កណ្តាលៈ មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល​នៅ​ថ្ងៃ​ម្សិលមិញ បាន​សម្រេច​បិទ​ការធ្វើ​ចរាចរណ៍​តាមផ្លូវ​ទឹក​ឆ្លងកាត់​ក្រោម​ស្ពាន​ព្រែក​តាមាក់​ជា​បណ្ដោះអាសន្ន បន្ទាប់ពី​មាន​ឧបទ្ទវហេតុ សាឡង់​ដឹកខ្សាច់​ជាង​ ៤០០ ​តោន​ ១ ​គ្រឿង​ បើក​ទៅ​កឿង​លើ​ខឿន​សសរស្ពាន​នេះ​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​។


លោក​ ម៉ឹង យូឡេង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ចន្ទ​ថា សាឡង់​ដឹក​ខ្សាច់​ ១ ​គ្រឿង​ របស់​លោក​ ចាន់ ណា បាន​ជួប​ឧបទ្ទវហេតុ​រលត់​ម៉ាស៊ីន ខណៈ​កំពុង​ធ្វើ​ដំណើរ​ស្រប​តាម​បណ្ដោយ​ខ្សែទឹក​ [​ទឹកទន្លេ​មេគង្គ​] ​មក​ប្រកៀក​នឹង​ស្ពាន​ព្រែក​តាមាក់​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ ហើយ​ត្រូវ​បាន​ទឹក​ហូរ​កួច​ទៅ​ប៉ះទង្គិច​សសរស្ពាន​បណ្ដាល​ឲ្យ​កឿង​ជាប់​លើ​ខឿន​សសរស្ពាន​តែម្ដង​។ ប៉ុន្តែ​ក្នុង​ហេតុការណ៍​នោះ ពុំ​បាន​បង្ក​ឲ្យ​នាវិក​ណា​ម្នាក់​នៅក្នុង​សាឡង់​នោះ​រងរបួស ឬ​គ្រោះថ្នាក់​ដល់​ជីវិត​នោះឡើយ​។

លោក​បាន​បញ្ជាក់​ថា​៖ «​នៅពេល​នេះ ក្រុម​ជំនាញការ​ផ្នែក​ស្ពាន​ថ្នល់​កម្ពុជា និង​ចិន​នៅ​មិន​ទាន់​អាច​វាយតម្លៃ​អំពី​កម្រិត​នៃ​ផលប៉ះពាល់​ស្ពាន​ពី​ការ​ប៉ះទង្គិច​ដោយសា​ឡង់​ដឹក​ខ្សាច់​នេះ​នៅឡើយ​ទេ ខណៈ​ទឹក​កំពុង​បន្ត​ជន់​ឡើង និង​ហូរ​កួច​ខ្លាំង ប៉ុន្តែ​ដើម្បី​សុវត្ថិភាព យើង​បាន​សម្រេច​បិទ​ការធ្វើ​នាវាចរណ៍​សាឡង់​ដឹកខ្សាច់​ឆ្លងកាត់​ក្រោម​ស្ពាន​នេះ​ជា​បណ្ដោះអាសន្ន​»​។

គិត​ត្រឹម​ល្ងាច​ថ្ងៃ​ម្សិលមិញ ការអូសទាញ​សាឡង់​ដឹកខ្សាច់​បើក​ទៅ​កឿង​លើ​សសរស្ពាន​ព្រែក​តាមាក់​នោះ មិនទាន់​ទទួល​បាន​ជោគជ័យ​នៅ​ឡើយ​ទេ​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក​ ម៉ឹង យូឡេង ពី​ល្ងាច​ម្សិលមិញ​។


ទោះ​ជា​បែបណា​ក្ដី ការធ្វើ​ចរាចរណ៍​នៅលើ​ស្ពាន​នៅ​តែ​បើក​ដំណើរការ​ដូច​ធម្មតា​។ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​លោក អ៊ុង ស៊ីថា នាយផ្នែក​នគរបាល​ចរាចរណ៍​ជើងគោក ស្រុក​មុខ​កំពូល​កាលពី​ព្រឹក​ម្សិលមិញ​។


លោក​ ស៊ីថា បាន​និយាយ​ថា​៖ «​នៅពេល​នេះ​រថយន្ត​តូចធំ​នៅ​តែ​អាចធ្វើ​ចរាចរណ៍​ឆ្លងកាត់​លើ​ស្ពាន​នេះ​ដូច​ធម្មតា​»​។

គួរ​បញ្ជាក់ថា ស្ពាន​ព្រែកតាមាក់​មាន​ប្រវែង​សរុប ១០៦០ ​ម៉ែត្រ និង​ទទឹង​ប្រវែង​ ១៣,៥ ​ម៉ែត្រ​ជាមួយ​នឹង​ល្បឿន​អតិបរមា ៦០ ​គីឡូម៉ែត្រ​ក្នុង​ ១ ​ម៉ោង​។ ការសាងសង់​ស្ពាន​នេះ ចំណាយ​ថវិកា​ប្រមាណ​ ៤៣,៥ ​លាន​ដុល្លារ​ក្រោម​ជំនួយ​ប្រាក់កម្ចី​របស់​ប្រទេស​ចិន និង​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​ ២០១០​។

កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ក្រុមមន្ត្រី​ជំនាញ និង​ម្ចាស់​សាឡង់​ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន បាន​ពិភាក្សា​គ្នា​រិះរក​វិធី​ទាញ​យក​សាឡង់​ដឹក​ខ្សាច់​ទម្ងន់​ជាង​ ៤០០ ​តោន​នោះ​ចេញ​ពី​ខឿន​នៃ​សសរស្ពាន​ដែល​ស្ថិតនៅ​កណ្ដាល​ទន្លេ​។

មន្ត្រី​ជំនាញ​ខ្លះ បាន​លើក​ឡើង​ថា ដើម្បី​រំកិល​សាឡង់​នោះ​ចេញ​ពី​ខឿន​នៃ​សសរស្ពាន​នោះ​បាន​ចាំបាច់​ត្រូវ​បូម​ខ្សាច់​យ៉ាងតិច​ពាក់កណ្ដាល​ចេញ​ពីសា​ឡង់​។ ប៉ុន្តែ​មន្ត្រី​ខ្លះ លើក​ឡើង​ថា​ត្រូវ​ប្រើ​សាឡង់​ ១ ​ឬ​ ២ ​គ្រឿង​ផ្សេងទៀត មក​ជួយ​អូស​សណ្ដោង​សាឡង់​ដែល​ជាប់​កឿង​នោះ ទើប​អាច​ទៅ​រួច​។

លោក​ ស៊ីថា បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា ក្រោយ​កិច្ចពិភាក្សា ក្រុមមន្ត្រី​ជំនាញ និង​ម្ចាស់​សាឡង់​បាន​ឯកភាព​គ្នា​លើ​មធ្យោបាយ​ទាំង​ ២ ​យ៉ាង​ខាង​លើ​នេះ ដើម្បី​អូសទាញ​សាឡង់​ដឹក​ខ្សាច់​នោះ​ចេញ​ពី​ខឿន​នៃ​សសរស្ពាន​។ ប៉ុន្តែ​ការសាកល្បង​ជំហាន​ដំបូង​ត្រូវ​បាន​បរាជ័យ បន្ទាប់ពី​ការប្រើប្រាស់​កប៉ាល់​អូសទាញ​សាឡង់​ចំនួន ៣ ​គ្រឿង​ផ្សេងទៀត​មក​ជួយ​អន្តរាគមន៍​អូសទាញ ដោយ​មិន​បូម​ខ្សាច់​ចេញ​ពី​សាឡង់​ដែល​ជាប់​កឿង​នោះ​។

លោក​ អ៊ុង ស៊ីថា បាន​បញ្ជាក់​ទៀតថា​៖ «​គេ​យក​ខ្សែពួរ​ប៉ុនៗ​កដៃ​មក​ចង​ជាប់​នឹង​ក្បាល​សាឡង់​ដឹក​ខ្សាច់ និង​កន្ទុយ​កប៉ាល់​សណ្ដោង​ចំនួន​ ៣ ដើម្បី​អូសទាញ ប៉ុន្តែ​សាឡង់​ដឹក​ខ្សាច់​នោះ​មិន​កម្រើក​អ្វី​បន្តិច​ឡើយ​។ មិន​តែ​ប៉ុណ្ណោះ​ខ្សែពួរ​ត្រូវ​បាន​ដាច់​»​។

កាលពី​ម្សិលមិញ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ស្ពាន​ព្រែកតាមាក់ និង​ជួយ​ផ្ដល់​វិធីសាស្ត្រ បច្ចេកទេស​ក្នុង​ការអូសទាញ​សាឡង់​ដឹក​ខ្សាច់​នោះ​ផងដែរ​។

ម្ចាស់​សាឡង់​ដឹក​ខ្សាច់​ខាង​លើ​នេះ​គឺ​លោក ចាន់ ណា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ខ្សាច់​ដែល​មាន​នៅក្នុង​សាឡង់​របស់​គាត់​នោះ​មាន​ជាង​ ៤០០ ​ម៉ែត្រគុប​។

លោក​បន្ត​ថា​៖ «​ខ្ញុំ​មិន​នៅក្នុង​ហេតុការណ៍​នោះទេ​ហើយ​តៃកុង​បើក​សាឡង់​របស់​ខ្ញុំ​បាន​រត់​បាត់​ហើយ​ ប៉ុន្តែ​មាន​គេ​និយាយថា​មុនពេល​មាន​ហេតុការណ៍​កើតឡើង​គេ​បាន​ឃើញ​សាឡង់​របស់ខ្ញុំ​បាន​គេច​ទូក​ទេសចរណ៍​មួយ​ទើប​ធ្វើ​ឱ្យ​ទឹក​កួច​ទៅ​ប៉ះ​នឹង​សសរស្ពាន​។ ខ្ញុំ​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​ការខូចខាត​ដោយ​ឧបទ្ទវ​ហេតុ​នេះ​»៕