ប្រធាន​ CHRC ជួប​ឯកអគ្គ​រាជទូត​ជប៉ុន​ពិភាក្សា​ពី​សិទ្ធិមនុស្ស

Content image - Phnom Penh Post
លោក កែវ រ៉េមី (ស្តាំ) ជា​មួយ​ឯក​អគ្គ​រាជ​ទូត​ជប៉ុន​​។ សហការី

ភ្នំពេញៈ ប្រធាន​គណៈ​កម្មា​​ធិការ​​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ជួប​ជា​មួយ​ឯក​អគ្គ​រាជ​ទូត​ជប៉ុ​ន កាល​ពី​​ថ្ងៃ​អង្គារ​ម្សិល​មិញ​ដើម្បី​ពិភាក្សា​ពីការ​ត្រៀម​រៀបចំ​កិច្ច​​​សន្ទនា​​ប្រចាំ​ឆ្នាំ​ស្តី​ពី​​សិទ្ធិ​មនុ​ស្ស​​នៅ​កម្ពុជា​ ដែល​នឹង​​ធ្វើ​ឡើង​នៅ​ខែ​សីហាខាងមុខ។

លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​គណៈ​កម្មាធិការ​​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា CHRC បាន​ថ្លែង​ថា ប្រធាន​ CHRC លោក កែវ រ៉េមី បាន​ជួប​ជាមួយ​ឯក​អគ្គ​រាជ​ទូត​ជប៉ុ​ន​ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ហើយ​បាន​លើក​ឡើង​នូវ​ប្រធា​នបទ​ចំនួន​​ ៧ ​​ស្តីពីសិទ្ធិ​មនុ​ស្ស​នៅ​កម្ពុជា​ ជូន​ទៅ​ភាគី​ជប៉ុន ដើ​​ម្បី​​ត្រួត​ពិនិត្យ​និង​សម្រេច​ពី​ក្រសួង​​ការ​បរទេស​ជប៉ុន មុន​នឹង​កិច្ច​សន្ទនា​នៅ​ខែ​សីហា​មក​ដល់។

លោក​​ថ្លែង​ថា៖ «យើង​នឹង​បង្ហាញ​ពី​ចំណុច​វិជ្ជមាន កិច្ច​ខិត​ខំ​ប្រឹង​ប្រែង បញ្ហា​ប្រឈម និង​វិធី​ដែល​ត្រូវ​ធ្វើ​ការ​កែ​លម្អ​ នា​ពេល​អនាគត។ ភាគី​ជប៉ុន​នឹង​ចែក​រំលែក​បទ​ពិសោធ​របស់​គាត់​ លើ​ប្រធាន​បទ​ទាំង​នេះ​ ហើយ​យើង​នឹងផ្លាស់​ប្ដូរ​ការ​យល់​ឃើញ​ បទ​ពិសោធ និង​រៀន​ពី​គ្នា​ទៅវិញ​ទៅ​មក លើ​រឿង​សិទ្ធិ​មនុស្ស និង​ការ​គោរព​សិទ្ធិ​មនុស្ស» ។

លោក​ ម៉ាលីន បាន​ថ្លែង​ថា ប្រធាន​បទ​ចំនួន​ ៧ ដែល​ CHR​C បាន​ស្នើ​រួម​មាន ១- កេរ​ដំណែ​ល​សាលា​ក្តី​ខ្មែរ​​ក្រហម​ សម្រាប់​តុលាការជាតិ ២- កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិ​ធម៌និង​កម្ម​វិធី​ជំនួ​យ​​ផ្នែក​ច្បាប់ ៣- សេរីភាព​នៃ​ការ​ជួប​ជុំ បញ្ចេញ​មតិ​ ការ​បង្កើត​សមាគម និង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល ៤- សេរីភាព​សារព័ត៌​មា​ន និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ៥- សិទ្ធិស្រ្តី និង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា LGBT ៦- យន្តការ​តាមដាន និង​ត្រួត​ពិនិត្យ​ការ​អនុវត្ត​អនុសាសន៍ UPR ឬ​ការ​ត្រួត​ពិនិត្យ​ជា​សកល​តាម​កាលកំណត់​ របស់​អង្គការ​សហប្រជាជាតិ និង ៧- កិច្ច​សហប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ក្នុង​ការ​ការ​ពារ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ តាម​រយៈ​យន្តការ​អង្គការ​សហ​ប្រជាតិ ​ការិយា​ល័យ​ឧត្តមស្នង​ការ និង​អ្នក​រាយ​ការ​ណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ ។

លោក​ Suzuki Hironori ទី​​ប្រឹក្សា​ប្រចាំ​ស្ថាន​ទូត​ជប៉ុន​​បា​ន​ថ្លែង​កាល​ពី​ម្សិល​មិញ​​តាម​រយៈ​អីុមែល​ថា ប្រទេស​ជប៉ុន​ បន្ត​គាំទ្រ​​ឥត​ឈប់​ឈរ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋា​ភិបា​ល​​កម្ពុជា​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើ​ង​ ដល់​ស្ថានការ​ណ៍សិទ្ធិ​មនុស្ស​ នៅ​ក្នុង​​ប្រទេស។ជំនួប​​បែប​នេះត្រូ​​វ​​បាន​ធ្វើ​ឡើង​តាំង​ពីឆ្នាំ​ ២០​០​​៥ ប៉ុន្តែ​មាន​ឆ្នាំ​ខ្លះ​ ត្រូវ​បាន​ខកខាន។

លោក​ថ្លែង​ថា៖ «ហេតុ​​ដូច្នេះប្រទេស​ជប៉ុន​ បាន​រៀប​ចំ​កិច្ច​សន្ទនា​ស្តី​ពី​សិទ្ធិ​មនុស្ស​ជប៉ុ​​ន​-កម្ពុជា ជា​ទៀងទាត់ដោយ​ភាគី​ទាំង ​២​ ផ្លាស់​ប្ដូរ​ការ​យល់​ឃើញ​លើ​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ការ​ផ្ដល់​ជំនួយ​របស់​ជប៉ុន​ លើ​ការ​កសា​ង​សមត្ថភាពដល់​កម្ពុជាកិច្ច​សហប្រតិបត្តិការ​លើ​បញ្ហា​សិទ្ធិ​មនុ​ស្ស​​នៅ​កម្រិត​អន្តរជាតិ​ជាដើម»។

លោក​ស្រី ចក់ សុភាព នាយិ​​កាមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា CCHR ថ្លែង​តាម​អីុមែល​ កាល​ពី​ម្សិល​មិញ​ថា វា​ជា​រឿង​គួរ​ឲ្យ​ស្វាគមន៍​ ដែល​ជប៉ុន​បានបង្ហាញ​ការ​ចាប់​អារម្មណ៍​ក្នុង​ការ​លើក​ពី​បញ្ហា​សិទ្ធិ​មនុស្ស​មក​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។

ទោះ​យ៉ាង​ណា​ លោក​ស្រី​ថា ដំណើរ​ការដោយ​មាន​ការ​ចូល​​រួម និង​​មាន​តម្លា​ភាព​គឺ​ជា​រឿង​ចាំ​បាច់។ លោក​ស្រី​ថ្លែង​ថា ជប៉ុ​នបាន​សម្រេច​ចិត្ត​នៅ​ស្ងាត់​ស្ងៀ​ម​ លើ​បញ្ហា​សិទ្ធិ​មនុស្ស​ហើយ​មិន​​បាន​រៀប​ចំ​កិច្ច​សន្ទនា​ទៀង​ទាត់​ជាមួយ​សហគមន៍​សិទ្ធិ​មនុស្ស ក៏​ដូច​ជា​សង្គម​ស៊ីវិល។

លោក​ស្រី​បន្ត​ថា ជា​ក្ដី​សង្ឃឹម​គឺ​ថា ជប៉ុ​ន​ដែល​ជា​ហត្ថលេខី​ក្នុង​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស និង​ជា​អ្នក​សម្រប​សម្រួល​នៅ​ក្នុង​សេច​ក្តី​សម្រេច​មួយ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ អំពី​កម្ពុជានៅ​ឆ្នាំ ២០១៨ នឹង​ធ្វើ​កិច្ច​ការ​ច្រើន​ថែម​ទៀត ​ដើម្បី​រួម​ចំណែក​ដល់​ដំណើរ​ការ​កសាង​សន្តិភាព​នៅកម្ពុជា ដែល​ក្នុង​នោះ ​ការ​គោរព​សិទ្ធិ​មនុស្ស​ គឺ​ជា​ចំណុច​ស្នូល ​និង​ចាំបាច់។

លោក​ស្រី​ថ្លែង​ថា៖ «ជប៉ុន​ត្រូវ​ដើរ​ឲ្យ​ហួស​ពី​ការ​ផ្ដល់​ការ​គាំទ្រ​ផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធ​ និង​ធន​ធាន​មនុស្ស ហើយ​តស៊ូ​មតិ​យ៉ាង​សកម្ម​សម្រាប់​បញ្ចប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅក្នុង​ព្រះរាជា​ណាចក្រ ​[កម្ពុជា]»។

លោក​ ឡៅ ម៉ុងហៃ អ្នក​វិភា​គ​នយោបាយបាន​ថ្លែង​ថា ជប៉ុន​ ជា​ភាគី​សំខាន់​ក្នុង​កិច្ច​ព្រម​ព្រៀ​ង​​ទីក្រុង​ប៉ារីស​ឆ្នាំ ១៩៩១ ដែល​បាន​បញ្ចប់​សង្គ្រាម​នៅ​កម្ពុជា​។ ស្ថិត​ក្នុង​កិច្ច​ព្រម​ព្រៀង​នោះ ជប៉ុ​​ន​ក៏​ដូច​ជា​ ប្រទេស​ផ្សេង​ទៀត​ប្ដេជ្ញា​លើក​កម្ពស់​និង​ជំរុ​ញ​ឲ្យ​មាន​ការ​គោរព​និង​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ និង​សេរីភាព​ជា​មូលដ្ឋាន​នៅ​កម្ពុជា។

ប៉ុន្តែ​លោក​ថា បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​ផ្សេង​ទៀត ជប៉ុន​ មិន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ប្រទេស​ដែល​ធ្វើ​ការ​តស៊ូ​​មតិ​ខ្លាំង​ក្លា​ លើ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ឬ​ក៏​ការ​គាំទ្រ​ខ្លាំង​ក្លា​ដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទេ ។

លោក​ថ្លែង​ថា៖ «ជប៉ុន​ប្រហែល​ដើរ​លើ​ផ្លូវ​​​ការ​ទូត​បែប​ស្ងប់​ស្ងាត់​ ហើយ​ធ្វើ​​អន្តរា​គម​ន៍​ដោយ​​ផ្ទាល់​ជាមួយ​អាជ្ញាធរ​កម្ពុជាហើយ​ជា​អកុស​ល​ ប្រសិន​បើ​បាន​ផល​នោះវា​តិច​តួច​ណាស់។ គេ​បាន​ត្រឹម​រំពឹង​ថា​ កិច្ច​សហ​ប្រតិបត្តិការ​ជាមួ​យ​​នឹង​គណៈ​កម្មាធិការ​សិទ្ធិ​​មនុស្ស​នៅ​​ចំណុច​ប្រសព្វ​នេះ​នឹង​ជួយ​លុ​ប​​បំបាត់​ការ​លំបាក​នៃ​ស្ថាន​ការ​ណ៍​សិទ្ធិ​មនុស្ស​កម្ពុជា​បច្ចុប្បន្ន»៕