ឧត្តរមានជ័យៈ អយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យបានសម្រេចចោទ និងឃុំខ្លួនបុរសវ័យចំណាស់ម្នាក់នៅពន្ធនាគារខេត្តកាលពីថ្ងៃពុធ បន្ទាប់ពីសមត្ថកិច្ចចាប់បញ្ជូនខ្លួនឲ្យតុលាការកាលពីថ្ងៃទី ៥ ខែវិច្ឆិកា ពាក់ព័ន្ធលួងលោមក្មេងស្រីម្នាក់រំលោភសេពសន្ថវៈ ។
លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តឧត្តរមានជ័យប្រាប់-ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃពុធថា ជនសង្ស័យរូបនោះមានឈ្មោះ នូ ឈុន អាយុ ៨០ ឆ្នាំ។ បន្ទាប់ពីសមត្ថកិច្ចបញ្ជូនមកតុលាការ លោកក៏បានចោទប្រកាន់ពីបទរួមភេទជាមួយអនីតិជន ហើយចៅក្រមស៊ើបសួរក៏សម្រេចឃុំខ្លួនគាត់នៅថ្ងៃនេះ (ថ្ងៃទី ៦ វិច្ឆិកា)។
លោកបានប្រាប់ថា៖ « បទចោទតាមបញ្ញត្តិមាត្រា ៤២ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទ។ ខ្ញុំចោទក្នុងបទនេះដោយសារគាត់លួងលោមឲ្យលុយក្មេង »។
បើយោងមាត្រា ៤២ នេះ ប្រសិនបើតុលាការរកឃើញថា ជនជាប់ចោទពិតជាបានប្រព្រឹត្តបទល្មើសមែននោះនឹងត្រូវប្រឈមមុខការផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ ។
ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈនេះលោក ឃុល ធិន អធិការនគរបាល ស្រុកបន្ទាយអំពិលប្រាប់កាលពីថ្ងៃពុធដែរថា ជនជាប់ចោទឈ្មោះ នូ ឈុន អាយុ ៨០ ឆ្នាំរូបនេះ ត្រូវបានសមត្ថកិច្ចរបស់លោកឃាត់ខ្លួនតាមបណ្តឹងរបស់ឪពុកមាក្មេងរងគ្រោះឈ្មោះ ន.ស.រ អាយុ ១៤ ឆ្នាំ ដែលបានប្តឹងមកសមត្ថកិច្ចក្រោយពេលដឹងថា មានគេរំលោភក្មួយស្រីរបស់គាត់។
លោកបានរៀបរាប់ថាក្មេងរងគ្រោះជាកូនកំព្រាដោយឪពុកម្តាយបានស្លាប់ចោលអស់ហើយ ហើយបានរស់នៅជាមួយឪពុកមាដែលមានផ្ទះនៅជិតគ្នានឹងឈ្មោះ នូ ឈុន នៅក្នុងភូមិ-ឃុំ ខាងលើ។ ដោយឃើញក្មេងស្រីរងគ្រោះក្រីក្រខ្លាំងមានជីវភាពខ្វះខាត ជនសង្ស័យរូបនេះបានទាក់ទងនាងដោយនិយាយលួងលោមឲ្យលុយក្មេង និងទិញទូរស័ព្ទឲ្យក្មេងរងគ្រោះនោះ។
លោកប្រាប់បន្តថា បន្ទាប់ពីទាក់ទងជាមួយក្មេងរងគ្រោះបានហើយ ជនសង្ស័យក៏បានរំលោភក្មេងរងគ្រោះចាប់តាំងពីក្នុងអំឡុងខែកញ្ញាឆ្នាំ ២០១៩ មកទល់នឹងថ្ងៃចាប់ខ្លួនគឺជនសង្ស័យបានរំលោភនាងបានសម្រេចចំនួន ១០ ដងហើយ ។
លោក ដៀប សារឿន នាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអំពិលបានប្រាប់តាមការរៀបរាប់ពីឪពុកមាក្មេងរងគ្រោះថា ដំបូងឡើយឪពុកមារបស់ក្មេងរងគ្រោះមិនបានចាប់អារម្មណ៍នឹងរឿងនេះទេ ប៉ុន្តែដោយឃើញសភាពក្មេងរងគ្រោះខុសប្លែកពីធម្មតា គាត់ក៏ជជីកសួរ ទើបក្មេងរងគ្រោះប្រាប់ថា ខ្លួនត្រូវ តា នូ ឈុន លួងលោមឲ្យលុយ និងទូរស័ព្ទទើបនាងក៏ស្លុងចិត្តតាមជនសង្ស័យទៅ។ ក្រោយពីឮក្មួយរបស់ខ្លួនប្រាប់ពីរឿងរ៉ាវនេះភ្លាម បុរសជាឪពុកមាក៏បានមកប្តឹងសមត្ថកិច្ចរបស់លោកនៅថ្ងៃទី ៥ វិច្ឆិកា ហើយសមត្ថកិច្ចក៏ចុះទៅចាប់ខ្លួនជនសង្ស័យតែម្តងទៅ។
លោកបានបញ្ជាក់ថា៖ « មុនខ្ញុំចាប់ជនសង្ស័យខ្ញុំសួរគាត់ ហើយគាត់ថាគាត់រំលោភក្មេងបាន ១០ ដងមែន។
ចំពោះក្មេងស្រីរងគ្រោះក៏ប្រាប់ដូចគ្នានឹងចម្លើយជនសង្ស័យដែលបង្ហាញថា វាស៊ីចង្វាក់គ្នាក្នុងបទល្មើសនេះ » ៕