ភ្នំពេញៈ មនុស្ស​ ១០ ​នាក់​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ៣ ខែមីនា នៅក្នុង​មជ្ឈមណ្ឌល​កែសម្ផស្ស ដែល​លួច​វះកាត់​កែ​ភេទ​ពី​បុរស​ទៅ​ស្ត្រី និង​ពី​ស្រី្ត​ទៅ​បុរស​ចំនួន​ ២ ​ទីតាំង​ផ្សេង​ពីគ្នា​នៅ​រាជធានី​ភ្នំពេញ​​ និង​បាន​រកឃើញ​ឱសថ​ជាច្រើន​ប្រភេទ​នាំចូល​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។


គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួងមហាផ្ទៃ និង​មន្ត្រី​ជំនាញ​ក្រសួង​សុខាភិបាល​បាន​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​វះកាត់​កែភេទ​ចំនួន​ ២ ​កន្លែង ទី​១ មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស ដុកទ័រ​កាង ស្ថិតនៅ​សង្កាត់​បឹងកក់ ​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ និង​ទី​២ ​ឈ្មោះ GANGNAM BEAUTY & CLINICS ស្ថិតនៅ​សង្កាត់​ទំនប់ទឹក ក្បែរ​ស្ថានទូត​ចិន ខណ្ឌ​បឹងកេងកង​កាលពី​ថ្ងៃទី​ ៣ ខែ មីនា ឆ្នាំ​ ២០២១​។

លោក តាន់ សុខវិជ្ជា ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា​៖ «​ទាំង​ ២ ​ទីតាំង​នេះ សមត្ថកិច្ច​ឃាត់​មនុស្ស​ចំនួន ១០ ​នាក់​ (​វៀតណាម​ ០២ ​នាក់​ដែល​ជា​មេខ្លោង​) ដកហូតរ​ឧបករណ៍​សម្រាប់​បម្រើការ​វះកាត់ ប្រភេទ​ថ្នាំ​ដែល​ហាមឃាត់​មួយចំនួន និង​រកឃើញ​ប្រដាប់ភេទ​ច្រក​ដប​ចំនួន ៤៩»​។

លោក​បន្តថា ការចុះ​ឆែកឆេរ​នៅ​ទីតាំង​លួច​កែ​អវយវ:​ភេទ​នេះ គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ជំនាញ​ធ្វើការ​ស៊ើបអង្កេត​ឃើញថា ម្ចាស់​មជ្ឈមណ្ឌល​កែ​សម្ផស្ស​នេះ បាន​លួច​នាំចូល​នូវ​ឱសថ​ខុសច្បាប់​ជាច្រើន​មកពី​ក្រៅប្រទេស ហើយ​បាន​លួច​កែ​អវយវ: ភេទ​ពី​បុរស​ទៅ​ស្ត្រី ពី​ស្ត្រី​ទៅ​បុរស​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ខណៈ​ការកែ​ភេទ​នេះ គឺមាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ផងដែរ​។


លោក សុខវិជ្ជា ថ្លែង​ថា អ្នកពាក់ព័ន្ធ​ទាំងនោះ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​បន្ត​នីតិវិធី​ច្បាប់​។


លោក ទៀវ សំអឿន អភិបាល​រង​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹងថា ក្រោយ​ចុះ​ឆែកឆេរ ខាង​សមត្ថកិច្ច​ជំនាញ​បាន​ដកហូត​ផលិតផល​មួយចំនួន​ដើម្បី​យកទៅ​ពិនិត្យមើល និង​បាន​បិទ​ទីតាំង​ទាំងនោះ​មួយរយៈ​សិន​។

លោក សំអឿន ថ្លែងថា​៖ «​ក្នុងនាម​យើង​ជា​អាជ្ញាធរ​គឺ​បាន​សហការ​ជាមួយ​ខាង​ប៉ូលិស​ក្រសួង​មហាផ្ទៃ​ផ្នែក​បង្ក្រាប​បទល្មើស​ក្លែងក្លាយ ហើយ​ចំពោះ​លទ្ធផល​នៃ​ការបង្ក្រាប​គឺ​ឃើញថា មាន​ ២ ​ទីតាំង​គឺ​ ១ ​នៅ​បឹងកេងកង ១ ​ទៀត​សាខា​ទី​ ២ នៅ​ទួលគោក ហើយ​ចំពោះ​ទីតាំង​ហាង​ទួលគោក (​មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស ដុកទ័រ កាង​) គឺ​សមត្ថកិច្ច​បាន​ដកហូត​ផលិតផល​មួយចំនួន ហើយ​ទីតាំង​នោះ​ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន ហើយ​ខាង​ក្រសួង​អញ្ជើញ​បុគ្គលិក​ម្នាក់​ទៅ​បំភ្លឺ​នូវ​ចំណុច​មួយចំនួន​ទៅតាម​ការសាកសួរ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រសួង​»​។

លោក ឡី សុភាព ប្រធាន​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​អ្នកលក់​ឱសថ​កម្ពុជា​បាន​ថ្លែង​ដោយ​បង្ហាញ​ការគាំទ្រ​ដល់​ចំណាត់ការ​ទាន់ពេលវេលា​របស់​សមត្ថកិច្ច បើ​ពុំ​នោះទេ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើនរូប​នឹង​រង​ផលប៉ះពាល់​ដល់​សុខភាព ឬ​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​។

លោក សុភាព ថ្លែងថា​៖ «​ខ្ញុំ​គាំទ្រ ការបង្ក្រាប​នេះ ដើម្បី​សុខ​សុវត្ថិភាព​ប្រជាពលរដ្ឋ ខ្ញុំ​ក៏​មិន​គាំទ្រ​ឱ្យមាន​កែ​ភេទ​ដោយ​គ្លីនិក​មិនមាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​ដែរ​»​។

យ៉ាងនេះ​ក្តី​លោក​ថា ការបង្ក្រាប​នេះ​ក៏​ដើម្បី​ការពារ​ទៅដល់​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ដទៃទៀត​ដែលមាន​ច្បាប់​ត្រឹមត្រូវ កុំឱ្យ​ក្លាយទៅជា​ជនរងគ្រោះ​។ «​ការចុះបង្ក្រាប​នេះ​ជា​ការពង្រឹង​នីតិវិធី​ច្បាប់ និង​ការពារ​មុខរបរ​ចំពោះ​អ្នក​ដែល​រកស៊ី​ស្របច្បាប់ ព្រោះ​ម្ចាស់​ផលិតផល​មួយចំនួន​បានធ្វើ​បាប​ដល់​ហាង​កែ​សម្ផស្ស​គេ​ផ្សេង​ដែល​គេ​បើក​អាជីវកម្ម​ត្រឹមត្រូវ ហើយ​នាំ​ផលិតផល​អត់​ច្បាប់​ផ្គត់ផ្គង់​ឱ្យ​ហាង​ដទៃ​»​។

ជាមួយ​គ្នា​នេះ លោក​ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ឲ្យ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ មុននឹង​ទៅ​កែភេទ​ ឬ​កែ​សម្ផស្ស​នៅ​មជ្ឈមណ្ឌល​នានា​ដោយ​ត្រូវ​សួររក​អាជ្ញាប័ណ្ណ​បើក​អាជីវកម្ម​ និង​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ជាមុនសិន​៕

វីដេអូ៖