ភ្នំពេញ៖ មន្ត្រី​ជំនាញ​ខាង​សុខភាព​សត្វ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​បាន​បញ្ជា​ក់ថា ជំងឺប៉េស្ដ​ជ្រូក​ អាហ្វ្រិក ​បាន​រាលដាល​មក​ដល់​ខេត្ត​ព្រំដែន​របស់​ប្រទេស​វៀតណាម ដែល​ជាប់​គ្នា​ជាមួយ​ខេត្ត​ រតនគិរី​និង​ខេត្ត​ក្រចេះ​របស់​ប្រទេស​កម្ពុជា​ហើយ។


លោក តាន់ ផាន់ណារ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​បាន​លើក​ឡើង នៅក្នុង​សិក្ខា​សាលា​ពិគ្រោះ​យោបល់​​មួយ ​នៅ​ថ្ងៃទី​១៥ ខែមីនា​នេះ​ថា តាម​ព័ត៌មាន​មិន​ផ្លូវ​ការ​ដែល​លោក​ទទួល​បាន​ពី​ខាង​ក្រុមហ៊ុន​លក់​ចំណី​សត្វ និង​សមាគម​ចិញ្ចឹម​សត្វ​ជាដើម គឺ​បញ្ជាក់​ថា ជំងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក​ដែល​រាលដាល​នៅក្នុង​ប្រទេស​វៀតណាម កំពុង​តែ​ខិតជិត​មក​ដល់​ប្រទេស​កម្ពុជា​ហើយ ដោយ​លោក​បាន​អំពាវនាវ​ឱ្យ​មន្ទីរ​ខេត្ត​ រតនគីរី ​និង​ក្រចេះ ត្រូវ​បង្កើន​ការ​តាម​ដាន​និង​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ណា​មាន​សត្វ​ជ្រូក​ឈឺ។

លោក​និយាយ​ថា «ដោយសារ​កាល​ពី​ពេល​ថ្មីៗ​នេះ ខ្ញុំ​ទទួល​បាន​ព័ត៌មាន​ថា នៅ​បណ្ដារ​ខេត្ត​ទល់​ដែន​ជាប់​ប្រទេស​កម្ពុជា​ដែល​ជាប់​នឹង​ខេត្ត ក្រចេះ​និង​រតនគីរី គឺ​មាន​បញ្ហា​នេះ (ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក) ហើយ​ពី​ពេល​នេះ​ទៅ ខ្ញុំ​ក៏​សូម​សំណម​ពរ​លោក-លោកស្រី​ដែលជា​ប្រធាន​ការិយាល័យ​ដែរ​ថា ប្រសិនបើ​មាន​សត្វ​ឈឺ​ក្នុង​ករណី​មួយ​ណា​ក៏​ដោយ ត្រូវ​ប្រុង​ប្រយ័ត្ន»។

វៀតណាម​ គឺ​ជា​ប្រទេស​អាស៊ី​ទី ៣ បន្ទាប់ពី​ប្រទេស​ចិន​និង​ប្រទេស​ ម៉ុងហ្គោលី ដែល​បាន​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅក្នុង​ដើម​ខែ​កុម្ភៈ។ យោង​តាម​សារព័ត៌មាន​វៀតណាម VN Express ចុះ​ផ្សាយ​នៅ​ថ្ងៃទី១៥ ខែមីនា បញ្ជាក់​ថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​កំពុង​វាយ​ប្រហារ​ឧស្សាហកម្ម​ជ្រូក​ប្រទេស​វៀតណាម ​ដែល​មាន​តម្លៃ​ស្មើរ ១០ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក និង​កំពុង​ធ្វើឱ្យ​វៀតណាម​រង​ការ​គំរាម​កំហែង​កាន់​តែ​ធ្ងន់ធ្ងរ ចំពោះ​ការ​នាំ​ចេញ​ជ្រូក។


សារព័ត៌មាន​នេះ​បន្តថា ក្រោយពី​ខេត្ត​ក្រុង​របស់​វៀតណាម​ចំនួន ១៧ បាន​ផ្ទុះឡើង​ជំងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក​ជា​បន្តបន្ទាប់ គឺ​បាន​ធ្វើ​ឱ្យ​ប្រទេស​មួយ​ចំនួន ដូចជា កោះ​តៃវ៉ាន់ ទីក្រុង​ឌូបៃ​របស់​អារ៉ាប់​រួម សហរដ្ឋ​អាមេរិក និង​ប្រទេស​អង់គ្លេស បាន​ចេញ​បំរាម​ចំពោះ​ការ​នាំ​ចូល​សាច់ជ្រូក​ពី​ប្រទេស​វៀតណាម ហើយ​ជន​ណា​ល្មើស​នឹង​បំរាម​នោះ នឹង​ត្រូវ​ផាកពិន័យ​ឬ​ត្រូវ​ជាប់​ពន្ធនាគារ។


លោក ញ៉ែម សំអឿន អភិបាលរង​ខេត្ត​រតនគីរី​បាន​បញ្ជាក់​ថា លោក​មិន​បា​នទទួល​ព័ត៌មាន​ថា​ជំងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក​បាន​រាល​ដាល​តំបន់​ព្រំដែន​ប្រទេស​វៀតណាម​ជាប់​គ្នា​ជាមួយ​ខេត្ត​រតនគីរី​ឡើយ ប៉ុន្តែ​លោក​បញ្ជាក់ថា ក្នុង​ខេត្ត​រតនគីរី​គឺ​ពុំមាន​ការ​នាំ​ជ្រូក​ចូល​ពី​ប្រទេស​វៀតណាម​នោះទេ។

លោក​ថា «ភាគច្រើន (នាំ​ជ្រូក​ចូល) តាម​ពី​ខេត្តកំពង់ចាម​ទៅវិញ​ទេ។ យើង​បាន​ជូនដំណឹង​ដល់​អ្នក​រកស៊ី​ទាំងអស់ មិន​ឱ្យ​ដឹក​ជញ្ជូន (ជ្រូក​ពី​វៀតណាម) ចូល​ខេត្ត​យើង​ទេ»។

ភ្នំពេញ​ប៉ុស្ដិ៍​មិនអាច​សុំ​ការ​​បកស្រាយ​បន្ថែម​ពី​លោក លី សូ​វ៉ាន់ មន្ត្រី​នាំពាក្យ​ក្រសួងសុខាភិបាល​បាន​ទេ​នៅ​ថ្ងៃទី១៥ មីនា​នេះ ដោយ​ទូរស័ព្ទ​ចូល​ច្រើនដង​តែ​គ្មាន​អ្នកទទួល។

ប៉ុន្តែ​លោក តាន់ ផាន់​ណា​រ៉ា បាន​អះអាងថា មាន​បទល្មើស​ដឹក​ជ្រូក​ចូល​ខុសច្បាប់​ជាច្រើន​ពី​ប្រទេស​វៀតណាម ប៉ុន្តែ​លោក​ថា ខាង​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់​ខេត្ត បាន​ទប់ស្កាត់​បទ​ល្មើស​ទាំង​នោះ​បាន​យ៉ាង​ល្អប្រសើរ ហើយ​រាល់​ការវិភាគ​កន្លងមក​ក៏​បង្ហាញថា កម្ពុជា​ពុំមាន​ករណី​ផ្ទុះឡើង​ជំងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក​នោះទេ៕