បន្ទាយមានជ័យៈ មនុស្សម្នាក់បានស្លាប់និង ៤ នាក់ទៀតបានរងរបួស បណ្ដាលមកពីបាតុភូតធម្មជាតិរន្ទះបាញ់នៅពេលដែលមេឃកំពុងភ្លៀងកាលពីរសៀលថ្ងៃទី ១៤ ខែឧសភា នៅឃុំណាំតៅ ស្រុកភ្នំស្រុក។
លោក យ៉ត សុផល អធិការស្រុកភ្នំស្រុកបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ១៥ ខែឧសភាថា អ្នកដែលស្លាប់ជាស្ត្រី អាយុ ២៥ ឆ្នាំ មានលំនៅភូមិក្នាំង ឃុំណាំតៅ ចំណែកប្ដីស្ត្រីនេះ និងបងប្អូនរបស់គាត់ ៤ នាក់ផ្សេងទៀតគ្រាន់តែរបួសធ្ងន់ និងស្រាល។
គ្រោះថ្នាក់នេះបានកើតឡើងនៅពេលដែលអ្នកទាំង ៥ ដែលជាគ្រួសារតែមួយ បានរួមដំណើរតាមគោយន្តទៅកាន់ចម្ការដំឡូងមីរបស់ខ្លួនដែលមានចម្ងាយ ៥ គីឡូម៉ែត្រពីភូមិនៅវេលាម៉ោង ២ និង ៣០ នាទីរសៀល ថ្ងៃទី ១៤ ខែឧសភា នៅចំណុចវាលថ្មពិល ក្នុងភូមិសាស្ត្រ ឃុំណាំតៅ។ ក្រោយកើតហេតុ អ្នករងរបួសត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍នាំទៅកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យ និងព្យាបាលរបួស។
លោក សុផល ថ្លែងថា៖ «នេះជាករណីរន្ទះបាញ់ដ៏កាចសាហាវមួយដែលបណ្ដាលឲ្យមនុស្សនៅក្នុងគោយន្តស្លាប់ និងរងរបួសធ្ងន់ស្រាល»។
បុរសអ្នករួមដំណើរម្នាក់ឈ្មោះ លៀន រតនៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅពេលដែលពួកគេកំពុងធ្វើដំណើរតាមគោយន្តចេញពីភូមិទៅកាន់ ចម្ការដំឡូងមីបានជាងពាក់កណ្ដាលផ្លូវក៏ស្រាប់តែមានភ្លៀងលាយឡំផ្គររន្ទះកើតឡើង។
នៅពេលនោះពួកគាត់បាននាំគ្នាយកតង់កៅស៊ូមកចងគ្របធ្វើជាដំបូល ហើយបន្តដំណើរទៅមុខ ក៏ស្រាប់តែត្រូវរន្ទះបាញ់មកលើពួកគាត់ ដែលជិះលើគោយន្ត។
លោកបានថ្លែងថា៖ «នៅពេលនេះ ប្អូនថ្លៃខ្ញុំ និងប្អូនជីដូនមួយខ្ញុំកំពុងសម្រាកព្យាបាលនៅឡើយ»។
លោក សុផល បានថ្លែងថា ដោយឡែកនៅវេលាម៉ោង ៣ រសៀល ថ្ងៃទី ១៤ ខែឧសភានោះក៏មានករណីរន្ទះបាញ់ត្រូវគោងាប់ ១ ក្បាលផងដែរ នៅភូមិត្រពាំងស្មាច់ ឃុំណាំតៅ។
បាតុភូតធម្មជាតិរន្ទះបាញ់បានធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់ ២០ នាក់ និងរបួសកើនដល់ ៩ នាក់ និងងាប់គោក្របីសរុបកើនដល់ ២២ ក្បាលចាប់តាំងពីដើមឆ្នាំរហូតដល់ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២១។
យោងតាមទិន្នន័យដែលទទួលបានពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបង្ហាញថា ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២១ បាតុភូតរន្ទះបាញ់បានបង្កឲ្យមនុស្សស្លាប់ ១៩ នាក់ស្លាប់ និង ៥ នាក់ទៀត រងរបួសធ្ងន់ និងស្រាល ព្រមទាំងបង្កឲ្យងាប់គោក្របី សរុបចំនួន ២១ ក្បាល។
លោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់វាលទំនាបកណ្ដាលដាច់ស្រយាលសូមឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលរដូវវស្សាចូលមកដល់ដែលអាចបណ្ដាលឱ្យបាតុភូតរន្ទះបាញ់នេះកើតឡើងច្រើន។
លោកថ្លែងថា៖ «ក្នុងដើមរដូវវស្សានេះ បាតុភូតផ្គររន្ទះកើតមានច្រើន នៅក្នុងតំបន់វាលទំនាប និងតំបន់ផ្ទៃរងទឹកភ្លៀងដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទាំងនេះ គប្បីកុំប្រើប្រាស់នូវឧបករណ៍អេឡិចត្រូនិក និងលោហធាតុដែលងាយចម្លងចរន្តអគ្គិសនី នៅពេលមានភ្លៀងលាយឡំផ្គររន្ទះកើតឡើង»។
លោក សុខា បានលើកឡើងទៀតថា នៅក្នុងអំឡុងពេលមេឃកំពុងភ្លៀង និងផ្គររន្ទះកើតឡើង សូមបងប្អូនប្រជាពលរដ្ឋ គប្បីកុំចេញក្រៅផ្ទះបើមិនមានភាពចាំបាច់អ្វីនោះ និងកុំព្យាយាមនៅក្នុងវាលស្រែដែលមានទឹកដក់ ពេលមេឃកំពុងមានភ្លៀង និងផ្គររន្ទះកើតឡើង ជាពិសេសមិនត្រូវចូលជ្រកក្រោមដើមឈើធំៗនោះទេ តែត្រូវអង្គុយចុះដោយយកដៃខ្ទប់ត្រចៀក៕