បន្ទាយមានជ័យ៖ ចៅក្រម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ជាប់​ចោទ​ម្នាក់​ឈ្មោះ អៀក ថៃសេង កាល​ពី​ថ្ងៃទី ១៨ មេសា ពី​បទ​រំលោភ​សេពសន្ថវៈ បន្ទាប់​ពី​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បាន​ចោទ​ប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ។


លោក សេង សម័យ ព្រះរាជអាជ្ញា​រង និង​ជា​អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​សំណុំ​រឿង​ដែល​កម្លាំង​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បញ្ជូន​មក កាល​ពី​ថ្ងៃទី ១៨ មេសា លោក​បាន​សួរនាំ​រួច​ ហើយ​បាន​ចោទ​ប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ ព្រម​ទាំង​បាន​បញ្ជូន​សំណុំ​រឿង​ទៅ​ចៅក្រម​ដើម្បី​សម្រេច។ ជន​ត្រូវ​ចោទ​ត្រូវ​បាន​លោក​ចៅក្រម ព្រុំ ម៉ូនីន ឃុំ​ខ្លួន​ហើយ។

លោក​ថ្លែង​ថា៖ «ការ​ចោទ​ប្រកាន់​ហ្នឹង គឺ​តាម​ក្រម​ព្រហ្មទណ្ឌ​ស្តីពី​បទ​ល្មើស​រំលោភ​សេពសន្ថវៈ មិនមែន​ទាក់ទង​ករណី​រួម​ភេទ​ជាមួយ​អនីតិជន​អី​ទេ ព្រោះ​ពាក់ព័ន្ធ​ធាតុផ្សំ​នៃ​អំពើ​រំលោភ​ហ្នឹង មាន​ប្រើ​អំពើ​ហិង្សា​ដែល​ខុស​ពី​ឆន្ទៈ​របស់​ជន​រងគ្រោះ ដែល​គេ​មិន​ព្រមព្រៀង»។

ករណី​រំលោភ​សេព​សន្ថវៈ​នេះ លោក នួន នីណារ៉ូ មេ​បញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្តឹង​របស់​ជន​រងគ្រោះ​នៅ​ថ្ងៃទី ១៧ មេសា លោក​បាន​ចាត់​កម្លាំង​ជំនាញ​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ ហើយ​សួរ​នាំ និង​ឃាត់​ខ្លួន​ជន​សង្ស័យ​ឈ្មោះ អៀក សេងថៃ ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ មុខ​របរ​ជាង​ជួសជុល​រថយន្ត រស់នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះពន្លា ក្រុង​សិរីសោភណ្ឌ ហើយ​បញ្ជូន​មក​អាវុធហត្ថ​ក្រុង ដើម្បី​សាកសួរ​អំពី​រឿង​ហេតុ​ដែល​កើត​ឡើង។


លោក​ថ្លែង​ថា៖ «រឿង​ហ្នឹង គឺ​ជនសង្ស័យ និង​នារី​រងគ្រោះ​នោះ ជា​អ្នក​ស្គាល់​គ្នា ហើយ​ជន​សង្ស័យ​បាន​ប្រើ​ល្បិច​ធ្វើ​ជា​ឈឺ​ឲ្យ​ជន​រងគ្រោះ​ជួយ​ទៅ​ទិញ​ថ្នាំ​មក​ឲ្យ​ខ្លួន។ តែ​ពេល​ទៅ​ដល់​បន្ទប់ ជន​សង្ស័យ​បាន​ចាប់​ទាញ​ដៃ​អូស​ចូល​បន្ទប់​ច្របាច់​ក​គំរាម​សម្លាប់ រួច​ធ្វើ​សកម្មភាព​ចាប់​រំលោភ​ទាល់​តែ​បាន​សម្រេច"។


បើ​តាម​លោក នីណារ៉ូ ពាក្យ​បណ្តឹង​របស់​ជន​រងគ្រោះ​ឈ្មោះ អ.វ អាយុ ៣២ ឆ្នាំ ឲ្យ​ដឹង​ថា ការ​ចាប់​រំលោភ​នេះ​កើត​ឡើង នៅ​វេលា​ម៉ោង ២ រំលង​អធ្រាត្រ ចូល​ថ្ងៃទី ១៧ មេសា នៅ​ភូម​សាគ្គីមានជ័យ សង្កាត់-ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ៕