កំពតៈ ប្រជាសហគមន៍ក្នុងភូមិចង្ហោនបានឲ្យដឹងថា ព្រៃកោងកាងជាច្រើនហិកតានៅតំបន់ឆ្នេរក្នុងភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្ដកំពត កំពុងរងការកាប់ទន្ទ្រានវាទយកដីដើម្បីធ្វើជាកម្មសិទ្ធិ ដោយមិនទាន់មានអាជ្ញាធរមានវិធានការទប់ស្កាត់។
ប្រជាសហគមន៍ដដែលនេះបានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ជនល្មើសមិនស្គាល់អត្តសញ្ញាណមានគ្នាពី ៥ ទៅ ១០ នាក់តែងតែចូលលួចទៅកាប់ព្រៃកោងកាងធម្មជាតិ នៅពេលយប់ដែលមានសភាពស្ងប់ស្ងាត់ អស់ជាច្រើនហិកតានៅតាមបណ្ដោយមាត់សមុទ្រថែមទាំងលួចធ្វើព្រំដីដោយមិនមានមន្ត្រីណាម្នាក់ដឹងឮនាពេលថ្មីៗកន្លងមកនេះ។
ប្រជាសហគមន៍ដដែលនេះបានឲ្យដឹងថា៖ «ការកាប់បំផ្លាញព្រៃកោងកាង ហើយរំលោភយកដីនេះជនល្មើសបានធ្វើឡើងក្នុងអំឡុងប្រមាណ ១ ខែកន្លងមកនេះ ( តាំងពីអំឡុងខែសីហា) ដោយគ្មានអាជ្ញាធរ ឬស្ថាប័នជំនាញពាក់ព័ន្ធណាបានដឹងឡើយ ក្រៅពីប្រជាសហគមន៍កោងកាងប៉ុន្មានគ្រួសារនៅជិតតំបន់ដែលត្រូវគេទន្ទ្រាននោះ។ ព្រោះទីតាំងដែលពួកជនល្មើសកាប់បំផ្លាញនោះ គេបានធ្វើសកម្មភាពនាពេលយប់មានភាពស្ងប់ស្ងាត់»។
លោក យន់ ផល្លី មន្ដ្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្ដកំពតបានឲ្យដឹងថា ដីនៅតំបន់ឆ្នេរសមុទ្រ ដីព្រៃកោងកាងជាច្រើនកន្លែងនៅក្នុងខេត្ដកំពតកំពុងរងការទន្ទ្រានពីជនខិលខូច ដោយអាជ្ញាធរខេត្តមិនទាន់មានវិធានការគ្រប់គ្រាន់នៅឡើយទេ។
លោក ផល្លី ថ្លែងថា៖ «រូបភាពនៃការកាប់ទន្ទ្រានដីព្រៃកោងកាងរំលោភយកដីចំណីឆ្នេរសមុទ្រនៅតំបន់ឆ្នេរចង្ហោននេះ គឺជាករណីខុសច្បាប់សុទ្ធសាធ។ អាជ្ញាធរខេត្ដត្រូវមានវិធានការបន្ទាន់ដើម្បីចុះស៊ើបអង្កេតលើករណីនេះ ដើម្បីរកមុខជនល្មើសមកផ្ដន្ទាទោសតាមច្បាប់»។
ទោះជាយ៉ាងណាក៏ដោយលោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្ដកំពតបានថ្លែងកាលពីម្សិលមិញថាមិនទាន់ទទួលបានព័ត៌មានជុំវិញការទន្ទ្រាននេះនៅឡើយទេ។
លោក ស៊ុយ ធា ថ្លែងថា៖ «ខ្ញុំអត់ទាន់ទទួលបានព័ត៌មានទេ ខ្ញុំអត់មានមន្ដ្រីនៅប្រចាំនៅតំបន់នោះទេ បើមានព័ត៌មានអ្វីយើងនឹងចុះទៅពិនិត្យមើល ព្រោះមន្ទីរបរិស្ថានយើងមានមន្ដ្រីតែ ២ នាក់។ ក្រោយបានព័ត៌មានពីរឿងនេះ ខ្ញុំនឹងចុះទៅពិនិត្យមើលហើយ។ នៅតំបន់ឆ្នេរចង្ហោននេះជាដីឆ្នេររបស់រដ្ឋ ស្ថិតក្រោមការគ្រប់គ្រងរួមរបស់រដ្ឋបាលខេត្ដកំពតតែម្ដង»។
លោក ស សារិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត និងលោក នាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូកាលពីម្សិលមិញមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេដោយចុចបិទទូរស័ព្ទនៅពេលដែលភ្នំពេញប៉ុស្តិ៍ណែនាំខ្លួន។
លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានថ្លែងកាលពីថ្ងៃអាទិត្យសប្ដាហ៍មុនដោយអះអាងថាបានបញ្ជាឲ្យក្រុមការងារចុះទៅពិនិត្យរួចហើយ។
លោកថ្លែងថា៖ «ពាក់ព័ន្ធរឿងនេះយើងបានឲ្យរុះរើ (ដូចជាខ្ទម របង) ចេញជាបន្ទាន់ យើងមិនអាចទុកបានទេ»។
លោក ឈួន ឆាន មេភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ បានថ្លែងថា ដីព្រៃកោងកាងនៅតំបន់ឆ្នេរចង្ហោននេះតែងតែមានការចូលទន្ទ្រានជាបន្តបន្ទាប់ ក្នុងនោះក៏មានពលរដ្ឋនៅមូលដ្ឋានក្នុងភូមិឃុំនោះផងដែរ។
លោកថ្លែងថា៖ «កន្លងមកមានពលរដ្ឋមួយចំនួនគាត់ចូលទៅធ្វើផ្ទះដោយទន្ទ្រានយកដីនៅតំបន់ឆ្នេរចង្ហោននេះ។ ប៉ុន្ដែមិនជាលក្ខណៈធំធេងទេ។ ចំពោះករណីមានអ្នកមកកាប់កោងកាងទន្ទ្រានយកដីជាច្រើនហិកតាខ្ញុំមិនទាន់ដឹងទេ»។
លោក សុខ ជា ប្រធានសហគមន៍នេសាទចង្ហោនក្នុងភូមិចង្ហោនបានថ្លែងថា ក្រៅពីពលរដ្ឋមួយចំនួនដែលធ្លាប់បានទៅទន្ទ្រានធ្វើផ្ទះលើដីឆ្នេរចង្ហោនកាលពីប្រហែល ២ ខែមុនរហូតដល់បច្ចុប្បន្នមិនទាន់មានករណីកាប់ទន្ទ្រានថ្មីនោះទេ។ លោកថ្លែងថា៖ «មានប្រធានសហគមន៍នៅប្រចាំការចូលកាប់ទន្ទ្រានមិនបានទេ»៕