សៀម រាបៈបុរសជនជាតិចិន២នាក់ដែលលួចការបូបលុយពីស្រ្តីម្នាក់ខណៈកំពុងដើរទិញម្ហបនៅផ្សារដំដែកស្រុកសូទ្រនិគមត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបនៅរសៀលម្សិលមិញបន្ទាប់ពីឃាត់ខ្លួនកាលពីថ្ងៃទី១៨សីហា។
លោក តូច សុគន្ធ ប្រធានការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីបានប្រាប់កាលពីម្សិលមិញថាបុរសជនជាតិចិន២នាក់នោះឈ្មោះLUO BINអាយុ៤៤ឆ្នាំនិងឈ្មោះLUO GONGGHENGអាយុ៥១ឆ្នាំពួកគេគ្មានមុខរបរពិតប្រកដទេ។
លោកថ្លែងថា៖«ជនសង្ស័យទាំង២នាក់នោះខាងខ្ញុំបានបញ្ចប់នីតិវិធីស៊ើបសួរហើយហើយបានកសាងសំណុំរឿងបញ្ជូនពួកគេទៅតុលាការបន្តទៀត។ករណីលួចទ្រព្យសម្បត្តិនេះខ្ញុំមិនដឹងថាតុលាការលោកចាត់ការយ៉ាងណាទេតែនោះគឺជាឆន្ទានុសិទ្ធិរបស់តុលាការ»។
លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលស្រុកសូទ្រនិគមបានរំឭកប្រាប់តាមសាក្សីថាមុនកើតហេតុនៅថ្ងៃទី១៨សីហា ស្រ្តីជាម្ចាស់កាបូបលុយឈ្មោះ យឹម ចន្ថា ហៅស្រីអាយុ៥៦ឆ្នាំបានទៅទិញអីវ៉ាន់នៅផ្សារដំដែកនៅក្នុងភូមិផ្សារដំដែក ឃុំដំដែក ស្រុកសូទ្រនិគម ។
លោកបន្តថា នៅពេលស្រ្តីរងគ្រោះកំពុងស្លុងអារម្មណ៍សួរតថ្លៃទំនិញនិងដាក់កាបូបលុយក្បែរខ្លួនស្រាប់តែបុរសចិនម្នាក់ក្នុងចំណោម២នាក់បានលូកដៃយកកាបូបលុយតែពេលនោះស្រ្តីរងគ្រោះចាប់ទាញមកវិញតែជនសង្ស័យមិនព្រមលែងក៏មានការប្រទាញគ្នាធ្វើឲ្យស្រ្តីជាម្ចាស់កាបូបលុយស្រែកទើបជនសង្ស័យរត់។
លោក សា រ៉ាក់ ប្រាប់ទៀតថាពេលមនុស្សក្នុងផ្សារឆោឡោដេញតាមចាប់ជនសង្ស័យបានព្យាយាមរត់សំដៅទៅគ្នីគ្នាគាត់ម្នាក់ទៀតដែលកំពុងបញ្ឆេះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស់រីវ៉ូស៊េរី១៩៩៩ពណ៌ខ្មៅស្លាកលេខភ្នំពេញ1X2046ចាំដើម្បីជិះគេចខ្លួនប៉ុន្តែរត់មិនរួចក៏ត្រូវអ្នកដេញតាមនោះចាប់បានទាំង២នាក់៕