ភ្នំពេញៈ បុរសជាជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាល ដេញចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីជននោះប្រើកាំភ្លើងខ្លីបាញ់ស្រ្តីជាប្រពន្ធចំនួន ៤ គ្រាប់ ឲ្យរបួសធ្ងន់ នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ដែលសង្ស័យជារឿងប្រចណ្ឌ កាលពីយប់ថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១៩។
លោក ហួ ម៉េងវ៉ាង អធិការនគរបាល ខណ្ឌ សែនសុខ បានប្រាប់ពីម្សិលមិញថា ជនសង្ស័យដែលបាញ់ប្រពន្ធខ្លួនឯងនោះ ឈ្មោះឆោម ចំណាន អាយុ ៣៩ ឆ្នាំជាមន្រ្តីយោធា បម្រើការនៅភូមិភាគ ៥ ឋានៈពលបាលឯក។ រីឯស្រ្តីរងគ្រោះជាប្រពន្ធឈ្មោះ ជា គីមឡាង អាយុ ២៩ ឆ្នាំ ទាំង ២ នាក់ ប្តីប្រពន្ធរស់នៅភូមិ៧ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកប្រាប់ថា៖ «បើតាមចម្លើយរបស់ជនសង្ស័យប្រាប់សមត្ថកិច្ចថាដោយសារតែគេប្រច័ណ្ឌប្រពន្ធរបស់គេ។ ប៉ុន្តែគ្រូពេទ្យប្រាប់តាមសាច់ញាតិថា នាងវះកាត់ផុតពីស្លាប់ហើយ។
លោក ម៉េងវ៉ាង បានបន្តតាមសាក្សីនៅកន្លែងកើតហេតុថាមុនពេលកើតហេតុ ជនសង្ស័យបានបើករថយន្ត ១ គ្រឿង ម៉ាកហាយ ឡេនឌ័រ ពាក់ផ្លាកលេខ ប.មានជ័យ 2A-6753 ចូលចត នៅក្នុងហាងផឹកស៊ីមួយកន្លែង។ លុះមួយសន្ទុះក្រោយមក ស្រាប់តែលេចមុខប្រពន្ធរបស់គាត់ជិះម៉ូតូកូនទាពាក់ស្លាកលេខ 1HJ8167 មកឈប់រួចក៏ចូលទៅក្នុងហាងសំដៅទៅហៅប្ដី។ ពេលនោះជនសង្ស័យបានហៅស្រ្តីរងគ្រោះជាប្រពន្ធឲ្យអង្គុយផឹកស៊ីជាមួយខ្លួនដែរ ប៉ុន្តែស្រ្តីរងគ្រោះប្រកែកមិនព្រម តាមការហៅរបស់ប្តី ហើយជនសង្ស័យខឹងទើបដកកាំភ្លើងខ្លីពីចង្កេះបាញ់ទៅលើស្រ្តីរងគ្រោះបណ្តាលឲ្យដួលដេកនៅកន្លែងកើតហេតុតែម្តង។
លោកអធិការបញ្ជាក់ថា ក្នុងហេតុការណ៍នោះ ជនសង្ស័យបានប្រើ កាំភ្លើងម៉ាក K59 បាញ់សំដៅទៅលើប្រពន្ធចំនួន៧គ្រាប់ បណ្ដាលឱ្យរងរបួសធ្ងន់ រួចជនសង្ស័យក៏បានរត់ឡើងលើរថយន្តបើកតាមបណ្ដោយផ្លូវហាណូយក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន។ ប៉ុន្តែត្រូវបានប្រជាពរដ្ឋរាយការណ៍ទៅសមត្ថកិច្ចខណ្ឌសែនសុខ ហើយកម្លាំងសមត្ថកិច្ចបានចេញប្រតិបត្តិការភ្លាមៗ ដេញតាមរថយន្តរបស់ជនសង្ស័យនោះ ដោយបានប្រកាសតាមវិទ្យុទាក់ទងឱ្យកម្លាំងសមត្ថកិច្ចដែលនៅតាមគោលដៅចាំស្ទាក់ចាប់ ស្របពេលនោះក៏មានរថយន្តកុងតឺន័រកាក់ពីមុខទើបសមត្ថកិច្ចឃាត់រថយន្តនោះបាន។
តាមការពិនិត្យលើស្រ្តីរងគ្រោះឃើញមានរបួស ចំត្រង់ស្មាខាងស្តាំ ១ កន្លែង នៅម្តុំពោះទឹកខាងស្តាំ ១ កន្លែង និងត្រូវចំភ្លៅចំនួន ២ គ្រាប់។
លោកប្រាប់ថា ក្រោយកើតហេតុស្រ្តីរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែត ទាំងយប់ហើយរហូតមកដល់ថ្ងៃនេះ(ថ្ងៃទី ៨ សីហា ) គ្រូពេទ្យប្រាប់ថា នាងត្រូវបានក្រុមគ្រូពេទ្យធ្វើការវៈកាត់យកក្បាលគ្រាប់ចេញអស់ហើយ។ ចំណែកជនសង្ស័យជាប្តីនៅថ្ងៃទី ៨ សីហា សមត្ថកិច្ចកំពុងតែសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចាត់ការតាមនីតិវិធី ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់បន្តទៀត៕