ក្រចេះ: តុលាការ​ខេត្តក្រចេះ​កាលពី​ម្សិលមិញ​បានសម្រេច​ឃុំខ្លួន​បុរស​ ២ ​នាក់​ នៅក្នុង​ពន្ធនាគារ​ខេត្ត ក្រោយពី​ពួកគេ​ត្រូវបាន​ចាប់ខ្លួន​ពេលដែល​កំពុង​ប្រើ​ឧបករណ៍​ឆក់​ត្រី​ខុសច្បាប់​នៅក្នុង​​តំបន់​អភិរក្ស​អន្លង់ផ្សោត​។


លោក ទីវ វុធធេន អ្នកនាំពាក្យ​សាលាដំបូង​ខេត្តក្រចេះ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​៖ «​ចៅក្រម​ស៊ើបសួរ​លោក ម៉េង សូនី បានសម្រេច​ឃុំ​ជនសង្ស័យ​ទាំង​ ២ ​នាក់​ នៅ​ពន្ធនាគារ​ខេត្ត​បណ្ដោះអាសន្ន ដោយ​ចោទប្រកាន់​ពី​បទ​នេសាទ​ត្រី​ដោយ​ប្រើ​ឧបករណ៍​ឆក់​ក្នុង​តំបន់​អភិរក្ស​អន្លង់​ផ្សោត​»​។

មន្ត្រីជាន់ខ្ពស់​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តក្រចេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បុរស​ ២ ​នាក់​ ត្រូវបាន​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​អង្គារ ខណៈ​ពួកគេ​កំពុង​លួច​ធ្វើ​សកម្មភាព​នេសាទ​ត្រី ដោយ​ប្រើ​ឧបករណ៍​ឆក់​ខុសច្បាប់​នៅ​ចំណុច​អន្លង់​ផ្សោត​ជ្រោយ​អំពិល​ស្ថិត​ក្នុង​ភូមិ​កាំពី ឃុំ​សំបុក ស្រុក​ចិត្របុរី ខេត្តក្រចេះ​។

លោក ម៉ុក ពន្លក នាយរង​ខណ្ឌ​ជលផល​ខេត្តក្រចេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន​ក្នុង​បទល្មើស​នេសាទ​នោះ​មានឈ្មោះ រស់ ពេជ្រ អាយុ ២៣ ​ឆ្នាំ និងឈ្មោះ រស់ ចាន់រតនា អាយុ​ ៣៣ ​ឆ្នាំ​ ជា​អ្នករស់នៅ​ភូមិ​ក្បាលជួរ ឃុំ​សំបុក ស្រុក​ចិត្របុរី ខេត្តក្រចេះ​។ ក្នុង​ប្រតិបត្តិការ​នា​យប់នោះ ក្រុម​ឆ្មាំ​ទន្លេ​ក៏បាន​រឹបអូស​វត្ថុតាង​មួយ​ចំនួន​ផងដែរ រួមមាន​អាគុយ​ ១ ​គ្រឿង​, ក្បាល​ឆក់​ ១ ​គ្រឿង​, កន្ត្រង​ដួស​ត្រី​ ១, ទូក​នេសាទ​ប្រវែង ៦ ​ម៉ែត្រ​ចំនួន​ ១ ​គ្រឿង​។


លោក​បាន​បញ្ជាក់ថា​៖ «​ជនសង្ស័យ​ទាំង​ ២ ត្រូវបាន​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជលផល កសាង​សំណុំរឿង​ចោទប្រកាន់​តាម​មាត្រា​ ៩៨ ​នៃ​ច្បាប់​ជលផល​ជា​បទល្មើស​ថ្នាក់​លេខ​ ១ ដែល​ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី​ ៣ ​ឆ្នាំ​ទៅ​ ៥ ​ឆ្នាំ​ហើយ​វត្ថុតាង​នៃ​បទល្មើស​ត្រូវ​រឹបអូស​ដាក់​ជា​សម្បត្តិ​រដ្ឋ ឬ​បំផ្លាញចោល​»​។


លោក ពន្លក បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​ ២ ​នាក់​ត្រូវបាន​មន្ត្រី​ជំនាញ ខណ្ឌ​រដ្ឋបាល​ជលផល​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្តក្រចេះ ដើម្បី​ធ្វើ​ចំណាត់​ការបន្ត​តាម​នីតិវិធី​ច្បាប់​។

កាលពី​ថ្ងៃទី​ ២៧ ខែ ​វិច្ឆិកា ឆ្នាំ​ ២០១៩ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ចិត្របុរី បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ ២ ​នាក់​ ក្នុង​សំណុំរឿង​ឆក់​ត្រី​ខុសច្បាប់​នៅ​អន្លង់​អភិរក្ស​សត្វ​ផ្សោត​កាំពី​តាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​របស់​ចៅក្រម​ស៊ើបសួរ អេង ចំនាប់​។

ជនសង្ស័យ​ទាំង​ ២ ​នោះ​រួមមាន​ឈ្មោះ ជីន បូម៉ា អាយុ​ ៣៨ ​ឆ្នាំ និង នុត សំអូន អាយុ​ ២៨ ​ឆ្នាំ​ ជា​អ្នក​រស់នៅ​ភូមិ​ក្បាលជួរ ឃុំ​សំបុក ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ​។ ការនេសាទ​ត្រី​ក្នុង​តំបន់​ការពារ និង​អភិរក្ស​សត្វ​ផ្សោត ដោយ​ប្រើប្រាស់​ឧបករណ៍​មង និង​ឧបករណ៍​ឆក់​ត្រូវ​បាន​ហាមឃាត់​។

កាលពី​ដើម​ខែ​វិច្ឆិកា​កន្លង​ទៅ​សត្វផ្សោត​ញី​ ១ ​ក្បាល​ត្រូវ​បាន​គេ​ប្រទះឃើញ​ងាប់​នៅ​អន្លង់​ព្រះសង្ឃ​ក្នុង​ទន្លេមេគង្គ​ខេត្ត​ក្រចេះ​ដោយសារ​ជាប់​មង​អ្នកនេសាទ ហើយ​កាលពី​ចុង​ខែ​មិថុនា ឆ្នាំ​ ២០១៨ កន្លង​ទៅ​សត្វ​ផ្សោត​ឈ្មោល​ ១ ​ក្បាល ទម្ងន់​ ៩២ ​គីឡូក្រាម​ក៏​បាន​ងាប់​នៅ​តំបន់​អន្លង់​កាំពី​ក្នុង​ខេត្ត​ក្រចេះ​ដោយសារ​ជាប់​មង​អ្នកនេសាទ​ដូចគ្នា​នេះដែរ​។

បើតាម​លោក​ ពន្លក មកទល់​ពេល​នេះ​ទន្លេមេគង្គ​ខេត្ត​ក្រចេះ​មាន​សត្វ​ផ្សោត​រស់នៅ​ចន្លោះ​ពី ៥៥ ទៅ ៦០ ​ក្បាល​។ សត្វផ្សោត​ទាំងអស់​នោះ​កំពុងតែ​រស់នៅ​ក្នុង​អន្លង់​អភិរក្ស ៥ ​ទីតាំង​ផ្សេងគ្នា​រួមមាន អន្លង់​ខ្សាច់ម្កាក់ អន្លង់​កោះដំបង អន្លង់​កោះផ្ដៅ អន្លង់​កន្ទុយ​កោះរងាវ និង​អន្លង់​ផ្សោត​កាំពី​ក្នុង​អាង​ទន្លេ​មេគង្គ​៕