាមេរិក។

លោក​បន្ថែមថា​៖ «កម្ពុជា​មិនមែនជា​ប្រទេស​ទី ២ ​ឬ​ទី ៣ ​សម្រាប់​អ្នកណា​ឡើយ ​ហើយ​ការ​ភៀសខ្លួន​ហ្នឹង​វា​ប៉ះពាល់​ដល់​ច្បាប់​របស់កម្ពុជា​ ដែល​កម្រិត​មិនឱ្យ​កម្ពុជា​លូកលាន់​ផ្ទៃក្នុង​របស់​ប្រទេស​ជិតខាង ​ហើយ​អានេះ​គឺជា​បញ្ហា​សន្ដិសុខ​របស់​កម្ពុជា​ ហើយ​ជនភៀសខ្លួន​គឺជា​ការទទួល​ខុសត្រូវ​របស់​អង្គការ​សហ​ប្រជាជាតិ»។

ប៉ុន្តែ​លោក ​អំ សំអាត ​និយាយថា​ កម្ពុជា​បានសម្រេច​ទទួល​យកស​ន្ធិ​សញ្ញា​ស្ដី​ពីជន​ភៀស​របស់​អង្គការ​សហប្រជាជាតិ ​ដូច្នេះ​​កម្ពុជា​មាន​កាតព្វកិច្ច​ដើម្បី​អនុវត្តតាម។ លោក​បន្ថែម​ថា ​ការរត់​ភៀសខ្លួន​របស់​ជនជាតិ​ម៉ុង​តាញ៉ា​ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​ទៅកាន់​ប្រទេស​ទី៣​ អាច​ដោយសារ​ពួកគេ​ជួប​ការលំបាក​ក្នុងការ​រស់នៅ ក្នុង​ប្រទេស​កំណើត។

លោក​បន្តថា​៖ «ហើយ​ប្រសិនបើ​យើង​បញ្ជូន​ពួកគាត់​ទៅវិញ ​អាហ្នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ពួកគាត់»៕