កាសែតភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញបានចាប់ផ្តើមកម្មវិធីលើទូរស័ព្ទជាផ្លូវការរបស់ខ្លួនដែលលោកអគ្គនាយក លី តៃសេង បានហៅកម្មវិធីលើទូរស័ព្ទនេះថាជាជំហានមួយឆ្ពោះទៅមុខនៅក្នុងការផ្តល់ព័ត៌មានទៅដល់អ្នកអានរបស់កាសែតនេះ ភាពរីកចម្រើន និងមហិច្ឆតាឌីជីថល។
ដោយត្រូវបានហៅថា The Phnom Penh Post សម្រាប់ភាសាអង់គ្លេស និង Post Khmer សម្រាប់ជាភាសាខ្មែរ កម្មវិធីនេះអាចទាញយកដោយមិនគិតថ្លៃ នៅលើ Google Play Store និង Apple App Store។
លោក តៃសេង បានថ្លែងថាជាមួយនឹងការចាប់ផ្តើមកម្មវិធីនេះសាធារណជនអាចតាមដានព័ត៌មានដោយងាយស្រួលនៅលើទូរស័ព្ទដៃរបស់ពួកគេ ហើយអាចចែករំលែកព័ត៌មាននោះភ្លាមៗទៅគ្រួសារ និងមិត្តភក្តិរបស់ពួកគេ។
លោកបានបញ្ជាក់ថា៖ «ប្រជាពលរដ្ឋកម្ពុជាជាមធ្យមមានវ័យ ២៤ ឆ្នាំ។ ពួកគេមានចំណេះដឹង និងសមត្ថភាពឌីជីថលហើយភាគច្រើនបំផុតនៃពួកគេយ៉ាងហោចណាស់មានទូរស័ព្ទស្មាតហ្វូនមួយដែលពួកគេក៏អាចប្រើប្រាស់ដើម្បីទទួលបានដំណឹង និងព័ត៌មានច្រើនជាងតាមរយៈមធ្យោបាយដទៃៗ»។
លោក តៃសេង បានថ្លែងថា៖ «តាមរយៈការចាប់ផ្តើមកម្មវិធីនៅលើទូរស័ព្ទរបស់យើង យើងកំពុងតាមទាន់ភាពជាអ្នកអានដែលកំពុងកើនឡើង ដោយពង្រីកលទ្ធភាពរបស់ពួកគេឲ្យទទួលបានព័ត៌មានតាមរយៈទម្រង់ឌីជីថល។ ឥឡូវនេះសាធារណជនថែមទាំងអាចទទួលបានព័ត៌មានទាន់ហេតុការណ៍នៅក្នុងដៃរបស់ពួកគេក្នុងប្រទេសកម្ពុជា និងទូទាំងសកលលោកផងដែរ»។
ទោះយ៉ាងណាក្តីលោក តៃសេង បានថ្លែងថាអ្នកគាំទ្រកាសែតភ្នំពេញ ប៉ុស្តិ៍មិនចាំបាច់បារម្ភទេ ដោយសារកាសែតនេះនឹងនៅតែបន្តបោះពុម្ពជា ២ ភាសា។
លោកក៏បានថ្លែងអំណរគុណអ្នកអានស្ម័គ្រស្មោះរបស់កាសែតភ្នំពេញ-ប៉ុស្តិ៍ និងអតិថិជនរបស់ភ្នំពេញ ប៉ុស្តិ៍ចំពោះការបន្តគាំទ្រ និងក្រុមការងារឌីជីថលដែលខិតខំធ្វើការងារក្នុងរយៈកាល ២ ខែកន្លងមកនេះដើម្បីរចនាកម្មវិធីដែលងាយស្រួលសម្រាប់អ្នកប្រើប្រាស់ទាំង ២ ភាសា។
លោក James Ong ប្រធានមន្ត្រីប្រតិបត្តិបានថ្លែងស្របពេលជាមួយនឹងការចាប់ផ្តើមកម្មវិធីនេះផងដែរថា ការបញ្ចុះតម្លៃពិសេសនឹងផ្តល់ជូនអ្នកដែលចង់ផ្សាយពាណិជ្ជកម្ម។
លោកបានថ្លែងថា៖ «អត្រាបញ្ចុះតម្លៃនេះនឹងបន្តរហូតដល់ថ្ងៃទី ៣១ ខែកក្កដា។ ជាការពិតយើងព្យាករសក្តានុពលដ៏ធំសម្រាប់អ្នកផ្សាយពាណិជ្ជកម្មរបស់យើងនឹងទទួលបានអត្ថប្រយោជន៍ពីទីផ្សារជាមួយអ្នកអានរបស់យើង»។
លោក Ong បានថ្លែងថាផ្អែកតាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា កម្មវិធីលើទូរស័ព្ទនេះត្រូវបានរំពឹងថានឹងមានការទាញយកកម្មវិធីនេះយ៉ាងហោចណាស់ចំនួន ១ លាននៅក្នុងរយៈពេលសមហេតុផលមួយ។
លោកបានថ្លែងថា៖ «យើងនឹងផ្សព្វផ្សាយវាតាមរយៈហេ្វសប៊ុករបស់យើង កាសែតភ្នំពេញប៉ុស្តិ៍ជាភាសាអង់គ្លេស និងជាភាសាខ្មែរតាមរយៈ Twitter និងគេហទំព័ររបស់យើងផងដែរ»។
លោកបានថ្លែងថា គេហទំព័រជាភាសាខ្មែរបច្ចុប្បន្នមានការចូលមើលចំនួន ៤,៥ លាន ខណៈភាសាអង់គ្លេសមានចំនួន ២,៥ លាន។ លោកបន្តថា៖ «ជាមួយនឹងកម្មវិធីលើទូរស័ព្ទនេះយើងមានទំនុកចិត្តថា យើងរឹតតែអាចទទួលបានការចូលមើលខ្ពស់ជាងមុន»៕ PS