ពោធិ៍សាត់ៈ ពលរដ្ឋ​ចំនួន​ ៣១ ​គ្រួសារ​​រស់នៅ​ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ស្នើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ធ្វើ​អន្ដរាគមន៍​ជួយ​កាត់​ឆ្វៀលដី​ដែល​ពួកគេ​កំពុង​រស់នៅ​ចេញពី​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស ដើម្បី​ប្រគល់ជូន​ពួកគេ ខណៈ​អាជ្ញាធរ​ព្រមាន​បណ្ដេញ​ចេញពី​ទីតាំង​នោះ ដោយ​អះអាង​ថា​ពួកគេ​បានមក​តាំង​លំនៅ​ខុសច្បាប់​។


តាម​លិខិត​ស្នើសុំ​អន្តរាគមន៍​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ចុះ​ថ្ងៃទី ​១៦ ខែ​វិច្ឆិកា ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​នា​ថ្ងៃទី​ ១៨ វិច្ឆិកា ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ទាំង​ចំនួន ៣១ ​គ្រួសារ​ បាន​មក​តាំង​លំនៅឋាន និង​អាស្រ័យផល​ (​ធ្វើស្រែ​ចម្ការ​)​ នៅក្នុង​ភូមិ​ស្ទឹងថ្មី ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ តាំងពី​ឆ្នាំ​ ២០០០ ដោយ​មាន​ការទទួលស្គាល់​ពី​អាជ្ញាធរ​ភូមិ​ឃុំ​។

លិខិត​នោះ​បញ្ជាក់ថា​៖ «​ពួកយើង​រស់នៅ​លើដី​នោះ​ដោយ​សុខសាន្ត ស្រាប់តែ​មកដល់​ថ្ងៃទី​ ៨ ខែ ​វិច្ឆិកា ឆ្នាំ​ ២០១៩ ​នេះ​មាន​លិខិត​ជូនដំណឹង​របស់​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​ស្ដីពី​ការចាត់​វិធានការ​រដ្ឋបាល​បោសសម្អាត​ទីតាំង​លំនៅឋាន​មិន​ស្របច្បាប់​ក្នុង​សហគមន៍​តំបន់​ការពារធម្មជាតិ​នៅ​ភូមិ​ស្ទឹងថ្មី​នៃ​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស​ឱ្យ​ពួកយើង ៣១ ​គ្រួសារ​ ត្រូវ​រុះរើ​ផ្ទះសំបែង​ចេញពី​ទីតាំង​នេះ​ទៅ​ទីតាំង​កន្លែង​ផ្សេង​ដោយ​កំណត់​ត្រឹម​ថ្ងៃទី​ ១៨ ខែ ​វិច្ឆិកា ឆ្នាំ​ ២០១៩ ​ជា​កំហិត​»​។

លោក​ ជន ចូញ តំណាង​ពលរដ្ឋ​ចំនួន​ ៣១ ​គ្រួសារ​បាន​ថ្លែងថា ពួកលោក​ពិតជា​អ្នក​ចំណាកស្រុក​មែន​ដោយ​មកពី​ស្រុកកំណើត​ផ្សេងៗ​គ្នា​។ ដោយសារ​ជីវភាព​ទីទាល់ក្រ​ទើប​នាំគ្នា​មក​រស់នៅ​តំបន់​នេះ ប៉ុន្ដែ​ពួកលោក​ក៏បាន​ស្នើសុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ ហើយ​អាជ្ញាធរ​ក៏​បាន​យល់ព្រម​ឱ្យ​រស់នៅ​បណ្ដោះអាសន្ន​សិន​។ ពួកលោក​សុំ​អំពាវនាវ​ឲ្យ​អាជ្ញាធរ និង​រដ្ឋាភិបាល​ជួយផ្ដល់​ដី​ ឬ​កាត់​ដី​ពី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​សំកុស និង​អនុញ្ញាត​ឲ្យ​ពួកលោក​ទទួល​បាន​ដី​ស្របច្បាប់​ក៏ដូចជា​អាច​អាស្រ័យ​ផល​។


លោក ជន ចូញ និយាយថា​៖ «​ពួកយើង​ពុំ​អាចមាន​លទ្ធភាព​រក​ទីតាំង​ផ្សេង​ដើម្បី​តាំង​លំនៅ​ជាថ្មី​បាន​ទៀត​ទេ​។ ដូច្នេះ​សូម​សម្ដេច ហ៊ុន សែន ជួយ​អន្តរាគមន៍​ដោយ​កាត់​ឆ្វៀល​ដី​តំបន់​នោះមក​ឲ្យ​ពួកយើង​ខ្ញុំ​រស់នៅ និង​អាស្រ័យ​ផល​ដោយ​អនុគ្រោះ​»​។


លោកស្រី សេក សំអាត មេឃុំ​ប្រមោយ ស្រុក​វាលវែង​បាន​ថ្លែង​ថា​តាម​ការកំណត់​របស់​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​បាន​ដាក់​កំហិត​ត្រឹម​ថ្ងៃទី​ ១៨ ខែវិច្ឆិកា​ឱ្យ​ពលរដ្ឋ​ទាំង ៣១ ​គ្រួសារ​រុះរើ​ផ្ទះ​ចេញ​ពី​ដី​នៃ​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស​។ ប៉ុន្ដែ​រហូត​មក​ទល់​ពេល​នេះ​មិន​មាន​ការរុះរើ​ផ្ទះ​ពលរដ្ឋ​ទេ ដោយ​អាជ្ញាធរ​ខេត្ត​បាន​ជួបប្រជុំគ្នា​ដោះស្រាយ​បញ្ហា​នេះ​។

លោកស្រី​បន្តថា​ពលរដ្ឋ​ទាំង ៣១ ​គ្រួសារ​នេះ​ជា​អ្នក​ចំណាកស្រុក​ពី​ស្រុក​ផ្សេងៗ​គ្នា ហើយ​បាន​រស់នៅក្នុង​មូលដ្ឋាន​ឃុំ​ប្រមោយ​ជា​បន្តបន្ទាប់ ដោយ​អ្នក​ខ្លះមក​រស់នៅ​ចាប់ពី​ឆ្នាំ​ ២០១៦ និង​មួយចំនួន​ទៀត​មក​រស់​នៅត្រឹម​ឆ្នាំ​ ២០១៨ ឬ​ឆ្នាំ​ ២០១៩ ​នេះ​។ ប៉ុន្ដែ​ពួកគាត់​សុទ្ធតែ​ជា​ពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ​ពួកគាត់​ប្រកបរបរ​ធ្វើស្រែ​ចម្ការ​ដើម្បី​ចិញ្ចឹមជីវិត​។

លោកស្រី សំអាត បញ្ជាក់​ថា​៖ «​ហើយ ខ្ញុំ​ក៏​មិនអាច​ដេញ​ពួកគាត់​ពី​កន្លែង​នោះដែរ ព្រោះ​ជា​ពលរដ្ឋ​ក្រីក្រ ហើយ​បើ​ខ្ញុំ​ដេញ​គាត់​ចេញ ក៏​ពួកគាត់​គ្មាន​លទ្ធភាព ទិញ​ដី​រស់នៅ​ដែរ​។ អ៊ីចឹង​ពួក​ខ្ញុំ​ជា​អាជ្ញាធរ​បាន​រាយការណ៍​ទៅ​ថ្នាក់លើ ហើយ​ថ្នាក់លើ​ក៏​ឯកភាព​អនុញ្ញាត​ឱ្យ​គាត់​រស់នៅ​បណ្ដោះអាសន្ន​សិន​។ រហូត​មក​ដល់​ពេលនេះ គឺ​យើង​គ្មាន​គោលការណ៍​បណ្ដេញ​គាត់​ចេញ​ទេ គឺ​យើង​កំពុង​ប្រជុំ​រក​ដំណោះស្រាយ​ថា តើ​ឱ្យ​គាត់​នៅ​ទីនោះ​ទៀត ឬ​ត្រូវ​ដោះដូរ​កន្លែង​រស់នៅ​ឱ្យ​គាត់​»​។

បើ​តាម​លោក​ ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​ថ្លែង​កាលពី​ថ្ងៃ​ទី​ ១៨ វិច្ឆិកា​ ថា លិខិត​ជូនដំណឹង​កន្លង​ទៅ​នេះ​តម្រូវ​ឱ្យ​ពលរដ្ឋ​ទាំង​ ៣១ ​គ្រួសារ​ត្រូវ​រុះរើ​ផ្ទះ​ចេញ​ត្រឹម​ថ្ងៃទី​ ១៨ ខែ​វិច្ឆិកា​នេះដែរ​។ ប៉ុន្ដែ​ខណៈ​នេះ​អាជ្ញាធរ​បាន​និង​កំពុង​ជួបប្រជុំ​ជាមួយ​ក្រុម​ការងារ​ថ្នាក់​ខេត្ត និង​ក្រសួងបរិស្ថាន ដើម្បី​រក​វិធី​ដោះស្រាយ​ឱ្យ​ប្រសើរ​ជាង​នេះ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​អត់​ទាន់​មាន​អ្វី​និយាយប្រាប់​ច្រើន ឬ​លម្អិត​បាន​ទេ ព្រោះ​ក្រុមការងារ​ក្រសួង​បរិស្ថាន និង​ខេត្ត​ពោធិ៍សាត់​កំពុង​ជួបប្រជុំគ្នា​រក​ដំណោះស្រាយ​ហើយ​ព័ត៌មាន​បន្ថែម ខ្ញុំ​ជម្រាប​នៅពេល​ក្រោយ​ទៀត​»​។

លោក​ សំ ច័ន្ទគា មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​ (​អាដហុក​) ​ប្រចាំ​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង គាំទ្រ​ឲ្យ​មានការ​ជជែក​គ្នា​ពី​បញ្ហា​នេះ ដើម្បី​ចៀសវាង​ការបណ្ដេញចេញ​ទាំង​បង្ខំ​។ លោក​ថ្លែងថា ពួកគាត់​សុទ្ធតែ​ជា​អ្នក​ក្រីក្រ​ដែល​មាន​ជីវភាព​ធ្វើស្រែ​ចម្ការ ហើយ​ប្រសិន​ពួកគាត់​គ្មាន​ដី​រស់នៅ ឬ​ធ្វើស្រែ​ចម្ការ​ទេនោះ ពួកគាត់​ក៏​កាន់តែ​គ្មានអ្វី​ទីពឹង​ដែរ​។

លោក​បញ្ជាក់ថា​៖ «​រដ្ឋាភិបាល គួរ​ពិចារណា​ថា​ត្រូវ​ផ្ដល់ឱ្យ​ពួកគាត់​នៅ​កន្លែង​ផ្សេង​ទៅ ប្រសិន​បើ​គិតថា​ពួកគាត់​រស់នៅ​ប៉ះពាល់​សត្វព្រៃ​ភ្នំ​សំកុស ហើយ​បើ​គ្មាន​ដី​កន្លែង​ផ្សេង​ទេ គួរ​កាត់​ឆ្វៀល​ដី​កន្លែង​ហ្នឹង​ឲ្យ​គាត់​ទៅ​។ ប៉ុន្ដែ​ដាក់​លក្ខខណ្ឌ​ឲ្យ​ពួកគាត់​ហាម​ប៉ះពាល់​សត្វព្រៃ ឬ​ព្រៃឈើ​តំបន់​នោះ​។ បើ​យើង​ដោះស្រាយ បែប​នេះ​គឺ​ចំណេញ​ទាំងអស់​គ្នា​»​។

តាម​លិខិត​ជូនដំណឹង​ដល់​ថ្ងៃ​កំណត់​មន្ទីរ​បរិស្ថាន​ខេត្ត​នឹង​ចាត់វិធានការ​ចុះ​​រុះរើ ដោយ​មិន​ទទួលខុសត្រូវ​លើ​ការបាត់បង់ និង​ការខូចខាត​ផ្សេងៗ​នោះទេ ហើយ​ក្នុង​ករណី​បងប្អូន​ប្រជាពលរដ្ឋ​ណា​ដែល​រឹងរូស​ ឬ​ប្រឆាំង​តបត​ដោយ​ហិង្សា​នឹង​ត្រូវ​ទទួលទោស​តាមច្បាប់​​ជា​ធរមាន​។

លោក​ នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃទី​ ១៨ វិច្ឆិកា​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ដោយ​ថា ទុកឱ្យ​មន្ត្រី​ជំនាញ​ធ្វើ​ការងារ​ហ្នឹង​តាម​នីតិវិធី​ច្បាប់​។

ទោះយ៉ាង​ណា​លោក​ ភក្ត្រា ​ធ្លាប់បាន​ឲ្យ​ដឹងថា ការទន្ទ្រាន​កាន់កាប់​ដី​ដោយ​ខុសច្បាប់​ពី​សំណាក់​ពលរដ្ឋ​ខ្លះ​ត្រូវបាន​ធ្វើឡើង​ក្រោម​ការ​បំផុស​ពី​ឈ្មួញ​រកស៊ី​ដីធ្លី​។ ឈ្មួញ​បាន​ញុះញង់​ឲ្យ​ពលរដ្ឋ​នៅ​មូលដ្ឋាន​រំលោភបំពាន​ច្បាប់ និង​បំផ្លាញ​ធនធាន​ធម្មជាតិ​ក្រោម​រូបភាព​ជាច្រើន​ដូចជា ការដាំ​ដំណាំ​ផ្សេងៗ ដើម្បី​បន្លំ​ថា​ជា​ដី និង​ដំណាំ​ដែល​ខ្លួន​បាន​កាន់កាប់ និង​អាស្រ័យ​ផល​ជា​កម្មសិទ្ធិ ឬ​ខ្លួន​បាន​គ្រប់គ្រង​ជា​យូរ​មកហើយ​។

នៅ​ឆ្នាំ​ ២០១២ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​បទបញ្ជា​លេខ បប ០១ ដើម្បី​បញ្ចប់​ជម្លោះដីធ្លី​នៅ​លើដី​របស់​រដ្ឋ ដែល​គ្របដណ្ដប់​ទៅ​ដោយ​ព្រៃឈើ ដីសម្បទាន​ព្រៃឈើ និង​ដីសម្បទាន​សេដ្ឋកិច្ច​។

គោលការណ៍​នេះ គឺ​ដើម្បី​ទទួល​ស្គាល់ និង​ធ្វើឱ្យ​មាន​ភាពស្របច្បាប់​ទៅ​លើ​ដី ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រជាពលរដ្ឋ​គិត​ចាប់​ពីមុន​ខែ​ឧសភា ឆ្នាំ​ ២០១២ ​។ វា​ជា​ប្រតិបត្តិការ​ធំ​មួយ​ដែល​ធ្វើឡើង​ដោយ​មន្ត្រី​សុរិយោដី និង​ក្រុមយុវជន​ស្ម័គ្រចិត្ត​ជាង​ ៥ ​ពាន់​នាក់​ដែល​ធ្វើការ​នៅក្នុង​ខេត្ត​ចំនួន​ ២២ រួមទាំង​ខេត្តពោធិ៍សាត់​ផងដែរ​។ ក្រុម​យុវជន និង​មន្ត្រី​បានធ្វើការ​ជាមួយ​គ្នា​ដើម្បី​វាស់វែង​ដីធ្លី​ដែល​ពលរដ្ឋ​កាន់កាប់ ហើយ​បាន​ចែក​បណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ទៅតាម​នីតិវិធី​។

ផ្ទៃដី​ជាង ១ ​លាន​ហិកតា​ត្រូវ​បាន​ចែកជូន​ដល់​ប្រជាពលរដ្ឋ ហើយ​ប្រតិបត្តិការ​ត្រូវ​បាន​បញ្ចប់​នៅ​ឆ្នាំ​ ២០១៣ មុន​ការបោះឆ្នោតជាតិ​។ គេ​បាន​ប៉ាន់ប្រមាណ​ថា ផ្ទៃដី​ដែល​ត្រូវបាន​កាន់កាប់​ដោយ​ពលរដ្ឋ​មុន​ខែ​ឧសភា ឆ្នាំ​ ២០១២ ត្រូវបាន​ចែកជូន​ដល់​ពលរដ្ឋ​អស់ហើយ​៕