កោះកុងៈ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​បាន​ឃាត់ខ្លួន និង​កំពុង​បន្ត​ការសាកសួរ​ជនជាតិ​វៀតណាម​ចំនួន​ ៤៩ ​នាក់​ ក្នុង​នោះ​មាន​ស្រី ៣ ​នាក់​ ដែល​បាន​ចូលមក​ធ្វើ​ការងារ​ដោយ​ខុសច្បាប់​ក្នុង​ខេត្ដ​កោះកុង​។


លោក កែម សារិន ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ថ្លែងប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​កាលពី​ម្សិលមិញ ក្រោយពី​ការសាកសួរ​ពួកគេ​ចប់ និង​កសាង​សំណុំរឿង​បណ្ដេញ​ចេញពី​ប្រទេស​កម្ពុជា​វិញ​។

លោក កែម សារិន ថ្លែង​ថា​កាលពី​ថ្ងៃទី​ ៨ ខែ​កក្កដា កម្លាំង​នគរបាល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​សហការ​ជាមួយ​សមត្ថកិច្ច​ខេត្ត​កោះកុង​បាន​ចុះ​ស្រាវជ្រាវ​រកឃើញ ក្រុម​ជនអន្តោប្រវេសន៍​ជនជាតិ​វៀតណាម​ចំនួន​ ៤៩ ​នាក់​ក្នុង​នោះ​មាន​ស្រី ៣ ​នាក់​កំពុង​ស្នាក់នៅ​ធ្វើការ​ខុសច្បាប់​នៅលើ​សា​ង់​បូម​ខ្សាច់ ស្ថិត​នៅ​ភូមិ​បាក់អង្រុត ភូមិ​ឈើទាល​ភ្នាស់ ស្រុកស្រែ​អំបិល ខេត្ដ​កោះកុង​។

លោក សារិន បាន​ថ្លែង​ថា​៖ «​យើង​កំពុង​តែ​បន្ត​ការសាកសួរ​ពួកគាត់ ដើម្បី​ធ្វើ​របាយការណ៍​តាម​នីតិវិធី​នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។ តាមច្បាប់​ពួកគាត់​គឺ​ត្រូវ​បណ្ដេញ​ចេញ​ពី​កម្ពុជា ព្រោះ​ពួកគាត់​ស្នាក់នៅ និង​ធ្វើ​ការងារ​ដោយ​ខុសច្បាប់​»​។


លោក សារិន ថ្លែង​ថា​ជនអន្តោប្រវេសន៍​វៀតណាម​ទាំងនោះ​ស្នាក់នៅ និង​ធ្វើការ​លួចលាក់​ខុសច្បាប់​នៅលើ​សាឡង់​បូមខ្សាច់​ចំនួន ១៨ ​គ្រឿង​។ ក្រោយ​សមត្ថកិច្ច​ស្រាវជ្រាវ​ពិនិត្យ​ឃើញ​ថា ពួកគេ​មិនមាន​ឯកសារ​សម្គាល់​ ឬ​លិខិត​ឆ្លងដែន​ឡើយ​។


លោក​ថ្លែង​ថា​៖ «​ក្រោយ​បញ្ចប់​ការសាកសួរ​តាម​នីតិវិធី​យើង​នឹងធ្វើ​របាយការណ៍​ស្នើ​ទៅ​ថ្នាក់ដឹកនាំ ដើម្បី​បណ្ដេញ​ពួកគាត់​ចេញពី​កម្ពុជា​»​។

លោក សំ ឃិតវៀន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​បាន​ថ្លែង​កាលពី​ម្សិលមិញ​ដែរ​ថា​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​បាន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្នុង​ការបង្ក្រាប ឃាត់ខ្លួន​ជនអន្ដោប្រវេសន៍​វៀតណាម​ទាំងនោះ​។

លោក​ថ្លែងថា​៖ «​ជនអន្ដោប្រវេសន៍​វៀតណាម​ទាំងនេះ ពួកគាត់​មក​ធ្វើ​ការងារ​ជា​កម្មករ​ស៊ីឈ្នួល​បូម​ខ្សាច់​។ កន្លងមក​ធ្លាប់មាន​ជនអន្ដោប្រវេសន៍​វៀតណាម​លួច​ចូលមក​ធ្វើ​ការងារ​បែបនេះ​ដែរ ប៉ុន្ដែ​មិន​ច្រើន​ទេ​មាន​តែ​ ១ ​នាក់ ២ ​នាក់​ប៉ុណ្ណោះ​ហើយ​យើង​បាន​ធ្វើការ​តាម​នីតិវិធី​បញ្ជូន​ពួកគាត់​ទៅ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​»​។

លោក​ថ្លែង​ថា សមត្ថកិច្ច​ក៏​កំពុង​ធ្វើការ​ស្រាវជ្រាវ​បន្តទៀត ចំពោះ​នីតិវិធី​បន្ទាប់​លើ​ម្ចាស់​អាជីវកម្ម​បូម​ខ្សាច់​គឺជា​ភារកិច្ច​របស់​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​ជា​អ្នក​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​៕