មណ្ឌលគីរីៈ រជាពលរដ្ឋចំនួន ៣ នាក់ នៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីបានអះអាងថា ពួកគាត់ត្រូវម្ចាស់សិប្បកម្មកែច្នៃឈើម្នាក់ឈ្មោះ សារឿន ម៉ាប់ គំរាមសម្លាប់ បន្ទាប់ពីពួកគាត់បានចុះថតទីតាំងកែច្នៃឈើខុសច្បាប់ចំនួន ៤ កន្លែង នៅព្រៃសហគមន៍។ អាជ្ញាធរស្រុកបញ្ជាក់ថា នឹងចាត់វិធានការតាមច្បាប់ ប្រសិនបើពលរដ្ឋទាំង ៣ នាក់នោះ ដាក់ពាក្យប្ដឹងមកខ្លួន។
លោក គ្រើង តុលា តំណាងសហគមន៍នៅឃុំប៊ូស្រាបានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា លោក សារឿន ម៉ាប់ ជាអតីតមន្ត្រីយោធា បានគំរាមលោក និងពលរដ្ឋចំនួន ២ នាក់ទៀត ឈ្មោះ ស្រើក សើញ និងឈ្មោះ ស្រាំង សឿន តាមទូរស័ព្ទផង និងមកគំរាមផ្ទាល់ផង ដូចជាការជិះឡានបំបុក ពួនកាប់នៅនឹងកន្លែង និងការគំរាមបាញ់សម្លាប់ ដែលការគំរាមកំហែងទាំងនេះបានកើតឡើង ក្រោយពីសហគមន៍មួយក្រុមកាលពី ២ សប្ដាហ៍មុន បានចុះថតសកម្មភាពអារឈើចំនួន ៤ ទីតាំង របស់ឈ្មោះ សារឿន ម៉ាប់ ស្ថិតក្នុងភូមិអូរច្រាស់។
លោក តុលា ថ្លែងថា៖ «គាត់ (សារឿន ម៉ាប់) ថា ម៉ូតូអ្នកឯងក៏ខ្ញុំស្គាល់ ផ្លូវចេញចូលក៏ខ្ញុំដឹង ហើយរូបរាងអ្នកឯងក៏ខ្ញុំស្គាល់ អ៊ីចឹងមានន័យថា គាត់គំរាមខ្ញុំបាត់ទៅហើយ។ ហើយគាត់ធ្លាប់និយាយជាមួយសហគមន៍ថា គ្រាប់កាំភ្លើងគាត់អត់មានភ្នែកទេ ហើយគាត់ថា ប្រសិនបើឃើញពេលថតហ្នឹង គាត់នឹងកាប់ឱ្យណាណីអ៊ីចឹងណា៎»។
លោក តុលា បន្តថា ក្រុមសហគមន៍បានចុះល្បាតព្រៃ និងបានរកឃើញម៉ាស៊ីនអារឈើ និងឈើដែលគេច្រៀករួចហើយនៅលើទីតាំងចំនួន ៤ កន្លែង ដែលទីតាំងទាំងនោះមានជួលជនជាតិវៀតណាមជាកម្មករប្រហែល ១០ នាក់ឱ្យនៅប្រចាំការ។ បើតាមសហគមន៍បានសង្កេតឃើញថា ទីតាំងអារឈើរបស់លោក សាវឿន ម៉ាប់ គឺក្នុងមួយទីតាំងបានដឹកឈើចេញទៅលក់នៅតំបន់ផ្សេងយ៉ាងតិចចំនួន ៣ ឡាន ដែលក្នុង ១ ឡាន អាចមានឈើចាប់ពី ៤ ទៅ ៦ ម៉ែត្រគុប។
លោក តុលា បន្ថែមថា បន្ទាប់ពីក្រុមសហគមន៍បានចុះថតទីតាំងអារឈើទាំងនេះផ្ញើមកលោក គឺលោកបានទៅសួររកមូលហេតុអំពីការបើកកន្លែងអារឈើខុសច្បាប់នេះ ប៉ុន្តែលោក សារឿន ម៉ាប់ បានឆ្លើយតបថា ការបើកទីតាំងនេះ គឺសម្រាប់អារឈើប្រហែល ៦ ម៉ែត្រគុប សម្រាប់ធ្វើផ្ទះ ដូចអ្វីដែលបានស្នើទៅសហគមន៍ និងអាជ្ញាធរភូមិប៉ុណ្ណោះ។
លោក តុលា ថ្លែងថា៖ «គាត់ថា ដោយសារតែគាត់សុំច្បាប់ហើយពីឃុំនិងសហគមន៍ ប៉ុន្តែច្បាប់របស់គាត់ហ្នឹងគឺគាត់សុំតែមួយខែកុម្ភៈដើម្បីធ្វើផ្ទះទេ ហើយចំនួនឈើដែលគាត់មានប្រហែលពី ៦ ទៅ ៧ គុប និងមិនមែនធ្វើរហូតមកដល់ពេលនេះទេ ដល់ពេលខ្ញុំសួរគាត់ គាត់ថាម៉ាស៊ីនខូច។ បើម៉ាស៊ីនខូចម៉េចមិនសុំម្ដងទៀត ព្រោះលើសកាលកំណត់ហើយ»។
លោក តុលា អះអាងថា ទីតាំងអារឈើទាំងនេះ គឺជាកន្លែងសម្រាប់ទិញឈើពីក្រុមពលរដ្ឋខិលខូចដែលតែងចូលទៅលួចកាប់ឈើខុសច្បាប់នៅក្នុងព្រៃសហគមន៍។ ជុំវិញបញ្ហាបើកន្លែងអារឈើខុសច្បាប់ និងការគំរាមសម្លាប់នេះ លោកបានប្ដឹងតាមទូរស័ព្ទទៅអធិការរងស្រុកពេជ្រាដាលោក ម៉ែន ម៉ានី រួចហើយ ហើយលោកថា ប្រសិនអាជ្ញាធរស្រុកមិនមានចំណាត់ការទេ លោកនឹងដាក់ពាក្យប្ដឹងទៅតុលាការនាពេលខាងមុខ។
លោក ម៉ែន ម៉ានី បានប្រាប់ថា លោកនឹងចុះមកពិនិត្យអំពីទីតាំងបើកកន្លែងអារឈើនៅថ្ងៃចន្ទនេះ ហើយប្រសិនបើជាបទល្មើសខុសច្បាប់មែន នឹងរាយការណ៍ទៅខាងមន្ត្រីរដ្ឋបាលព្រៃឈើ។ដោយឡែកចំពោះការគំរាមសម្លាប់ពីសំណាក់លោក សារឿន ម៉ាប់ គឺអាជ្ញាធរនឹងអនុវត្តតាមច្បាប់ ប្រសិនបើសហគមន៍ដាក់ពាក្យប្ដឹងមកអាជ្ញាធរ។
លោក ម៉ានី ថ្លែងថា៖ «អាហ្នឹងឱ្យតែគាត់ប្ដឹងថាពីណាមួយគំរាមកំហែងពួកគាត់ គាត់ប្ដឹងមកគេធ្វើការតើ។ គាត់គ្រាន់តែនិយាយតំណាលហ្នឹង មិនទាន់ប្ដឹងទេ»។
ភ្នំពេញប៉ុស្ដិ៍មិនទាន់រកប្រភពដើម្បីសុំការបកស្រាយពីលោក សារឿន ម៉ាប់ បានទេនៅថ្ងៃម្សិលមិញ។
លោក ស្រាំង សឿន ពលរដ្ឋម្នាក់ទៀតបានលើកឡើងដែរថា លោក សារឿន ម៉ាប់ បានប្ដេជ្ញាថា នឹងមិនទុកឲ្យពួកលោកបានរួចខ្លួនឡើយ ប្រសិនបើគេត្រូវបានអាជ្ញាធរចាប់ខ្លួន ដោយសារការបើកកន្លែងអារឈើនេះ។
លោក សឿន ថ្លែងថា៖ «គាត់ថាម៉ាប៊ូស្រាហ្នឹង មានតែគាត់ទេ អត់មានខ្លាចអ្នកណាទេ អាណាគេហ៊ានធ្វើអញម៉ាប៊ូស្រាហ្នឹង»។
លោក អៀង ម៉េងលី មន្ត្រីសម្របសម្រួលសមាគមអាដហុកខេត្តមណ្ឌលគិរីលើកឡើងថា ការគំរាមសម្លាប់គឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលអាជ្ញាធរគួរតែបើកការស៊ើបអង្កេតជាបន្ទាន់ ដើម្បីចៀសវាងកុំឱ្យប៉ះពាល់ដល់អាយុជីវិតរបស់ជនរងគ្រោះ ថ្វីដ្បិតពុំទទួលបានពាក្យបណ្ដឹងជាលាយលក្ខណ៍អក្សរក្ដី៕