ភ្នំពេញៈ ព្រះមហាក្សត្រ សម្តេចព្រះ បរមនាថ នរោត្ដម សីហមុនី បាន​ត្រាស់​បង្គាប់​ផ្តល់​នីតិ​សម្បទា​នយោបាយ​ឡើង​វិញ​ឲ្យ​លោក​គង់ គាំ​អតីត​ប្រធាន​គណបក្ស សម រង្ស៊ី និង​កូន​ប្រុស​របស់​លោក គឺ លោក គង់ បូរ៉ា អតីត​តំណាង​រាស្ត្រ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​បន្ទាប់​ពី​ពួក​លោក​បាន​ដាក់​សំណើ​ទៅ​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី ៦ ខែ​មករា។


យោងតាម​ព្រះរាជក្រឹត្យ​ដែល​ឡាយព្រះហស្តលេខា​ដោយ​ព្រះមហា​ក្សត្រ កាល​ពី​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ២០១៩ បាន​ត្រាស់​បង្គាប់​ថា៖ «ត្រូវ​បាន​ផ្តល់​នីតិ​សម្បទា​ឡើ​ងវិញ ឲ្យ​ឈ្មោះ គង់ គាំ ភេទ​ប្រុស កើត​ថ្ងៃ​ទី ៦ ខែ​មេសា ឆ្នាំ ១៩៤១ និង​ឈ្មោះ គង់ បូរ៉ា ភេទ​ប្រុស កើត​ថ្ងៃទី ២០ ខែ​កញ្ញា ឆ្នាំ ១៩៧៤ ដែល​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ ធ្វើ​សកម្មភាព​នយោបាយ​សម្រាប់​រយៈពេល ៥ (ប្រាំ) ឆ្នាំ តាម​អំណាច​សាល​ដីកា លេខ ០៣៤ (ឆ) ចុះ​ថ្ងៃទី ១៦ ខែ​វិច្ឆិកា ឆ្នាំ ២០១៩ របស់​តុលាការ​កំពូល»។

លោក​ គង់ គាំ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​មាន​អារម្មណ៍​សប្បាយ និង​រំភើប​រីករាយ​ដែល​ត្រូវ​បាន​ព្រះមហា​ក្សត្រ​ត្រាស់​បង្គាប់​ផ្តល់​នីតិ​សម្បទា​នយោបាយ​ឡើង​វិញ។

លោក​បញ្ជាក់ថា៖ «ឆ្លៀត​ក្នុងឱកាស​នេះ​សូម​ថ្លែងអំណរគុណ សម្តេច​ក្រឡា​ហោម ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​បាន​ធ្វើ​សេចក្តី​ស្នើ​សុំ ទៅ​សម្តេច​តេជោ នាយក​រដ្ឋមន្ត្រី និង​សូម​ថ្លែង​អំណរ​គុណ​សម្តេច​តេជោ ដែល​បាន​ទូល​ថ្វាយ ព្រះមហា​ក្សត្រ​ហើយអរគុណ​ព្រះមហា​ក្សត្រ ដែល​បាន​ពិនិត្យ​និង​យល់​ព្រម​ផ្តល់​សម្បទា​នយោបាយ​ឡើង​វិញ​ដល់​ខ្ញុំ»។

លោក គង់ គាំ បាន​ឲ្យ​ដឹងថា លោក​នឹងចូលរួម​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​មាន កូន​ប្រុស​របស់​លោក គឺ លោក គង់ មុនីកា ជា​អ្នក​បង្កើត ហើយ​គណបក្ស​នេះ នឹង​ចូលរួម​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​ថ្ងៃទី ២៦ ខែ​ឧសភា ឆ្នាំ ២០១៩ ដើម្បី​ទៅ​បម្រើ​ប្រជាពលរដ្ឋ។


លោក​បញ្ជាក់​ថា៖ «គណបក្ស​ឆន្ទៈ​ខ្មែរ​គឺជា​ជម្រក​ថ្មី​សម្រាប់​សមាជិក អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជា​ឱកាស​ថ្មី​និង​ជា​ជម្រើស​ថ្មី សម្រាប់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​នៅ​កម្ពុជា»។

លោក​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា លោក គង់ បូរ៉ា នឹង​ត្រឡប់​ទៅ​បន្តការងារ​របស់​គាត់​នៅ​ក្រសួង​កសិកម្ម​វិញ ហើយ​គាត់​នឹង​ធ្វើ​ការ​សម្រេច​នៅ​ឆ្នាំ ២០២២ និង ២០២៣ ថា តើ​គាត់​នឹង​បន្ត​ធ្វើ​នយោបាយ​ឬ​យ៉ាង​ណា?

លោក គង់ គាំ និងលោក គង់ បូរ៉ា រួមទាំង​អតីត​ថ្នាក់ដឹកនាំ អតីត​គណបក្ស​សង្គ្រោះ​ជាតិ សរុប​ចំនួន ១១៨ នាក់ ត្រូវ​បាន តុលាការ​កំពូល ចេញ​សាល​ដីកា​ផ្អាក​សកម្មភាព​នយោបាយ​រយៈពេល ៥ ឆ្នាំ កាល​ពី​ថ្ងៃទី ១៦ ខែ​វិច្ឆិកា ឆ្នាំ ២០១៧ បន្ទាប់​ពី​តុលាការ​ជឿជាក់​ថា អតីត​គណបក្ស​ប្រឆាំង​មួយ​នេះ បាន​ឃុបឃិត​ជាមួយ​បរទេស ក្នុង​គោល​បំណង​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់។

នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ថ្លែងថា រហូត​ដល់​ពេល​នេះ​ក្រសួង​មហាផ្ទៃ​មិន ទាន់​ទទួល​លិខិត​ស្នើ​សុំ​ដក​បម្រាម​ធ្វើ​សកម្មភាព​នយោបាយ ពី​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ណា​ផ្សេង​ទៀត​នៅ​ឡើយ​ទេ​បន្ទាប់​ពី​ក្រសួង​បាន​ទទួល​លិខិត​លោក ​គង់ គាំ និង​លោក គង់ បូរ៉ា។

លោក​ សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​បង្ហោះ​កាល​ពី​ថ្ងៃ​ទី ១០ ខែ​មករា ឆ្នាំ ២០១៩ ថា លោក​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ទទួល​បរាជ័យ ក្នុង​ការ​ប៉ុនប៉ង​អូស​ទាញ​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ១១៨ រូប ទោះបី​ជា​លោក​នាយក​រដ្ឋមន្ត្រី បាន​ជំរុញ​រដ្ឋសភា​ឲ្យ​ធ្វើ​ច្បាប់​មួយ​ពិសេស ដើម្បី​បង្ខំ​ឲ្យ​មន្ត្រី​អតីត​បក្ស​សង្គ្រោះ​ជាតិ ១១៨ រូប មក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​ពី​គាត់​យ៉ាង​ណា​ក៏ដោយ។

លោក​បញ្ជាក់ថា៖ «លោក ហ៊ុន សែន​ទទួល​បរាជ័យ​យ៉ាង​អាម៉ាស់ ពីព្រោះ​អ្នក​ដែល​ចាញ់​បោក​គាត់ ប្រហែល​ជា​មិន​លើស​ពី ២ នាក់​ទេ (គឺ​លោក គង់ គាំ​និង​កូន​ប្រុស​គាត់​ម្នាក់) ក្នុង​ចំណោម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ១១៨ រូប»។

ក៏ប៉ុន្តែ​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន បាន​ឆ្លើយ​តប​ភ្លាមៗ​កាល​ពី ពេល​នោះ ដោយ​បាន​បដិសេធ​ចំពោះ​ការ​លើក​ឡើង​របស់ លោក សម រង្ស៊ី។

លោក​បាន​បញ្ជាក់​ថា៖ «អ្នក​បម្រុង​ដាក់​ពាក្យ​មិន​មែន ២ នាក់​ទេ អាច​នៅ​មាន​ទៀត។ សម រង្ស៊ី យល់​ច្រឡំ​ថា អាច​គ្រប់គ្រង​គេ​បាន​ហើយ​មើល​ទៅ? សម្តេច​តេជោ មិន​បាន​ឃោសនា​អូស​ទាញ​មន្ត្រី​ដែល​ជាប់​បម្រាម​មិន​ឲ្យ​ធ្វើ​នយោបាយ​ទេ បើ​ចង់​មក​ក៏​មក បើ​មិន​ចង់​មក​ក៏​ហី​ទៅ ពី​ព្រោះ​ជា​រឿង​របស់​ម្នាក់...»។

មាត្រា ៤៥ ថ្មី (ស្ទួន) ចែងថា៖ «បុគ្គល​ដែល​ត្រូវបាន​តុលាការ​សម្រេច​ហាម​ឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​នេះ នឹង​អាច​ទទួល​បាន​វិញ នូវ​សិទ្ធិ​នយោបាយ​ពេញ​លេញ ដោយ​ពេញ​ច្បាប់ បន្ទាប់​ពី​ផុត​រយៈពេល​នៃ​ការ​ហាម​ឃាត់ ដែល​កំណត់​ដោយ​សាល​ដីកា​របស់​តុលាការ​កំពូល​ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ​ត្រូវ​បាន​ផ្តល់ នីតិ​សម្បទា​ឡើង​វិញ ដោយ​ព្រះមហា​ក្សត្រ តាម​សំណើ​របស់​នាយក​រដ្ឋមន្ត្រី តាម​សេចក្តី​ស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ»។

វិសោធនកម្ម​មាត្រា​នេះ អនុញ្ញាតឱ្យ​អ្នកនយោបាយ អតីត​គណបក្ស​ប្រឆាំង​មួយ​ចំនួន នៅ​ក្នុង​ចំណោម ១១៨ នាក់​ដែល ជាប់​បម្រាម​ធ្វើ​សកម្មភាព​នយោបាយ អាច​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ បន្ទាប់​ពី​គណបក្ស​នេះ​ត្រូវ​បាន​តុលាការ​រំលាយ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៧ ហើយ​អតីត​ប្រធាន​អតីត​គណបក្ស​ប្រឆាំង​គឺ​លោក កឹម សុខា ក៏​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ «ក្បត់​ជាតិ»។

លោក អ៊ូ វីរៈ អ្នកវិភាគ​ន​យោបាយ​បាន​ថ្លែងថា បើទោះបីជា​មានការ​ផ្តល់​នីតិ​សម្បទា​នយោបាយ ដល់​លោក គង់ គាំ និង​កូន​ប្រុស​របស់​លោក រួម​ទាំង​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ទៀត​ក៏ដោយ ក៏​ទង្វើ​នេះ​វា​នឹង​មិន​មាន​ទម្ងន់​អ្វី ដែល​ធ្វើ​ឲ្យ​សហគមន៍​អឺរ៉ុប មើល​ឃើញ​នោះ​ឡើយ។

លោក​បាន​ចោទ​សួរ​ថា៖ «សំណួរ​ចម្បង​គឺថា តើ​វា​អាច​ជះ​ឥទ្ធិពល​ដល់​ការ​សម្រេច​ចិត្ត​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែរ​ឬទេ? ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថា វា​មាន​ឥទ្ធិពល​នោះ​ទេ»។

ប៉ុន្តែ លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា យល់​ថា នេះ​គឺជា​ជំហាន​វិជ្ជមាន ប៉ុន្តែ​លោក​ថា ប្រសិន​បើ​អ្នក​ដាក់​លិខិត​ស្នើ​សុំ​ឲ្យ​ដក​បម្រាម​នយោបាយ មាន​តែ ២ នាក់ នោះ​គេ​គួរ​តែ​ពិចារណា ទៅ​លើ​នីតិវិធី​សាជា​ថ្មី ដើម្បី​ឲ្យ​មាន​ការ​ចូលរួម​ពី​អ្នក​ផ្សេងៗ​ទៀត។

លោក​បន្ថែម​ថា៖ «ហេតុផល​ទី ១ អាច​មក​ពី​នីតិវិធី នៅ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ពួកគាត់​ត្រឡប់​មក​វិញ វា​មាន​គន្លឹះ​ណាមួយ​ដែល​រារាំង​ពួក​គាត់​ធ្វើ​ទៅ​បាន​ដោយ​ស្រួល​ដូច្នេះ​អាជ្ញាធរ ឬ​ថ្នាក់​ដឹកនាំ​គួរ​ពិនិត្យ​មើល​ឡើង​វិញ​ក្នុង​រឿង​នីតិវិធី ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ភាព​ស្រាល​ដើម្បី​ឲ្យ​ពួក​គាត់​ធ្វើ​ទៅ​បាន​ដោយ​មិន​មាន​ការ​ថ្នាំង​ថ្នាក់​នៅ​ក្នុង​ចិត្ត​ជាមួយ​សាធា​រណ​មតិ ហើយ​មួយ​ទៀត​ដោយសារ​តែ​ច្បាប់​នេះ​ថ្មី​នៅ​ឡើយ ទុក​ពេល​វេលា​ឲ្យ​ពួក​គាត់​ពិចារណា​មើល​តទៅ​ទៀត ដោយសារ​គាត់​ត្រូវ​ពិគ្រោះ​គ្នា​ជាមួយ​គ្នា​គាត់ និង​អ្នក​គាំទ្រ​របស់​គាត់​និង​សមាជិក របស់​គាត់។ វា​មិន​ងាយ​ស្រួល​សម្រេច​ចិត្ត​ប៉ុន្មាន​ទេ»៕