បណ្តាញ​សុវត្ថិភាព​​ចរាចរណ៍ បង្កើត​ក្រុម​ការងារ​ដោះស្រាយ​បញ្ហា​ចរាចរណ៍

Content image - Phnom Penh Post
គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃទី​ ១៨ ខែកញ្ញា ឆ្នាំ​ ២០២០​។ រូបថត នគរបាល

ភ្នំពេញៈ បណ្តាញ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​បច្ចេកទេស​ចំនួន​ ៧ ​ក្រុម ដើម្បី​ធ្វើការ​ជាមួយ​ស្ថាប័ន​រាជរដ្ឋាភិបាល និង​ដៃគូ​ពាក់ព័ន្ធ​ក្នុង​ការជំរុញ​ការងារ​ដោះស្រាយ​លើ​បញ្ហា​ប្រឈម​អំពី​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យទទួល​បាន​ជោគជ័យ​ខណៈ​ក្នុង​រយៈពេល​ ៩ ​ខែ​ឆ្នាំ​ ២០២០ ​នេះ​មាន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ១ ២៥៧ ​នាក់​។

លោក​ គឹម បញ្ញា ​នាយក​ប្រចាំ​ប្រទេស​កម្ពុជា​នៃ AIP Foundation ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ការបង្កើត​ក្រុមការងារ​នេះ​ឡើង​ដោយ​ផ្អែក​ទៅលើ​អនុសាសន៍​ដែល​កើត​ចេញ​ពី​សន្និសីទ​ប្រចាំឆ្នាំ​របស់​បណ្តាញ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា​លើក​ទី​ ១ កាលពី​ខែធ្នូ ឆ្នាំ​ ២០១៨ និង​សន្និសីទ​លើក​ទី​ ២ នៅ​ថ្ងៃទី​ ៤-៥ ខែកញ្ញា​ឆ្នាំ​ ២០១៩​។ គោលដៅ​ធំ​បំផុត​នៃ​ការបង្កើត​ក្រុមការងារ​បច្ចេកទេស​នេះ​គឺ​ដើម្បី​បន្ត​កាត់បន្ថយ​ចំនួន​អ្នកស្លាប់​ និង​អ្នក​រងរបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​​ឱ្យបាន​កាន់តែ​ច្រើន និង​មាន​និរន្តរភាព​។

លោក​ថ្លែងថា​៖ «​យើង​មិន​ចង់​ឃើញថា នៅ​ឆ្នាំ​ ២០២០ ចំនួន​អ្នកស្លាប់​មាន​ការថយចុះ​ប៉ុន្ដែ​នៅ​ឆ្នាំ ២០២១ បែរ​ជាមាន​ចំនួន​អ្នកស្លាប់​កើនឡើង​ព្រោះ​មិន​មាន​វិធានការ​សមស្រប​នោះទេ​»​។

លោក​ឱ្យដឹងថា ក្រុមការងារ​ទាំង​ ៧ ​នោះ​រួមមាន​ ១ ​ក្រុម​ការងារ​ជំរុញ​សុវត្ថិភាព​យានយន្ត​ដឹកជញ្ជូន​កម្មករនិយោជិត​។ ២ ក្រុមការងារ​ពង្រឹង​ការផ្សព្វផ្សាយ​អប់រំ​បង្កើត​កម្មវិធីសិក្សា​ និង​បង្កើត​ និង​អនុវត្ត​គោលនយោបាយ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​កន្លែង​ការងារ​។ ៣ ក្រុម​ការងារ​បង្កើន​ការផ្តល់​មួកសុវត្ថិភាព និង​មួកសុវត្ថិភាព​ដែលមាន​ស្តង់ដា​។ ៤ ក្រុមការងារ​ជំរុញ​ការបង្រៀន​អំពី​បច្ចេកទេស​ការបើកបរ​ម៉ូតូ​។ ៥ ក្រុមការងារ​ជំរុញ​គោលនយោបាយ និង​ការគ្រប់គ្រង​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​។ ៦ ក្រុមការងារ​គាំទ្រ​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ប្រកប​ដោយ​ប្រសិទ្ធភាព​។ ចំណែក​ក្រុមទី​ ៧ គឺជា​ក្រុមការងារ​លើក​កម្ពស់​សុវត្ថិភាព​ក្នុង​ការធ្វើ​ដំណើរ​ជាមួយ​រថយន្ត​ធុន​ធំ​ និង​រថយន្ត​ដឹកជញ្ជូន​។

បើតាម​លោក គឹម បញ្ញា តាមរយៈ​កិច្ចប្រជុំ​ប្រចាំ​ត្រីមាស​របស់​បណ្តាញ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​ ១ កាលពី​ថ្ងៃទី​ ២៧ ខែ​តុលា បានសម្រេច​ថា ក្រុមការងារ​ទាំង ៧ ​ក្រុម​នេះ​នឹង​អាចមាន​សហប្រធាន​ចាប់ពី ២-៣ ​រូប​។ នៅក្នុង​នោះ ១ ​រូប​មកពី​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី ឬក៏​អង្គការ​សម្ព័ន្ធ​ដើម្បី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។

កិច្ចប្រជុំ​ក៏បាន​សម្រេច​ឱ្យមាន​អ្នកតំណាង​មកពី​ក្រុមហ៊ុន អង្គការ​ ឬ​ក៏​អ្នក​ដែលមាន​ចំណាប់អារម្មណ៍​ហើយ​មាន​លក្ខណ​សម្បត្ដិ​សមស្រប​ក្នុង​ការដឹកនាំ​ក្រុមការងារ​នេះ​ឱ្យ​មាន​សម្ទុះ​សកម្មភាព​សកម្ម​ និង​មាន​ប្រសិទ្ធភាព​ទៅមុខ​ចាប់ពី​ ១-២ ​រូប​ផងដែរ គឺ​អាស្រ័យ​លើ​ការចាំបាច់​។ ចំណែក​សមាជិក​ក្រុម​ការងារ​នីមួយៗ​នៃ​ក្រុមការងារ​ទាំង​ ៧ ​នេះ​អាច​មាន​ចន្លោះ​ពី ៥ ​ទៅ​ ៩ ​រូប​។

លោក គឹម បញ្ញា បញ្ជាក់ថា​៖ «​ក្រុមការងារ​នេះ​ពិតមែន​តែ​ជា​ក្រុមការងារ​ពី​ខាង​អង្គការ ឬ​ក្រុមហ៊ុន​មិនមែន​រដ្ឋាភិបាល ប៉ុន្តែ​ការងារ​របស់​យើង​គឺ​យើង​នឹង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​ស្ថាប័ន​រាជរដ្ឋាភិបាល និង​ដៃគូ​ពាក់ព័ន្ធ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ទាំង​ផ្នែក​រដ្ឋ​ និង​មិនមែន​រដ្ឋ ដើម្បី​ធ្វើ​ម៉េច​យើង​ជំរុញ ការងារ​ការដោះស្រាយ​លើ​បញ្ហា​ប្រឈម​អំពី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ឱ្យទទួល​បាន​ជោគជ័យ​»​។

លោក​ ថី វិសាល ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សាទរ​ចំពោះ​ការបង្កើត​ក្រុមការងារ​បច្ចេកទេស​របស់​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការដោះស្រាយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​នេះ​។ លោក​ថ្លែងថា​៖ «​កិច្ចការងារ​នេះ​ល្អ​ណាស់ ព្រោះ​នៅក្នុង​ផែនការ​យុទ្ធសាស្ដ្រ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ក៏បាន​លើកឡើង​ពី​ការចូលរួម​សហការ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​វិស័យ​ឯកជន​នានា​នេះដែរ ក្នុង​ការចូលរួម​ចំណែក​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​»​។

យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បង្ហាញ​ថា ក្នុង​រយៈពេល ៩ ​ខែ ឆ្នាំ​ ២០២០ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បាន​កើតឡើង​ចំនួន ២ ៤៣០ លើក​បណ្តាល​ឱ្យ​មាន​អ្នកស្លាប់ ១ ២៥៧ ​នាក់ របួសធ្ងន់ ​២ ២៦៥ នាក់ របួសស្រាល ១ ៤០១ នាក់ និង​មិន​ពាក់មួក​សុវត្ថិភាព​ពេល​មាន​គ្រោះថ្នាក់​ចំនួន ២ ៥៤៣ នាក់​។

បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នឹង​ឆ្នាំ​ ២០១៩ ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​មាន​ការថយចុះ​ចំនួន ៧២៧ លើក អ្នកស្លាប់​ថយចុះ ២៦៦ នាក់ របួសធ្ងន់​ថយចុះ ៧៥៥ ​នាក់ របួសស្រាល​ថយ ២៩៣ ​នាក់ និង​មិន​ពាក់មួក​សុវត្ថិភាព​ពេល​មាន​គ្រោះថ្នាក់​ថយចុះ ៥៤៤ ​នាក់​៕

ព័ត៌មានថ្មីៗ