ភ្នំពេញៈ បទល្មើស​នេសាទ​ក្នុង​រយៈពេល​ ៣ ​ខែ​ដើមឆ្នាំ​ ២០២០ ​នេះ​មាន​ការថយចុះ​ចំនួន​ ៨៨ ​ករណី បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈ​រដ្ឋបាល​ជលផល​បង្ក្រាប​បាន​ ៥៩៩ ​ករណី​ក្នុង​នោះ​បទល្មើស​នេសាទ​សមុទ្រ​ចំនួន ៤២ ​ករណី និង​មាន​ទាំង​ការចាត់វិធានការ​ផ្លូវច្បាប់​ដល់​អ្នកប្រព្រឹត្ត​ផងដែរ​។ នេះ​បើ​តាម​របាយការណ៍​របស់​រដ្ឋបាល​ជលផល​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ម្សិលមិញ​។


រដ្ឋបាល​ជលផល​បាន​បញ្ជាក់​ក្នុង​របាយការណ៍​នោះ​ថា​៖ «​ក្នុងចំណោម​បទល្មើស​ទាំង​ ៥៩៩ ​ករណី​នោះ​មាន​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចំនួន​ ២៩ ​ករណី​ ក្នុង​នោះ​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ចំនួន​ ៤៤​ នាក់​ ហើយ​មាន​ម្នាក់​បាន​ជាប់​ពន្ធនាគារ​។ ​ចំណែក​ការប្រព្រឹត្ត​បទល្មើស ៣៨ ​ករណី​ផ្សេងទៀត​ ត្រូវបាន​ផាកពិន័យ​អន្តរកាល​ដែល​គិត​ជា​​ទឹកប្រាក់​សរុប​ចំនួន ៩០ ៦៦២ ០០០ ​រៀល​»​។

បើតាម​របាយការណ៍​នេះ​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ជលផល​រយៈពេល​ ៣ ​ខែ​ដើម​ឆ្នាំនេះ សមត្ថកិច្ច​បាន​រុះរើ និង​កម្ទេចចោល​នូវ​វត្ថុតាង​មួយចំនួន​រួមមាន​របាំង​ស្បៃមុង និង​សាច់អួន​ប្រវែង​ ១៨១ ៥២៨ ​ម៉ែត្រ​,​ លូស្បៃមុង និង​សាច់​អួន​ចំនួន ៣ ០២២ ​មាត់​,​ បង្គោល ឬ​ចម្រឹង​ ៨៨ ២០៤ ​ដើម​,​ សម្រាស់​ទំហំ ២៥ ៩៤៨ ​ម៉ែត្រក្រឡា​, លប​កន្ទុយ​កណ្តុរ​ ៥៥៦ ​គ្រឿង និង​ឧបករណ៍​ឆក់​ត្រី​ចំនួន​ ១៤៣ ​គ្រឿង​។ ​ជាមួយ​​គ្នា​នេះ​សមត្ថកិច្ច​ជលផល​ក៏បាន​លែង​ត្រី​ចម្រុះ​ដែល​រឹបអូស​បាន​ពី​​បទល្មើស​ចំនួន ១១ ០៨៧ គីឡូក្រាម​ចូល​ទៅក្នុង​បឹង​ធម្មជាតិ​វិញ​ផងដែរ ។

លោក ម៉េង សុផៃ អនុប្រធាន​នាយកដ្ឋាន​រដ្ឋបាល​នៃ​រដ្ឋបាល​ជលផល​បាន​ថ្លែងថា ទោះ​ជា​​មាន​ការបង្ក្រាប​ចាប់​ផាកពិន័យ​ និង​បញ្ជូន​ទៅ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​ក្ដី​ក៏​បទល្មើស​នេសាទ​នៅតែ​កើត​មាន​ស្ទើរ​គ្រប់​ទីកន្លែង​។


លោក​បាន​បញ្ជាក់ថា​៖ «​តាម​ការកត់សម្គាល់​របស់​រដ្ឋបាល​ជលផល ជនប្រព្រឹត្ត​បទល្មើស​នេសាទ​មួយចំនួន​ត្រូវបាន​មន្ត្រីរដ្ឋបាល​ជលផល​ឃាត់ខ្លួន​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ជាច្រើន​ដង​មកហើយ ប៉ុន្តែ​ពួកគេ​នៅតែ​មិន​រាងចាល​។ មាន​ជនល្មើស​ខ្លះ​បាន​យក​បញ្ហា​ជីវភាព​ក្នុង​គ្រួសារ​ក្រីក្រ​ជា​លេស ដើម្បី​ទទួលបាន​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ជួយ​ដោះស្រាយ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​ច្បាប់​។


ហេតុ​ទាំងនេះ​ហើយ​ទើប​បទល្មើស​​ជលផល​នៅតែ​បន្ត​កើតមាន​»​។

លោក​បាន​បន្តថា​ជាមួយ​គ្នា​នេះ​រដ្ឋបាល​ជលផល​បាន​ជំរុញ​​ឲ្យ​សង្កាត់ ខណ្ឌ​រដ្ឋបាល​ជលផល និង​អធិការដ្ឋាន​រដ្ឋបាល​ជលផល​បន្ត​ពង្រឹង​ការអនុវត្ត​​ច្បាប់​ស្តីពី​ជលផល​ឲ្យ​បាន​តឹងរ៉ឹង​បំផុត និង​បន្ត​ចុះ​ផ្សព្វផ្សាយ​ដល់​សហគមន៍​នេសាទ​ឲ្យ​ចេះ​​ទទួល​ខុសត្រូវ​គ្រប់គ្រង​ធនធាន​ជលផល​ក្នុង​សហគមន៍​ដើម្បី​ធានា​ឲ្យ​ «​សហគមន៍​នេសាទ​គ្មាន​​បទល្មើស​ជលផល​»​។ ជាពិសេស​ត្រូវ​ពង្រឹង​កិច្ចសហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី-ខេត្ត ដើម្បី​ទប់ស្កាត់​បទល្មើស​ជលផល​។

ពាក់ព័ន្ធ​ការងារ​បង្ក្រាប​បទល្មើស​ជលផល​នេះដែរ​លោក សូរ ប្លាតុង អភិបាលស្រុក​ប្រាសាទ​បាគង​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា កាលពី​ថ្ងៃទី​ ៤ ខែមេសា​ថ្មីៗ​នេះ​លោក​បាន​ដឹកនាំ​សមត្ថកិច្ច​ចម្រុះ​ចុះ​ល្បាត​បទល្មើស​នេសាទ​នៅ​ព្រំប្រទល់​ឃុំ​កំពង់ភ្លុក ស្រុក​ប្រាសាទ​បាគង និង​ឃុំ​កំពង់ឃ្លាំង ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប ហើយ​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​​ប្រព្រឹត្ត​បទល្មើស​នេសាទ​ ៥ ​នាក់​រួមទាំង​ដកហូត​វត្ថុតាង​កាណូតស្មាច់​ ៤ ​គ្រឿង និង​អួន យ៉ាំងកាវ ​ប្រវែង​ ៣៧ ​ម៉ែត្រ និង​មាន​ជម្រៅ​ ២ ​ម៉ែត្រ និង​ដុំ​ឆក់​ត្រជាក់​ចំនួន​ ១ ​គ្រឿង​។

លោក​ ប្លាតុង បន្ត​ថា​ក្រោយពី​ឃាត់ខ្លួន​សមត្ថកិច្ច​របស់​លោក​បាន​បញ្ជូន​ជនល្មើស និង​វត្ថុតាង​​ទៅ​ឲ្យ​មន្ត្រី​ជំនាញ​សង្កាត់រដ្ឋបាល​​ជលផល​ប្រាសាទ​បាគង​ដើម្បី​ចាត់វិធានការ​បន្ត​តាមច្បាប់​។

លោក​ថា​៖ «​កន្លងមក​ពួកគេ​​ធ្លាប់​ត្រូវបាន​សមត្ថកិច្ច​យើង​​ឃាត់ខ្លួន​អប់រំ​ណែនាំ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការប្រព្រឹត្ត​បទល្មើស​​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ឆក់ និង​ឧបករណ៍​នេសាទ​ខុសច្បាប់​ចំនួន​ ២ ​លើក​មកហើយ​»​។

លោក​ ហ៊ុល សាវួន នាយ​សង្កាត់រដ្ឋបាល​ជលផល​កំពង់ភ្លុក​នៃ​ស្រុក​ប្រាសាទបាគង​បាន​ថ្លែងថា ករណី​ជនល្មើស​ជាតិ​វៀតណាម​ ៥ ​នាក់​នោះ ត្រូវបាន​ក្រុម​ការងារ​របស់​លោក​កសាង​សំណុំ​រឿង​ចោទប្រកាន់​ពីបទ​ «​នេសាទ​ត្រី​ដោយ​ប្រើ​ឧបករណ៍​ឆក់​» ​និង​បាន​បញ្ជូន​ពួកគេ​ជាមួយ​វត្ថុតាង​ទៅ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​សៀមរាប ដើម្បី​ចំណាត់ការ​បញ្ជូន​បន្ត​ទៅ​តុលាការ​។

ទោះជា​យ៉ាងណាក្ដី​លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​សៀមរាប​បាន​អះអាង​ថា ក្រុម​ជនសង្ស័យ​ទាំងនោះ​មិន​ត្រូវបាន​បញ្ជូនមក​តុលាការ​ទេ​។ លោក​បាន​បញ្ជាក់ថា​៖ «​តាម​ការសាកសួរ ជនសង្ស័យ​ទាំងនោះ​បាន​យល់ព្រម​ទទួល​ការបង់​ផាក​ពិន័យ​តាម​ច្បាប់​ជលផល​»៕