ព្រះសីហនុៈ យ៉ាងហោចណាស់​មាន​លំនៅឋាន​របស់​ពលរដ្ឋ​ប្រមាណ​ជាង​ ៩០០ ​ខ្នង​ បាន​រង​ការខូចខាត​ដោយសារ​ខ្យល់​សរទរដូវ​បាន​បក់បោក​យ៉ាងខ្លាំង​ចាប់តាំងពី​យប់​ថ្ងៃ​អង្គារ​ដល់​រសៀល​ថ្ងៃ​ពុធ ទៅលើ​ភូមិសាស្ត្រ​ឃុំ​ចំនួន​ ៣ ក្នុងស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ នេះ​បើតាម​មន្ត្រី​មូលដ្ឋាន​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។


អ្នកស្រី វាល់ចន្ទ វល័ក្ខ នាយិកា​រដ្ឋបាល​ស្រុក​ព្រៃនប់​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា ជាមួយ​អាកាសធាតុ​ត្រជាក់ រដូវរំហើយ បាន​នាំមក​នូវ​ខ្យល់​បក់បោក​ខ្លាំង​គួរ​ឲ្យ​ព្រួយ​កង្វល់​ផងដែរ​​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ឃុំ​សាមគ្គី ឃុំ​ទឹកល្អក់ និង​ឃុំ​ទឹកថ្លា​ក្នុង​ស្រុក​ព្រៃនប់​។ ជាក់ស្ដែង​ក្នុង​រយៈពេល​ ២ ​ថ្ងៃ​កន្លង​មក​នេះ​មាន​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ ៩០៩ ​ខ្នង​ នៅក្នុង​ឃុំ​ទាំង​ ៣ បាន​រង​ការខូចខាត​ដោយ​ប៉ើងរបើក​ដំបូល ហើយ​មាន​ផ្ទះ​ខ្លះ​បាន​ដួលរលំ​បាក់​រាប​ដល់​ដី ប៉ុន្តែ​ពុំមាន​​រងរបួស​ ឬ​ស្លាប់​នោះទេ​។

អ្នកស្រី​បាន​ថ្លែងថា​៖ «​នៅពេល​នេះ​កម្លាំង​សមត្ថកិច្ច​យើង​កំពុង​ចុះជួយ​អន្តរាគមន៍​ជួសជុលផ្ទះ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​។ ជាមួយ​គ្នា​នេះ​មន្ត្រី​ជំនាញ​បាន​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ពី​​វិធី​បង្ការ​ការពារ​លំនៅឋាន​ពី​ការបក់បោក​ដោយ​ខ្យល់​រដូវ​នេះ​ដល់​អ្នកភូមិ​ក្នុង​តំបន់​រងគ្រោះ​ទាំងនោះ​ផងដែរ​»​។

បើ​តាម​អ្នកស្រី វល័ក្ខ វិធាន​បង្ការ​ការពារ​ផ្ទះ​ពី​ខ្យល់​រដូវ​បក់បោក​ដែល​មន្ត្រី​ជំនាញ​បាន​ណែនាំ​ដល់​អ្នកភូមិ​​នៅក្នុង​តំបន់​ងាយ​រងគ្រោះ​ទាំងនោះ​រួមមាន ការរៀបចំ​យក​ខ្សែលួស​ ឬ​ខ្សែ​នីឡុង​មក​ចងរឹត​ដំបូលផ្ទះ បោះស្នឹង​ ឬ​ដាំ​បង្គោល​ទាញ​ខ្សែ​ចងរឹត​ផ្ទះ​ឲ្យ​បាន​រឹងមាំ​។

ទាក់ទង​នឹង​បញ្ហា​នេះ​លោក ហាក់ សាន់ មេឃុំ​ទឹកល្អក់​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ជា​រៀងរាល់​ឆ្នាំ​ក្នុង​រដូវរំហើយ​គឺ​ខ្យល់​សមុទ្រ​តែង​បាន​បក់​មក​ផ្ទប់​ខ្នងភ្នំ​កំចាយ និង​ភ្នំបូកគោ ហើយ​ច្រាន​ត្រឡប់​មក​វិញ​បង្ក​ទៅជា​ខ្យល់​កន្ត្រាក់​វាយ​បក់បោក​លើ​ផ្ទះ និង​ផលដំណាំ​ពលរដ្ឋ​នៅក្នុង​ឃុំ​​របស់គាត់ និង​ឃុំ​មួយ​ចំនួន​ទៀត​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៣​។


លោក​ សាន់ បាន​បញ្ជាក់ថា​៖ «​បាតុភូត​ខ្យល់​កន្ត្រាក់​ដែល​បក់​ច្រាន​ពី​ខ្នងភ្នំ​ទាំង​ ២ ​ខាងលើនេះ​បាន​បង្ក​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ ៧ ​ខ្នង​ ដួលរលំ​បាក់​រាប​ដល់​ដី និង​ ៣១៦ ​ខ្នង​ទៀត រង​ការខូចខាត​ដោយ​ប៉ើង​របើក​ដំបូល​។ ​ប៉ុន្តែ​មិន​បង្ក​គ្រោះថ្នាក់​ ឬ​ស្លាប់​ពលរដ្ឋ​ណា​ម្នាក់​នោះទេ​»​។

បើតាម​ការកត់សម្គាល់​របស់​លោក​ សាន់ បាតុភូត​ខ្យល់​បក់​ច្រាន​ពី​ខ្នង​ភ្នំ​កំចាយ និង​បូកគោ​នេះ​បាន​កើតឡើង​ជា​រៀងរាល់ឆ្នាំ​ក្នុង​ចន្លោះ​ខែធ្នូ និង​មករា​។

កាលពី​ព្រឹក​ម្សិលមិញ​នៅ​ខេត្ត​ព្រះសីហនុ​មាន​សីតុណ្ហភាព​អប្បបរមា​ ២១ ​អង្សាសេ និង​មាន​ខ្យល់​បក់​ខ្លាំង​​នៅពេល​យប់​។ នេះ​បើ​លោក ហេងសុភណ្ឌរិទ្ធ ប្រធាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្ត​ព្រះសីហនុ​។

លោក សុភណ្ឌរិទ្ធ បាន​បន្តថា ជាធម្មតា​នៅក្នុង​រដូវរំហើយ​អាកាសធាតុ​ក្នុង​តំបន់ឆ្នេរ​មាន​ការចុះ​ត្រជាក់​បន្តិចបន្តួច​ប៉ុណ្ណោះ ប៉ុន្តែ​ផ្ទៃមេឃ​ស្រឡះ​ល្អ​ដែល​អាច​ឲ្យ​អ្នក​និយម​ដើរ​កម្សាន្ត​​តាម​តំបន់ឆ្នេរ និង​តាម​ប្រជុំ​កោះ​នានា​រៀបចំ​ពេលវេលា​មក​លម្ហែ​កាយ​ជាមួយ​ក្រុម​គ្រួសារ​បាន​យ៉ាង​រីករាយ​។

ជុំវិញ​ករណី​ខ្យល់​កន្ត្រាក់​នេះ​លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា​រយៈពេល​ ១១ ​ខែ ក្នុងឆ្នាំនេះ​បាតុភូត​ខ្យល់កន្ត្រាក់​បាន​បង្ក​ឲ្យ​ស្លាប់​មនុស្ស​​ ៨ ​នាក់​ និង​ ១៣១ ​នាក់​ទៀត​រងរបួស​។

រីឯ​ផ្ទះ​ពលរដ្ឋ​ចំនួន ១ ៦៣៨ ​ខ្នង​ ត្រូវបាន​បំផ្លាញ​ទាំងស្រុង ខណៈ​ផ្ទះ​ចំនួន​ ១៣ ៦០០ ​ខ្នង​ទៀត​​ បាន​ប៉ើង​របើក​ដំបូល​។ ​ក្រៅពីនោះ​បាន​បង្ក​ការ​ខូចខាត​ដំបូល​សាលារៀន និង​ទីចាត់ការ​សាលា​ចំនួន​ ៩៣ ​អគារ និង​ប៉ះពាល់​អគារ​រដ្ឋបាល​សាធារណៈ​រួមមាន​ប៉ុស្តិ៍នគរបាល មន្ទីរពេទ្យ និង​វត្តអារាម​សរុប ៣៩ ​អគារ​ផង​ដែរ​៕