ភ្នំពេញៈ មន្ត្រី​រដ្ឋាភិបាល​បាន​ច្រានចោល​ព័ត៌មាន​ដែល​ទើប​ចេញផ្សាយ​ដោយ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM) ​ដែល​បានបង្ហាញ​ផលប៉ះពាល់​ពី​ការវិនិយោគ​ដីសម្បទាន ហើយ​បានចាត់ទុក​ព័ត៌មាន​នោះ​ថា​ជា​រឿង​ចាស់​ ខណៈ​បញ្ហា​ទាំងនោះ​ត្រូវបាន​ដោះស្រាយ​រួចហើយ ប៉ុន្តែ​បាន​ស្វាគមន៍​នូវ​បណ្ដឹង​នានា​ប្រសិន​បើ​នៅមាន​ករណីនេះ​ដើម្បី​មន្ត្រី​ចុះ​ស្រាវជ្រាវ​បន្ថែម​។


កាលពី​ថ្ងៃ​ពុធ​ (CCIM) ​បាន​ចេញ​​របាយការណ៍​ស៊ើបអង្កេត​មួយ​មាន​ចំណងជើង​ថា​ «​ការ​ក្រឡេកមើល​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា​» ​ដោយ​ផ្អែកលើ​ការស៊ើបអង្កេត​រយៈពេល​ ៥ ​ខែ ​(​កក្កដា-វិច្ឆិកា​) ​របស់ខ្លួន​តាមរយៈ​សម្ភាស​ពលរដ្ឋ​ជាង​ ១០០ ​នាក់ មន្ត្រី​ពាក់ព័ន្ធ តំណាង​ក្រុមហ៊ុន និង​អង្គការ​សង្គម​ស៊ីវិល​ដោយ​បង្ហាញ​លទ្ធផល​ថា​​ការផ្ដល់​ដីសម្បទាន​ទ្រង់ទ្រាយ​ធំ​កំពុង​ធ្វើឱ្យ​ជនជាតិដើម​ភាគតិច​កួយ​នៅ​ខេត្តព្រះវិហារ​ធ្លាក់ចូល​ក្នុង​បំណុល ករណី​ជនជាតិ​ចិន​គ្រប់គ្រង​មុខរបរ​​ដែល​ខ្មែរ​ធ្លាប់ធ្វើ​អាជីវកម្ម​នៅ​ខេត្ត​ព្រះសីហនុ ករណី​វិនិយោគ​តំបន់ឆ្នេរ​នៅ​ខេត្ត​កំពត និង​ករណី​នៅ​មណ្ឌលគិរី​។

លោក ដានីឡូ កាស្ពេ នាយក​ប្រតិបត្តិ​ស្ដីទី​នៃ​ (CCIM) ​បាន​ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​នៅ​សណ្ឋាគារ​សាន់វ៉េ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ​ថា របាយការណ៍​នេះ​មិនមែន​សិក្សា​តាមបែប​ការស្រាវជ្រាវ​ឡើយ​។ ប៉ុន្តែ​គឺជា​របាយការណ៍​របស់​សារព័ត៌មាន​​ដែល​ធ្វើ​ឡើង​ដើម្បី​ឱ្យ​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ពាក់ព័ន្ធ​​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​។

លោក​ថា​៖ «CCIM ​គឺ​អង្គការ​សារព័ត៌មាន​សម្រាប់​ការអភិវឌ្ឍ យើង​មិនមាន​គម្រោង​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​ដោយផ្ទាល់​ទេ​»​។


របាយការណ៍​នេះ​បាន​អះអាង​ថា​​ពលរដ្ឋ​ប្រមាណ​ ២ ​ពាន់​គ្រួសារ ​ស្មើនឹង​ប្រមាណ​ ១ ​ម៉ឺន​នាក់​ ក្នុង​ស្រុក​ចំនួន​ ៣ ​គឺ​ស្រុក​ត្បែងមានជ័យ ស្រុក​ជ័យសែន និង​ស្រុក​ឆែប ខេត្ត​ព្រះវិហារ កំពុង​ក្លាយ​ជា​ជនរងគ្រោះ​ដោយសារ​​ការបាត់បង់​ដីព្រៃ​សហគមន៍ បន្ទាប់ពី​មាន​ការផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង​ ៤ ​ម៉ឺន​ ២ ​ពាន់​ហិកតា​ កាលពី​ឆ្នាំ​ ២០១១ ​ឱ្យ​ក្រុមហ៊ុន​ចិន ហេងហ្វូ ដាំ​អំពៅ​​ និង​ថា ក្រុមហ៊ុន​នេះ​បាន​ឈូសឆាយដី​បាន​ ៥ ​ឆ្នាំ​ ទើប​សិក្សា​អំពី​ផលប៉ះពាល់​ និង​មិនទាន់​បាន​ផ្ដល់​សំណង​ជូន​ពលរដ្ឋ​ទេ រហូត​មក​ទល់​ពេល​នេះ​។


ចំណែក​ការអភិវឌ្ឍ​នៅក្នុង​ខេត្ត​ព្រះសីហនុ​របាយការណ៍​ដដែល​បាន​បង្ហាញថា ពលរដ្ឋ​ក្នុង​ខេត្ត​នេះ​ប្រហែល ​៦០% ​បាន​ទទួលរង​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដោយសារ​អាជីវកម្ម​ស្ទើរតែ​ ៩០% ​គឺ​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន ដោយ​គេ​​មាន​សិទ្ធិ​បើកមុខរបរ​តូចតាច​។

ដោយឡែក​គម្រោង​វិនិយោគ​នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត​របស់​ក្រុមហ៊ុន​ឈ្មោះ Ching Kor Import Co.,Ltd ក៏​កំពុង​ធ្វើឱ្យ​ប្រជាសហគមន៍​នេសាទ​​ជាង​ ១ ​ពាន់​គ្រួសារ​រង​ការគំរាមកំហែង​ពី​ផលប៉ះពាល់​ផងដែរ​។ នេះ​បើ​តាម​របាយការណ៍​ដដែល​។

មួយវិញ​ទៀត​ពលរដ្ឋ​ ២១១ ​គ្រួសារ​នៅ​ភូមិ​ចក់ចារ ឃុំ​ស្រែឈូក ស្រុក​កែវសីមា ខេត្ត​មណ្ឌលគីរី គឺ​របាយការណ៍​បាន​បញ្ជាក់ថា មាន​គ្រួសារ​ខ្លះ​កំពុង​ជំពាក់​បំណុល​ធនាគារ បន្ទាប់ពី​ត្រូវ​បាត់បង់​ដីធ្លី និង​មុខរបរ​ប្រចាំថ្ងៃ​ដោយសារ​ការផ្ដល់​ដី​វិនិយោគ​ ៩ ​ម៉ឺន​ហិកតា​ឱ្យ​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ ប៊ិញភ្វឿក ដាំអំពៅ​ក្នុង​ឆ្នាំ​ ២០១១​។

លោក ម៉ម មុន្នីរត្នន៍ ទីប្រឹក្សា និង​ជា​អ្នក​ផលិត​ព័ត៌មាន​ស៊ើបអង្កេត​នេះ​បាន​ថ្លែងថា គោលបំណង​សំខាន់​នៃ​ការស៊ើបអង្កេត​នេះ​គឺ​ដើម្បី​រកឱ្យ​ឃើញ​មូលហេតុ​ដែល​នាំឲ្យ​ពលរដ្ឋ​ជួបប្រទះ​បញ្ហា​ដោយសារ​ការវិនិយោគ ។

លោក​បាន​បន្តថា​តាម​ការរកឃើញ​គឺ​បញ្ហា​នេះ​ដោយសារ​ការវិនិយោគ​រំលោភ​លើ​ច្បាប់​ភូមិបាល​ដែល​កំណត់​​ថា ក្រុមហ៊ុន​ ១ ​មិនអាច​វិនិយោគ​លើ​ផ្ទៃដី​លើសពី​ ១ ​ម៉ឺន​ហិកតា​។ រីឯ​ការចាប់ផ្ដើម​វិនិយោគ​គឺ​ធ្វើ​មុន​សិក្សា​ពី​ផលប៉ះពាល់​។

លោក​ថា​៖ «​ជនជាតិដើម​ភាគតិច​គឺ​គាត់​អាស្រ័យ​លើ​ (​មុខរបរ​) ​ចម្ការ​វិលជុំ និង​មាន​ប្រពៃណី​ទំនៀមទម្លាប់​សែនព្រេន និង​ព្រៃអារក្ស​។ ​សួរថា​បើ​ជំនឿ ប្រពៃណី និង​វប្បធម៌​ពួកគាត់ ​ត្រូវ​បាត់បង់ តើ​បង្ហាញ​អត្តសញ្ញាណ​ជនជាតិដើម​ភាគតិច​របៀប​ម៉េច​?..»​។

លោក ស្រី វុឌ្ឍី អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​មិនអាច​សុំ​ការបំភ្លឺ​ពី​បញ្ហា​នេះ​បានទេ ដោយសារ​ទូរស័ព្ទ​លោក​មិន​មាន​អ្នកទទួល​កាលពី​ថ្ងៃ​ពុធ​។

យ៉ាងណាក្ដី​លោក នេត ភក្ដ្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​​បរិស្ថាន​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា របាយការណ៍​ស៊ើបអង្កេត​នោះ​គឺជា​ព័ត៌មាន​ចាស់ ខណៈ​ផលប៉ះពាល់​មួយ​ចំនួន​ត្រូវបាន​រដ្ឋាភិបាល​ដោះស្រាយ​ហើយ ហើយ​រាល់​ការវិនិយោគ​គឺ​សុទ្ធតែ​មាន​ការវាយតម្លៃ​ពី​ផលប៉ះពាល់​។

លោក​ថា​៖ «​នេះ​គឺជា​ព័ត៌មាន​ចាស់​ផ្សព្វផ្សាយ​ក្នុង​ចេតនា​បង្ក​ការយល់​ច្រឡំ បំភ័ន្ត​សាធារណមតិ និង​បង្កប់​ដោយ​ហេតុផល​នយោបាយ​។ រហូត​មក​ទល់​នេះ ក្រុមហ៊ុន​ទាំងនេះ​បាន​ធ្វើការ​វាយតម្លៃ​លើ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​រួចហើយ ហើយ​ដំណោះស្រាយ​ប៉ះពាល់​មួយ​ចំនួន​ក៏​បាន​ដោះស្រាយ​ផងដែរ ក្នុង​នោះ​រួមមាន​ទាំង​ការ​ឆ្វៀល​ដី​សម្រាប់​សហគមន៍​​សម្រាប់​ប្រជាពលរដ្ឋ​តាម​គោលការណ៍​ស្បែក​ខ្លា និង​បង្កើត​ការងារ​សម្រាប់​​ពលរដ្ឋ​មូលដ្ឋាន​ផងដែរ​»​។

លោក​បន្តថា ក្រសួង​បរិស្ថាន​ស្វាគមន៍​រាល់​ពាក្យបណ្តឹង ប្រសិន​បើ​មាន​ការរង​ផលប៉ះពាល់​ពី​ការអនុវត្ត​គម្រោង​វិនិយោគ​ដើម្បី​មន្ត្រី​ជំនាញ​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ ស្រាវជ្រាវ និង​ដោះស្រាយ​ស្រប​តាម​ការវាយតម្លៃ​។

លោក​ថា​៖ «​ប្រសិនបើ​ក្រសួងបរិស្ថាន​ពិនិត្យឃើញ​ពី​ភាពមិនប្រក្រតី​ណាមួយ​របស់​ក្រុមហ៊ុន​ចំពោះ​ការអនុវត្ត​នោះ​ក្រសួង​នឹង​អនុវត្ត​ច្បាប់​ដូច​ពិន័យ​ ឬ​ស្នើ​ដកហូត​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​វិនិយោគ​ដែល​មិន​ប្រតិបត្តិ​តាម​កិច្ចសន្យា និង​តាម​របាយការណ៍​»​។

ដោយឡែក​លោក​ ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ថ្លែងថា ការផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​គឺ​ត្រូវបាន​​ឆ្លងកាត់​ការត្រួតពិនិត្យ និង​សិក្សា​វាយតម្លៃ​។ ​លោក​ថា ការ​ឃើញ​ជាក់ស្ដែង​ក្រុមហ៊ុន​មួយចំនួន​ដែល​ធ្វើឱ្យ​ប៉ះពាល់​ពលរដ្ឋ​គឺ​ដោយសារ​ក្រុមហ៊ុន​ទាំងនោះ​រំលោភច្បាប់​តែ​រដ្ឋាភិបាល​ក៏​មិន​ព្រងើយកន្ដើយ​ចំពោះ​ការអនុវត្ត​ច្បាប់​ដែរ​។

លោក​ថា​៖ «​យើង​តែងតែ​ស្វែងរក​កិច្ចសហការ​ (​ជាមួយ​ក្រុមហ៊ុន​) ​ដើម្បី​ការអនុវត្ត​ច្បាប់​។ ពីព្រោះ​ការវិនិយោគ​ហ្នឹង​ផ្ដល់​ផលប្រយោជន៍​ទាំង​ ២ ​ភាគី​ទី​ ១ ​ខាង​ក្រុមហ៊ុន​ក៏បាន​ចំណេញ ហើយ​ទី​ ២ ​ខាង​កម្ពុជា​យើង​ក៏បាន​ចំណេញ​រាប់ទាំង​ពន្ធដារ ពលរដ្ឋ​បាន​ការងារ​។ យើង​ទទួល​បាន​ពន្ធដារ​គឺ​យើង​យក​​មក​អភិវឌ្ឍ​ប្រទេស​បន្តទៀត​ដូចជា​ការបែងចែក​ភាគលាភ​ដើម្បី​សង់សាលា​ (​រៀន​) ការបណ្ដាក់ទុន​លើ​វិស័យ​សុខភាព និង​ដូចជា​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នេះដែរ​»៕