ភ្នំពេញៈ ក្រុមអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រកម្ពុជា បានរកឃើញប្រាសាទបុរាណថ្មីមួយទៀត ដែលមានឈ្មោះថា «ប្រាសាទកំពង់ដំរី» នៅក្នុងតំបន់ទីក្រុងបុរាណសម្ភុបុរៈដែល មានទីតាំងនៅភូមិកំពង់ដំរី ឃុំបឹងចារ ស្រុកសំបូរខេត្តក្រចេះ ដោយប្រើពេលវេលាចាប់តាំងពីឆ្នាំ ២០១៥ ខណៈរូបបដិមាធំមួយប្រវែងបណ្តោយ ១១៤ សង់ទីម៉ែត្រ ក៏ត្រូវបានរកឃើញនៅខេត្តសៀមរាបផងដែរ។
ការបង្ហាញនេះ ត្រូវបានធ្វើឡើង ក្នុងកម្មវិធីសន្និសីទកាសែតមួយស្ដីពី «ប្រាសាទកំពង់ដំរី ប្រាសាទថ្មីមួយទៀត ទើបរកឃើញនៅក្រុងសម្ភុបុរៈ (ខេត្តក្រចេះ)» ដើម្បីបង្ហាញពីការខិតខំស្រាវជ្រាវរកឃើញប្រាសាទនេះ ព្រមទាំងរកឃើញរបកគំហើញវត្ថុបុរាណថ្មីៗជាច្រើនប្រភេទទៀតផ្សព្វផ្សាយជាសាធារណៈ។ កម្មវិធីនេះ មានការចូលរួមពីព្រះសង្ឃ មន្ត្រីរាជការ និងសិស្សានុសិស្ស ប្រមាណជិត ៥០ អង្គ និងនាក់ ដែលរៀបចំឡើងនៅពុទ្ធសាសនបណ្ឌិត្យ រាជធានីភ្នំពេញ។
លោកបណ្ឌិត ធុយ ចាន់ធួន អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានសមាគមអ្នកប្រវត្តិសាស្ត្រកម្ពុជា ដែលជាអ្នកដឹកនាំកិច្ចការស្រាវជ្រាវរកប្រាសាទនេះថ្លែងថា ប្រាសាទកំពង់ដំរី ត្រូវបានរកឃើញនៅភូមិកំពង់ដំរី ឃុំបឹងចារ ស្រុកសំបូរខេត្តក្រចេះ និងជាតំបន់ទីក្រុងបុរាណឈ្មោះ សម្ភុបុរៈ ក្នុងរជ្ជកាលចេនឡា។
លោកបន្តថា ក្រុមការងារបានធ្វើការងារយ៉ាងសកម្មទៅលើទីក្រុងបុរាណ ប្រាសាទបុរាណ រមណីយដ្ឋានប្រវត្តិសាស្ត្រ និងទីតាំងបុរាណស្ថានដែលមានទំនាក់ទំនងនឹងអរិយធម៌ចេនឡា ដោយចាប់ផ្ដើមពីឆ្នាំ ២០១៥ មកម្ល៉េះ។
ក្រុមការងារបានរកឃើញគ្រឹះប្រាសាទឥដ្ឋដុត នៅជាប់មាត់ច្រាំងទន្លេមេគង្គត្រើយខាងលិចរបស់កោះរងាវ ចម្ងាយប្រហែល ២០០ ម៉ែត្រ ពីច្រាំងទន្លេ លើខឿនមានទំហំដីប្រមាណ ៥០ ម៉ែត្រ ៤ ជ្រុង។ វាជាប្រាសាទមានគ្រឹះត្រឹមតែមួយ ទំហំប្រមាណ ១០ ម៉ែត្រ ៤ ជ្រុង តែនៅខាងកើតគ្រឹះប្រាសាទនេះប្រហែល ៤០ ម៉ែត្រ ក៏មានកូនគ្រឹះប្រាសាទឥដ្ឋមួយទៀតនៅគែមខឿន។
លោកបណ្ឌិត ធុយ ចាន់ធួន បញ្ជាក់ថា៖ «ក្រៅពីប្រាសាទដែលទើបរកឃើញនេះ ក្រុមការងារយើងបានរកឃើញសម្ភារនៅក្នុងតំបន់ប្រាសាទមួយចំនួនទៀត ដូចជា ទម្របដិមា ឬទម្រលិង្គ ពុម្ពថ្ម មេទ្វារដួលរលំ ប្រដាប់ដុសឱសថបុរាណ និងវត្ថុប្រើប្រាស់ប្រចាំថ្ងៃមនុស្សជំនាន់នោះមួយចំនួនទៀតនៅប្រាសាទកំពង់ដំរី»។
ទន្ទឹមនឹងនេះ លោកបានអំពាវនាវឲ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ចាត់វិធានការ និងទប់ស្កាត់ជនខិលខូចដែលបានលួចវត្ថុបុរាណពីតំបន់កោះគ្រីង កោះច្បារ កោះរងាវ និងតំបន់ផ្សេងៗទៀតនៅកម្ពុជា។ ប្រសិនបើមានការបាត់បង់វត្ថុបុរាណទាំងនេះ គឺដូចជាបាត់បង់អត្តសញ្ញាណជាតិ វប្បធម៌ ហើយវាក៏ជាកំណត់ហេតុរបស់ដូនតាកាលពីជំនាន់បុរាណដែរ។
ជាមួយគ្នានេះ រូបបដិមាធំមួយប្រវែងបណ្តោយ ១១៤ សង់ទីម៉ែត្រ ទំហំស្មា ៥៤ សង់ទីម៉ែត្រ និងចង្កេះទំហំ ៤៤ សង់ទីម៉ែត្រ ត្រូវបានក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ប្រទះឃើញនៅជ្រុងឦសាននៃប្រាសាទព្រះគោ នៅថ្ងៃទី ៨ ខែកក្កដានេះ នៅភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង។
លោក អួន យ៉ង់ មន្ត្រីនគរបាលបេតិកភណ្ឌប្រចាំឧទ្យានរលួសបានឲ្យដឹងថា ក្រោយពីទទួលបានដំណឹងពីពលរដ្ឋភ្លាម លោកបានស្នើសុំឲ្យផ្អាកសកម្មភាព រង់ចាំលោកចុះមកពិនិត្យដល់ទីតាំងផ្ទាល់ និងរាយការណ៍ដល់អាជ្ញាធរពាក់ព័ន្ធ។ លោកថា កន្លងមកប្រជាជនបានជួបប្រទះបដិមាផ្សេងៗដូចករណីនេះជាច្រើនដងមកហើយ និងបានរាយការណ៍ដល់សមត្ថកិច្ចជាប្រចាំផងដែរ។
លោក ឈូក សុម៉ាឡា បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរាលើកឡើងថា ការសន្និដ្ឋានភ្លាមៗមិនអាចដឹងថា ជាទ្វារបាល ឬព្រះវិស្ណុ ឬអ្វីផ្សេងនោះទេ ដោយហេតុនៃការបាត់បង់ផ្នែកសំខាន់ៗនៃតួខ្លួនច្រើន។
លោកបន្តថា៖ «កិច្ចការបន្ត ដើម្បីអភិរក្សរូបបដិមានេះ ខ្ញុំនឹងឲ្យក្រុមការងារវាស់វែង ចងក្រងឯកសារ បន្ទាប់មកយកទៅរក្សាទុកនៅរោងជាង ដើម្បីឲ្យអ្នកជំនាញផ្នែកជួសជុលថ្មសម្អាត និងតភ្ជាប់នូវបំណែកបដិមានេះឡើងវិញមុននឹងតាំងបង្ហាញជាសាធារណៈ»៕