ភ្នំពេញៈ បុរសជនជាតិចិនតៃវ៉ាន់ម្នាក់ ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍ និង កម្លាំងនគរបាលការិយាល័យ (ក១) នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងគយ ប្រចាំច្រកទ្វារព្រលានយន្តហោះអន្តរជាតិភ្នំពេញ ចាប់ឃាត់ខ្លួននៅថ្ងៃទី ២២ ខែតុលានេះ ពាក់ព័ន្ធករណីគ្រឿងញៀនជិត២គីឡូក្រាម។
លោក មាស វីរិទ្ធ អ្នកនាំពាក្យអាជ្ញាធរប្រឆាំងគ្រឿងញៀន បានថ្លែងថា បុរសជនជាតិតៃវ៉ាន់ឈ្មោះ YU WEI YI បានលាក់គ្រឿងញៀនប្រភេទអាយស៍មេតំហ្វេតាមីន សរុបចំនួន១ ៩៩៤,៧២ ក្រាម ដោយដាក់ក្នុងថង់ចំនួន៤ ហើយបិទស្កុតរុំជាប់ភ្លៅទាំងសងខាងនិងដងខ្លួន បម្រុងនាំចេញទៅកាន់ទីក្រុងហុងកុងប្រទេសចិន ដោយធ្វើដំណើតាមជើងហោះហើរ HX370 ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជាចាប់ឃាត់ខ្លួន ខណៈកំពុងធ្វើដំណើរឆ្លងកាត់ច្រកត្រួតពិនិត្យនៃព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
លោកបញ្ជាក់ថា៖«ជនសង្ស័យ ត្រូវបានចាប់បញ្ជូនខ្លួនភ្លាមៗទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីសួរចម្លើយ»។
បើតាមការប្រាប់ឲ្យដឹងបន្ថែមពីលោក អ៊ិន សុង អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន ករណីខាងលើនេះ ជនសង្ស័យអាចមានបក្ខពួកមួយចំនួន កំពុងសម្ងំលាក់ខ្លួននៅកម្ពុជា។
លោកបានថ្លែងថា៖«នៅពេលនេះ ក្រុមសមត្ថកិច្ចយើងកំពុងសួរនាំ ជនសង្ស័យ ដើម្បីស្វែងរកអត្តសញ្ញាណ ក្រុមឧក្រិដ្ឋជនគ្រឿងញៀនផ្សេងទៀត ដែលនៅពីក្រោយករណីនេះ ដើម្បីចំណាត់ការតាមនីតិវិធីច្បាប់»។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្លាំងសមត្ថកិច្ចនគរបាលកម្ពុជា បានបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន ជាច្រើនករណី ដោយរឹបអូសវត្ថុតាងគ្រឿងញៀនរាប់រយគីឡូក្រាម និង ចាប់បញ្ជូនឧក្រិដ្ឋជនគ្រឿងញៀនដែលជាជនបរទេសរាប់សិបនាក់ ដែលក្នុងនោះភាគច្រើនជាជនជាតិចិន ឡាវ នីហ្សេរីយ៉ា ហ្វីលីពីន វៀតណាម ថៃ និង ម៉ិកស៊ិក។
កិច្ចខិតខំប្រឹងប្រែងនេះ ត្រូវបានលោកស្រី Naomi Binstead មន្រ្តីសម្របសម្រួលជាន់ខ្ពស់នៃស្ថានទូតអូស្រ្តាលីប្រចាំទីក្រុងភ្នំពេញ លើកសរសើរយ៉ាងខ្លាំង នៅក្នុងជំនួបពិភាក្សា កាលពីម្សិលមិញ ជាមួយនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ។
លោកស្រីថ្លែងថា៖«ការដាក់ចេញនូវគោលនយោបាយបង្រ្កាបគ្រឿងញៀនរបស់រដ្ឋាភិបាលកម្ពុជា គឺមានប្រសិទ្ធភាពបំផុត»។
យោងតាមរបាយការណ៍របស់អាជ្ញាធរជាតិបង្ក្រាបគ្រឿងញៀន ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ បានធ្វើការចាប់ខ្លួនឧក្រិដ្ឋជនគ្រឿងញៀនរហូតដល់ជាង១២០០០នាក់ និងរឹបអូសបានគ្រឿងញៀនជាង ៥០០ គីឡូក្រាម ។
នៅក្នុងជំនួបនោះ នគរបាលជាតិនៃប្រទេសកម្ពុជា និង អូស្ត្រាលី បានសន្យារួមគ្នាបន្តបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងគ្រឿងញៀនឲ្យកាន់តែល្អប្រសើរថែមទៀត ខណៈប្រតិបត្តិការរួមគ្នាប៉ុន្មានឆ្នាំកន្លងទៅនេះទទួលបានជោគជ័យគួរជាទីមោទនៈដោយចាប់បានឧក្រិដ្ឋជនជាច្រើននាក់៕