សៀមរាប/កំពង់ធំៈ ភ្លើងឆេះព្រៃនាប៉ុន្មានថ្ងៃនេះបានបង្កការខូចខាតដល់ព្រៃឈើដែលដាំថ្មីនិងព្រៃធម្មជាតិរបស់រដ្ឋអស់រាប់រយហិកតាបន្ថែមទៀតនៅក្នុងខេត្តសៀមរាប និងខេត្តកំពង់ធំខណៈមូលហេតុអាចដោយសារកត្តាមនុស្សដែលធ្វេសប្រហែស។ នេះបើយោងតាមមន្ត្រីពាក់ព័ន្ធនៃខេត្តទាំង ២ កាលពីម្សិលមិញ។
លោក អុឹង វុធារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ភ្លើងឆេះព្រៃកាលពីថ្ងៃទី ១១-១២ ខែ មីនា ឆ្នាំ ២០១៩ បានបំផ្លាញព្រៃឈើធម្មជាតិ និងព្រៃឈើដែលដាំរបស់រដ្ឋនៅចំណុចភូមិសាស្ត្រ ភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប អស់ជាង ២០០ ហិកតា។
លោក វុធារ៉ា បានបញ្ជាក់ថា៖ «ប្រភេទឈើព្រៃដែលដាំរបស់យើង នៅតំបន់ខាងលើនេះភាគច្រើនជាឈើគ្រញូង ធ្នង់ និងកកោះ។ យើងប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំទម្រាំដាំវាបាននៅក្នុងចំនួននេះ ប៉ុន្តែវាត្រូវបានបំផ្លាញដោយសារករណីភ្លើងឆេះព្រៃតែក្នុង រយៈពេល ២ ថ្ងៃប៉ុណ្ណោះ»។
លោក វុធារ៉ា ដែលបានសិក្សាស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំអំពីលក្ខណៈភ្លើងឆេះព្រៃនៅក្នុងប្រទេស កម្ពុជា បានកត់សម្គាល់ថា ភ្លើងឆេះព្រៃនៅកម្ពុជា ជាទូទៅបង្កឡើងដោយសារ «កត្តាមនុស្ស» មិនមែនដោយកត្តាធម្មជាតិនោះទេ។
លោកបានថ្លែងថា រៀងរាល់រដូវប្រាំង ខណៈអាកាសធាតុកំពុងក្ដៅហួតហែងខ្លាំង ក្រុមអ្នកភូមិមួយចំនួនបាននាំគ្នាដើររុករកអនុផលព្រៃឈើ ដូចជា ទឹកឃ្មុំព្រៃ ឫសឈើ មើមឈើ សម្រាប់ធ្វើជាឱសថបុរាណ ជាដើមនោះបានប្រើប្រាស់ភ្លើងដាំបាយហូប ឬដុតយកឃ្មុំ ដោយខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យឆេះស្មៅក្នុងព្រៃ ហើយរាលដាលបង្កជាភ្លើងឆេះព្រៃមានទំហំធំ ដែលពេលខ្លះបានឆេះរាលដល់ផ្ទះអ្នកភូមិដែលនៅក្បែរដងព្រៃទៀតផង។
បើតាម លោក វុធារ៉ា ក្រុមមន្ត្រីជំនាញផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី និងអាជ្ញាធរមូលដ្ឋាន បានប្រឹងប្រែងនាំគ្នាពន្លត់ភ្លើងព្រៃទាំងនោះដោយមានប្រើគ្រឿងចក្រព្យួរកាត់ផ្ដាច់ការរីករាលដាលនៃភ្លើងឆេះព្រៃនោះមិនឲ្យឆ្លងកាត់ទៅតំបន់ផ្សេងទៀត និងប្រើរថយន្តបាញ់ទឹកជាច្រើនគ្រឿងដោយអស់ទឹករាប់ពាន់ម៉ែត្រគុប។
លោក ឡុង សំណាង អធិការស្រុកបន្ទាយស្រី បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ក្រៅពីព្រៃឈើដែលដាំថ្មីក្នុងតំបន់ខាងលើនេះ ព្រៃឈើក្នុងតំបន់ប្រាសាទបន្ទាយសំរែដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរាប្រមាណ ៣ ហិកតាក៏រងការខូចខាតដោយសារភ្លើងឆេះព្រៃផងដែរ កាលពីថ្ងៃទី ១១-១២ ខែ មីនា ឆ្នាំ ២០១៩ កន្លងមកនេះ។
លោក សំណាង បានថ្លែងទៀតថា ពេលនេះ អាជ្ញាធរកំពុងបន្តស្រាវជ្រាវស្វែងរកអត្តសញ្ញាណក្រុមជនសង្ស័យដែលបានបង្កឲ្យមានករណីភ្លើងឆេះព្រៃនេះកើតឡើងដើម្បីកសាងសំណុំរឿងបញ្ជូនទៅឲ្យតុលាការចាត់វិធានការតាមនីតិវិធី។
ដោយឡែកកាលពីថ្ងៃអង្គារ នៅឯខេត្តកំពង់ធំ ភ្លើងឆេះព្រៃ បានបំផ្លាញព្រៃក្នុងចម្ការរបស់រដ្ឋប្រមាណ ១៥ ហិកតាផងដែរ នៅចំណុចភូមិសាស្ត្រ ភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក។ នេះបើតាម លោក កែវ ឆេង មេឃុំក្រយា ស្រុកសន្ទុក កាលពីថ្ងៃពុធម្សិលមិញ។
លោកថ្លែងថា តំបន់នោះ ស្ថិតនៅដាច់ឆ្ងាយពីភូមិនិងមិនមែនជាទីកន្លែងដែលអ្នកភូមិនិយមនាំគ្នាទៅរុករកឃ្មុំព្រៃនោះទេ ដោយវាមិនស្ថិតនៅជាប់តំបន់ព្រៃធម្មជាតិផ្សេងទៀតដែលត្រូវមានផ្លែផ្កានារដូវប្រាំងនេះឡើយ។
លោក ឆេង បានថ្លែងថា៖ «យើងនៅមិនទាន់ដឹងពីមូលហេតុនៃភ្លើងឆេះព្រៃចម្ការគ្រញូងនោះនៅឡើយទេ។យើងគ្រាន់តែសន្និដ្ឋានថា វាអាចឆេះរាលដាលពីតំបន់ផ្សេងឬអាចមានជនណាម្នាក់ បោះកន្ទុយបារីចោលនៅក្នុងតំបន់នោះបណ្ដាលឲ្យឆេះស្មៅដែលក្រៀមស្វិតហើយបង្កជាភ្លើងឆេះព្រៃ ព្រោះតំបន់នោះស្ថិតនៅជាប់នឹងដងផ្លូវជាតិ»។
ទោះជាបែបណាក្ដី លោក ឆេង បានឲ្យដឹងថា ក្រុមសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើក្រយា ចុះអន្តរាគមន៍ពន្លត់ភ្លើងឆេះព្រៃនោះឲ្យរលត់អស់ទៅវិញកាលពីល្ងាចថ្ងៃអង្គារ ដោយប្រើប្រាស់រថយន្តបាញ់ទឹកចំនួន ៣ គ្រឿង និងប្រើទឹកសរុបអស់ ១២០ ម៉ែត្រគុប៕