បុរស​ជន​ជាតិ​ចិន​ម្នាក់ ត្រូវ​​បាន​បញ្ជូន​ទៅ​តុលាការ ក្រោយ​បង្ក​គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍​បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​៣​នាក់​របួស

Content image - Phnom Penh Post
គ្រោះ​ថ្នាក់ចរាចរណ៍​ដែល​បណ្ដាល​ឲ្យ​មនុស្សម្នាក់ស្លាប់ និង៣នាក់របួស នៅលើផ្លូវជាតិលេខ៣ ក្នុងសង្កាត់​ពង​ទឹក ខណ្ឌដង្កោ។ រូបថត សហការី

ភ្នំពេញៈ បុរសជនជាតិចិនអាយុ ៤៣ ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោយពីបើករថយន្តបុកមនុស្សម្នាក់ស្លាប់ និង ៣ នាក់របួស នៅលើផ្លូវជាតិលេខ ៣ ក្នុងសង្កាត់​ពង​ទឹក ខណ្ឌដង្កោ កាលពីរសៀលថ្ងៃទី ១៦ ខែឧសភា។

លោក ឆេង សារីម ប្រធានផ្នែកចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៧ ឧសភាថា៖ «យើងឃាត់ខ្លួនគេតែ ៤៨ ម៉ោងទេ យើងកំពុងរៀបចំសំណុំ​រឿងនេះ​បញ្ជូន​ទៅតុលាការ​ឱ្យ​ហើយ​នៅថ្ងៃទី ១៧ ឧសភា»។

លោក សារីម បានឱ្យដឹងថា បើទោះបីជាមិនទាន់ឃើញមានពាក្យបណ្ដឹង ពីក្រុមគ្រួសារ និងសាច់ញាតិជនរងគ្រោះក៏ដោយ ក៏សមត្ថកិច្ចកសាងសំណុំរឿងជាស្វ័យប្រវត្តិបញ្ជូនទៅតុលាការដែរ។

លោកបញ្ជាក់ថា ជនជាតិចិនបង្កគ្រោះថ្នាក់ឈ្មោះ ហ័ង តាវហ្វា ភេទ ប្រុស អាយុ ៤៣ ឆ្នាំ ជាបុគ្គលិករោងចក្រកាត់ដេរដែលមានយីហោឈ្មោះ ជី ហ៊ួយ។

លោក វ៉ន សារឿន នាយនគរបាលប៉ុស្តិ៍សង្កាត់ពងទឹក ក្នុងខណ្ឌដង្កោ បានថ្លែងនៅថ្ងៃទី ១៧ ឧសភា ដោយយោងតាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា គ្រោះថ្នាក់នេះកើត​ឡើងនៅ​ម៉ោង​ប្រមាណ​ជា​ ៤ រសៀល ​ថ្ងៃទី ១៦​ឧសភា ស្ថិតនៅមុខរោងចក្រកាត់ដេរសម្លៀកបំពាក់ស៊ិកូ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ ដោយរថយន្តជនបង្កបានរេចង្កូតចូលទៅចំណែកផ្លូវម៉ូតូដែលជិះខាងស្តាំដៃ ហើយបានបុកម៉ូតូចំនួន៣គ្រឿងពេញទំហឹង។

លោកប្រាប់ថា៖ «ជនបង្កបានបើកឡានចូលទៅក្នុងចំណែកផ្លូវរបស់ម៉ូតូ ដែលគេកំពុងបើកស្របផ្លូវខាងស្តាំដៃរបស់គេត្រឹមត្រូវ។ ក្រោយ​បង្ក​ហេតុ​ខ្ញុំ​បាន​បញ្ជូន​ជន​សង្ស័យ​ជាជន​ជាតិ​ចិន​ម្នាក់​នោះ​ទៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ទាំង​យប់»។

មន្ត្រីរូបនេះបានឱ្យដឹងថា ជនរងគ្រោះជាបុរសអាយុ ២៨ ឆ្នាំម្នាក់ និងស្ត្រីអាយុ ២៧ ឆ្នាំ ពួកគេជាកម្មករកាត់ដេរ រស់នៅភូមិត្រពាំងជ្រៃ ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត និងស្ត្រីកម្មការិនីម្នាក់ទៀតអាយុ ៤១ ឆ្នាំ រស់នៅ ក្នុងភូមិតានួន សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

លោក ឆេង សារីម បានថ្លែងដោយយោងតាមសម្តីជនសង្ស័យ ដែលបានសារភាពថា មុនកើតហេតុគេបានបើករថយន្តពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៣។ ការបង្កឱ្យមានគ្រោះថ្នាក់នេះ ព្រោះគេបានបើក​បរគេច​ពីអ្នក​បើកបរ​ផ្សេង​ទៀត ដែល​បើក​ជែង​បញ្ច្រាស់​ទិស​គ្នា៕

ព័ត៌មានថ្មីៗ