បន្ទាយមានជ័យៈ មន្ត្រី​ប្រចាំ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​​ម្សិលមិញ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ដោយ​ចោទ​ពីបទ​ជំរិត​ទារប្រាក់​ពី​ពលករ​ ដែល​ការឃាត់​នេះ​ធ្វើឡើង​ស្របពេល​មានការចោទប្រកាន់​​ថា មន្ត្រី​ប៉ូលិស​ព្រំ​ដែន​ខ្មែរ​នៅ​ប៉ោយប៉ែត ​បាន​ឆក់​ឱកាស​ឱ្យមាន​សេវា​ក្រៅផ្លូវការ​វី​អាយ​ភី ​ដើម្បី​យកប្រាក់​ពី​ពលករ​ឆ្លងដែន​ពី​ថៃ​ចូល​មក​លេង​ស្រុក​កំណើត​សម្រាប់​ពិធី​បុណ្យ​ចូល​ឆ្នាំ។


ទំព័រ​ហ្វេស​ប៊ុក​របស់​ប៉ុស្ដិ៍​នគរបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត​ពីម្សិលមិញ ​បានបង្ហាញ​មុខ​បុរស​ម្នាក់​ និង​រៀបរាប់​យ៉ាងខ្លី​ថា ​គឺជា​អ្នក​ជំរិត​ទារប្រាក់​ពី​ពលករ ​«ការ​ឃាត់​ខ្លួន​មេខ្យល់​ជំរិត​ទារប្រាក់​ពី​បងប្អូន​ពលករ ​នៅ តែ​បន្ត​ដូច​ភ្លៀង​រលឹម។ សូម​បងប្អូន​មក​ទាក់ទង​មន្ត្រី​ដោយផ្ទាល់ ​ចៀស​វាង​ការចាញ់​បោក ​និង​ខាតបង់​ប្រាក់​កាស»។

ភ្នំពេញ​ប៉ុស្ដិ៍​បាន​ផ្ញើ​សារ​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​ប៉ុស្ដិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរ​ជាតិ​ប៉ោយប៉ែត​ដើម្បី​សុំ​ការបកស្រាយ​បន្ថែម​ពី​លោក​ខឹម ចិ​ត្រា ​ប្រធាន​ប៉ុស្ដិ៍​នគរបាល​ច្រកទ្វារ​នេះ ​ប៉ុន្តែ​អ្នក​កាន់​ទំព័រ​ហ្វេសប៊ុក​នោះ​បាន​ឆ្លើយតប​ថា​ មន្ត្រី​កំពុង​រៀប​ចំ​ឯកសារ​ជុំវិញ​ការឃាត់ខ្លួន​បុរស​ម្នាក់​នេះ ​ហើយនឹង​ផ្ញើ​ឯកសារ​នោះ​មក​ភ្នំពេញ​ប៉ុស្ដិ៍​តាម​ក្រោយ។

លោក​ សេម មករា ​នាយផ្នែក​សេនាធិការ​នគរបាល​ប៉ុស្ដិ៍​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ​ក៏​មិន​លើក​ទូរស័ព្ទ​នោះទេពី​ម្សិលមិញ។ ឯ​លោក ​អ៊ុំ សុផល ​អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត​បានបញ្ជាក់​ថា ​លោក​មិន​បាន​ដឹង​ករណី​ឃាត់ខ្លួន​អ្នក​ជំរិត​ទារប្រាក់​ពី​ពលករ​នេះ​ទេ។

ការឃាត់​ខ្លួន​មេខ្យល់​ប្រមូល​ប្រាក់​ពី​ពលករ​នេះ ​កើតឡើង​ស្របពេលមាន​ការលើកឡើងថា​ ក្នុងឱកាស​បុណ្យ​ចូលឆ្នាំ​ដែល​ពលករ​ខ្មែរ​នៅ​ថៃ​កំពុង​នាំគ្នា​សម្រុក​មកលេង​ស្រុក​កំណើត​ គឺ​ប៉ូលិស​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ បាន​ឃុ​បឃិត​ជាមួយ​ភ្នាក់​ងារ​អ្នក​រត់ការ​ដើម្បី​លក់​សំបុត្រ​វី​អាយ​ភី​តម្លៃ ៣៥០ បាត​ឬ​ស្មើ​ប្រហែល ៤ ម៉ឺន​រៀល ​ចំពោះ​ពលករ​ណា​ដែល​ចង់​ឆាប់​ឆ្លង​ដែន​បាន​រហ័ស​​ ហើយ​មិន​ចាំបាច់​ទៅ​តម្រង់​ជួរ។


អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​បញ្ជាក់ថា​៖ «មន្ត្រី​នគរបាល​គ្រប់​ច្រកទ្វារ​ព្រំដែន​ទាំងអស់ត្រូវ​យកចិត្ត​ទុកដាក់​និង​បង្កលក្ខណៈ​ងាយ​ស្រួល​ជាប្រចាំ​ដល់​ពលរដ្ឋ​ខ្មែរ​និង​​បរទេស​ដែល​ធ្វើដំណើរ​ឆ្លង​កាត់​ព្រំដែន​ជាពិសេស​ពលករ​ដែលធ្វើ​ការ​នៅ​ប្រទេស ​ថៃ​ ក្នុង​រដូវ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​ឆាប់ៗ​នេះ​ ដោយ​មិន​ត្រូវ​ទទួល​ប្រាក់​កាស​ឡើយ​»។

លោក​ ស៊ំុ ច័ន្ទ​គា ​មន្ត្រី​សម្រប​សម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​ប្រចាំខេត្ត​បន្ទាយ​មានជ័យ​​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ ​ពីម្សិលមិញ​ថា ​អ្នក​ដែល​រត់ការ​ចាំ​លក់​សំបុត្រ​វី​អាយ​ភី​ទៅ​ពលករ​នៅតាម​ច្រកទ្វារ​ឆ្លងដែន ប្រាកដជា​ពួកគេ​បានផ្ដល់​ផលប្រយោជន៍​ទៅ​អាជ្ញាធរ​ប្រចាំការ​នៅ​ទីនោះ ​បើ​មិន​ដូច្នោះ​ទេ​ ពួកគេក៏​មិន​ហ៊ាន​ធ្វើ​សកម្មភាព​បែប​នេះ​ដែរ៕