ត្បូងឃ្មុំៈ មន្ត្រី​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​ខេត្ត​ត្បូងឃ្មុំ​កាលពី​ម្សិលមិញ​បាន​បញ្ជូន​ជនសង្ស័យ​ ២ ​នាក់​ទៅ​តុលាការ​ខេត្ត​ក្រោយ​ពី​ឃាត់​ខ្លួន​ដោយ​ប៉ុនប៉ង​នាំ​នារី​ខ្មែរ​ម្នាក់​ទៅ​រៀបការ​ប្ដី​នៅ​ប្រទេស​ចិន​។


លោក ថៃ វ៉ាន់ថា នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​ខេត្ត​ត្បូងឃ្មុំ​បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ ខន កុយ អាយុ ២៧ ​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឆេង ពៅ អាយុ ៤៥ ឆ្នាំ​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ភូមិ ទួលវិហារ ឃុំ​ជីរោ​ទី​ ២ ស្រុក ខេត្ត ត្បូងឃ្មុំ​កាលពី​ថ្ងៃទី​ ១៦ ខែ​តុលា ឆ្នាំ​ ២០១៨​។

លោក ហាក់ សៀកលីម អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​កាលពី​ម្សិលមិញ​បាន​ថ្លែង​ឲ្យ​ដឹងថា​៖ «​ជន​ ២ ​នាក់​ប្តី​ប្រពន្ធ​ដែល​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​ករណី​ជួញដូរ​មនុស្ស​នោះ​គឺ​ខាង​ព្រះរាជអាជ្ញា​កំពុង​ដំណើរការ​សាកសួរ ហើយ​មិន​ទាន់​មាន​ការចោទប្រកាន់​អ្វី​នៅ​ឡើយ​ទេ ព្រោះ​ជន​ ២ ​នាក់​នោះ​សមត្ថកិច្ច​ទើប​តែ​បញ្ជូន​ដល់​តុលាការ​ទេ​»​។

លោក វ៉ាន់ថា ថ្លែង​ថា​ដោយ​យោង​តាម​សម្តី​នារី​រងគ្រោះ​ថា មុន​ពេល​គេ​បញ្ជូន​នាង​ទៅ​ដល់​ប្រទេស​ចិន​គឺ​ជនសង្ស័យ​ទាំង​ ២ ​នាក់​នេះ​បាន​ប្រាប់​នាង​ថា ពួកគេ​មាន​ប្អូនស្រី​ម្នាក់​មាន​ប្តី​ និង​កំពុង​រស់នៅ​ប្រទេស​ចិន​។ ក្រោយមក​ក្រុម​ជនសង្ស័យ​បាន​លួងលោម​នាង​ និង​រត់ការ​ឲ្យ​នាង​បាន​ទៅ​ដល់​ប្រទេស​ចិន​នៅ​អំឡុង​ដើម​ឆ្នាំ​ ២០១៨​។


ពេល​ពួកគេ​បញ្ជូន​នាង​ទៅ​ដល់​ប្រទេស​ចិន​ដោយ​គ្មាន​ឯកសារ​គ្រប់គ្រាន់​ផង​នោះ​នាង​ត្រូវ​បាន​អាជ្ញាធរ​ប្រទេស​ចិន​ចាប់​ដាក់គុក​ពាក់ព័ន្ធ​ការ​ឆ្លងដែន​ខុស​ច្បាប់ ប៉ុន្តែ​ក្រោយ​មក​ខាង​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ចិន​ជួយ​អន្តរាគមន៍​ហើយ​បាន​បញ្ជូន​នាង​មក​ប្រទេស​កម្ពុជា​វិញ​។ ​ជនសង្ស័យ​ ២ ​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ក្នុង​ផ្ទះ ក្រោយពី​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ជនរងគ្រោះ​៕