ស្ទឹងត្រែង៖ កងកម្លាំង​រាជអាវុធហត្ថ​ខេត្ត​រតនគិរី​បាន​ឃាត់​ខ្លួន​មនុស្ស ៤ នាក់ នៅ​ព្រំប្រទល់​ខេត្ត​ស្ទឹងត្រែង​នៅ​យប់​ថ្ងៃទី ១៧ ខែ​មេសា ពាក់ព័ន្ធ​ករណី​ល្មើស​បម្រាម​គោចរ​ឆ្លង​ខេត្ត​ពី​ភ្នំពេញ​ទៅ​រតនគិរី​ដោយ​ប្រើប្រាស់​រថយន្ត​សង្គ្រោះ​បន្ទាន់។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត អ៊ុង រតនា ប្រធាន​មន្ទីរសុខាភិបាល​ខេត្ត​រតនគិរី។


លោក​ថ្លែង​ថា អ្នក​ទាំង ៤ នាក់ ត្រូវ​បាន​យក​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅ​មណ្ឌល​ចត្តាឡីស័ក​ត្រពាំង​ក្រហម ស្រុក​កូនមុំ ហើយ​សំណាក​របស់​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា។

លោក អ៊ុង រតនា បាន​ឲ្យ​ដឹង​ថា មនុស្ស​ទាំង ៤ នាក់​នោះ មាន​ ២ នាក់ ជា​បុគ្គលិក​កម្មករ​នៅ​មន្ទីរពេទ្យ​ព្រះកុសមៈ និង ២ នាក់​ទៀត ជា​អ្នក​ជំងឺ​ដែល​មាន​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍។ មូលហេតុ​ដែល​ពួក​គេ​ចាកចេញ​ពី​មន្ទីរពេទ្យ​អាច​បណ្តាល​មក​ពី​មាន​ការ​ព្រួយ​បារម្ភ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ករណី​ឆ្លង​ជំងឺ​កូវីដ ១៩ នៅ​ក្នុង​មន្ទីរពេទ្យ​ព្រះកុសមៈ។

លោក​ថ្លែង​ថា៖ «អ្នក​ដែល​បំពាន​បម្រាម​គោចរ​ហ្នឹង គឺ​ត្រូវ​តែ​មាន​ទោស ប៉ុន្តែ​បើ​សិន​ជា​ពួក​គាត់​មាន​លិខិត​ស្នាម​ត្រឹមត្រូវ​អាហ្នឹង​អត់​អី​ទេ ប៉ុន្តែ​គាត់​ខ្វះ​លក្ខណៈ​បច្ចេកទេស​មាន​ន័យ​ថា អត់​មាន​លិខិត​បញ្ជូន និង​លិខិត​បេសកកម្ម អីចឹង​សមត្ថកិច្ច​ត្រូវ​តែ​ឃាត់​ខ្លួន​យក​ទៅ​ធ្វើ​ចត្តាឡីស័ក ហើយ​បន្ត​នីតិវិធី​ពេល​ក្រោយ​ទៀត»។

លោក កុល ផាន់ណា ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​រតនគិរី​បាន​ឲ្យ​ដឹង​ថា មនុស្ស​ទាំង ៤ នាក់​នោះ ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ចំណុច​ស្ពាន​ស្រែពក ជាប់​ព្រំប្រទល់​ខេត្ត​ស្ទឹងត្រែង ពេល​កំពុង​ជិះ​រថយន្ត​សាមុយ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2BF-2271 នៅ​ពី​វេលា​ម៉ោង ២៣ និង ៣០ នាទី​យប់​ថ្ងៃទី ១៧ ខែ​មេសា។


លោក​បន្ត​ថា មនុស្ស​ទាំង ៤ នាក់​នោះ ទី១-ឈ្មោះ បៀន ពក ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ​ខ្មែរ មុខ​របរ​កម្មករ​ពេទ្យ​ព្រះកុសុមៈ មាន​ទីលំនៅ​ភូមិ​ជាចជួរ ឃុំ​ជាច ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង ជា​អ្នក​បើកបរ។

ទី២-ឈ្មោះ ញ៉ឹប គត់ ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ​ខ្មែរ មុខ​របរ​កម្មករ​ពេទ្យព្រះកុសុមៈ មាន​ទីលំនៅ ភូមិ​ចតុលោក ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ជា​ព្រូ​ឡាន។ អ្នក​ទាំង ២ ជា​កម្មករ​ពេទ្យ​តែ​មិនមែន​ជា​បុគ្គលិក​រដ្ឋ​នៅ​ក្នុង​មន្ទីរពេទ្យ​ព្រះកុសមៈនោះ​ឡើយ។

ទី៣-ឈ្មោះ ឃាង ចន្នី ភេទស្រី អាយុ ៦១ ឆ្នាំ ជនជាតិ​ខ្មែរ និងទី៤-ឈ្មោះ ប៊ុត ប៊ុនរក្សា ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ​ខ្មែរ។ អ្នក​ទាំង ២ មាន​ទីលំនៅ​ភូមិ​ជ័យជំនះ សង្កាត់​ឡាបានសៀក ក្រុង​បានលុង ខេត្ត​រតនគិរី។

លោក​ថ្លែង​ថា៖ «ពេល​នេះ​អ្នក​ទាំង ៤ ត្រូវ​បាន​កងរាជអាវុធហត្ថ​ស្រុក​កូនមុំ ឃាត់​ខ្លួន​យក​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅ​មណ្ឌល​ចត្តាឡីស័ក​ត្រពាំង​ក្រហម​ស្រុក​កូនមុំ»។

លោក កុល ផាន់ណា បាន​ចេញ​សេចក្តី​ជូន​ព័ត៌មាន​កាល​ពី​ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២១ ដោយ​បញ្ជាក់​ថា រថយន្ត​គិលាន​សង្រ្គោះ​ទាំង​រដ្ឋ និង​ឯកជន​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​អនុញ្ញាត​អោយ​ដឹក​ជញ្ជូន​តែ​អ្នក​ជំងឺ និង​អ្នក​របួស​ទៅ​កាន់​មន្ទីរពេទ្យ ឬ​ឯកជន ឬ​វត្ថុ​សំណាក​សម្រាប់​យក​មក​វិភាគ​នៅ​តាម​មន្ទីរ​ពិសោធន៍​របស់​ក្រសួង​សុខាភិបាល​ប៉ុណ្ណោះ។ មិន​អនុញ្ញាត​ឲ្យ​រថយន្ត​គិលាន​សង្រ្គោះ​ទាំង​រដ្ឋ និង​ឯកជន ដឹក​ជញ្ជូន​ប្រជាជន​ដែល​ជា​អ្នក​ដំណើរ​ជា​ដាច់​ខាត បើ​ពុំ​នោះ ក្រសួង​នឹង​ចាត់​វិធានការណ៍​ទៅ​តាម​ផ្លូវ​ច្បាប់៕