ក្រចេះ: អ្នក​បើក​​រថយន្ត​ដឹក​ដំ​ឡូង​មី​ម្នាក់​ ត្រូវ​ភ្លើង​ឆេះ​ស្លាប់​នៅ​ក្នុង​រថយន្ត​ នៅ​ពេល​ដែល​ជន​​រង​គ្រោះ​បើក​រថយន្ត​ចំណុះ​ ២ ​តោន​កន្លះ​​ រេ​ចង្កូត​ធ្លាក់​ផ្លូវ​ ហើយ​ក្រ​ឡាប់​ឆេះ​ កាល​​ពី​រំ​លង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​ ១​៤ ​មីនា​ នៅ​ភូមិ​បន្ទាយ​​ ឃុំ​គោ​លាប់​​ស្រុក​​ចិត្របុរី​​ ខេត្ត​ក្រចេះ។


លោក​ យ៉ាន់​ ហ៊ាង ​អ​ធិ​ការ​​​​ស្រុក​ចិត្រ​បុរី​ បាន​ឲ្យ​ដឹង​កាល​​ពី​ម្សិល​មិញ​ថា​ ជន​រង​គ្រោះ​ដែល​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​នោះ​ ឈ្មោះ​​ សំ​បិន ​សៀង​ហៃ​ អា​យុ​ ១​៩ ​ឆ្នាំ​ រស់​នៅ​ភូ​មិ​-​ឃុំ​សំបុក ស្រុក​ចិត្របុរី​ ខេត្ត​ក្រចេះ។

លោក​ប្រាប់​តាម​សាក្សី​នៅ​កន្លែង​កើត​ហេតុ​ថា​​ ​នៅ​មុន​ពេល​កើត​ហេតុ​ ​គេ​បាន​ឃើញ​រថយន្ត​កូ​រ៉េ​ ១ ​គ្រឿង​ ម៉ាក​ហ៊ី​យ៉ាន់​ដាយ​គ្មាន​ពាក់​ស្លាក​លេខ​បាន​​បើក​បរ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ៧ ​ពី​ទិស​ខាង​ជើង​ទៅ​ទិស​ខាងត្បូង។​

លុះ​រថយន្ត​មក​ដល់​ចំ​ណុច​កើត​ហេតុ​ នៅ​ចន្លោះ​គី​ឡូ​ម៉ែត្រ​លេខ​​ ៣​៣​៦​​ និង ៣​​៣​៧ ​​ត្រង់​ចំណុច​​ថ្ម​បាំង​ ភូមិ​បន្ទាយ​ ឃុំ​គោ​លាប់​​ ស្រុក​ចិត្រ​បុរី​ ​ក៏​ស្រាប់​តែ​​រថ​យន្ត បាន​រេ​ចង្កូត​​ធ្លាក់​ពី​លើ​ផ្លូវ​ក្រឡាប់ ​និង​បង្ក​ជា​ផ្កា​ភ្លើង​​បណ្តាល​ឲ្យ​ឆាប​ឆេះ​ឡើង​តែ​ម្តង។


លោក​ថ្លែង​ថា​៖ ​«​រថយន្ត​នោះ ​​បង្ក​ឡើង​ដោយ​ខ្លួន​ឯង​ទេ​ ហើយ​បើ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​​ ខ្ញុំ​យល់​ថា​ ប្រហែល​មក​ពី​ជន​រ​ង​គ្រោះ​ ងងុយ​​ដេក​បាត់​បង់​ស្មារតី​ ក្នុង​ការ​បញ្ជា​រថ​យន្ត​​​។ ​​សាក​សព​ជន​រង​គ្រោះ​ សមត្ថកិច្ច​​ខ្ញុំ​ បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​ហើយ»៕