ភ្នំពេញៈ ក្រុមមន្ត្រីជំនាញផ្នែកសុវត្ថិភាពចំណីអាហារនៅកម្ពុជា កាលពីថ្ងៃទី ៦ ខែវិច្ឆិកា បានអំពាវនាវ និងជំរុញដល់ក្រុមសហគ្រិន និងពាណិជ្ជករ អ្នកផលិត និង អ្នកផ្គត់ផ្គង់ចំណីអាហារ ត្រូវបង្កើនការយកចិត្តទុកដាក់អំពីសុវត្ថិភាព និង ស្ដង់ដារចំណីអាហារ ដើម្បីធានានូវសុខុមាលភាព សម្រាប់អ្នកបរិភោគ។
ការអំពាវនាវនេះ បានធ្វើឡើងនៅក្នុងវេទិកា «សប្ដាហ៍និយាយអំពីសុវត្ថិភាពចំណីអាហារ» ដែលរៀបចំឡើងដោយវិទ្យាស្ថានមេគង្គ ក្រោមកិច្ចសហការជាមួយវិទ្យាស្ថានជាតិបច្ចេកទេសវិទ្យាសាស្ត្រកម្ពុជា នាយកដ្ឋានស្ដង់ដារកម្ពុជា កាំកុងត្រូល នាយកដ្ឋានឱសថចំណីអាហារបរិក្ខារពេទ្យ និងគ្រឿងសំអាងនៃក្រសួងសុខាភិបាល និងមានការចូលរួមពីផ្នែកពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀត។
នៅក្នុងវេទិការនោះ លោក Watcharas Leelawath នាយកប្រតិបត្តិនៃវិទ្យាស្ថានមេគង្គ ថ្លែងថា៖ «នៅពេលនិយាយអំពីសុវត្ថិភាពចំណីអាហារ យើងចាំបាច់ត្រូវនិយាយអំពីស្ដង់ដារចំណីអាហារ ហើយអ្នកណាខ្លះដែលធ្វើការពាក់ព័ន្ធនៅក្នុងបញ្ហានេះ»។
លោកបន្ថែមថា ការគិតដល់បញ្ហាចម្បងទាំង២ខាងលើនេះ អ្នកផលិតនិងផ្គត់ផ្គង់ចំណីអាហារ មានតួនាទីដ៏សំខាន់ក្នុងការចូលរួម ជំរុញឲ្យគោលនយោបាយលើកកម្ពស់សុខុមាលភាព និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៃរដ្ឋាភិបាលរបស់ប្រទេសក្នុងអនុតំបន់ទន្លេមេគង្គ ដែលរួមមាន កម្ពុជា វៀតណាម ឡាវ ថៃ និង ភូមា ទទួលបានជោគជ័យយ៉ាងឆាប់រហ័ស។
លោក Leelawath បញ្ជាក់ថា៖ «ប្រទេសក្នុងអនុតំបន់មេគង្គ គឺជាប្រទេសដែលមានសក្ដានុពលលើវិស័យកសិកម្ម ដូច្នេះយើងអាចគិតអំពីផលិតភាពនៃការផ្គត់ផ្គង់សុវត្ថិភាពចំណីអាហារ និង ស្ដង់ដារមួយ ដែលអាចទទួលយកបានទាំងក្នុងកម្រិតថ្នាក់ជាតិ តំបន់ និងអន្តរជាតិ ព្រោះយើងចាំបាច់ត្រូវផលិតចំណីអាហារសម្រាប់ផ្គត់ផ្គង់ទាំងក្នុងស្រុក និងនាំចេញទៅទីផ្សារក្រៅប្រទេស»។
យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមមន្ត្រីជំនាញនៃវិទ្យាស្ថានស្ដង់ដារកម្ពុជា បង្ហាញថា សហរដ្ឋអាមេរិក ជាប្រទេសមួយដែលមានការនាំចូលចំណីអាហារដ៏មានសុវត្ថិភាព និងមានស្ដង់ដារខ្ពស់ជាងគេ។ ប៉ុន្តែ ក្រុមពាណិជ្ជកររបស់ពួកគេមួយចំនួន នៅតែឆ្លៀតឱកាសលួចផលិត និង នាំចូលនូវចំណីអាហារ ដែលមិនស្របតាមស្តង់ដារ ដែលបង្កឲ្យរដ្ឋាភិបាលនៃប្រទេសនេះ មានការខាតបង់នូវទឹកប្រាក់ប្រមាណជាង៧ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។
លោក លី ទីន អនុប្រធាននាយកដ្ឋាន វិញ្ញាប័នបត្រ នៃវិទ្យាស្ថានស្ដង់ដារកម្ពុជា និយាយថា ការត្រួតពិនិត្យ ស្ដង់ដារ និង សុវត្ថិភាពចំណីអាហារ គឺ ជាផ្នែកមួយធ្វើឲ្យប្រសើរឡើង នូវសុខុមាលភាព និង វឌ្ឍនភាពរបស់ប្រជាពលរដ្ឋ ប៉ុន្តែកិច្ចការនេះ វាចាំបាច់ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេស អ្នកផលិត និងអ្នកផ្គត់ផ្គង់ត្រូវតែមានទំនួលខុសត្រូវ ចំពោះសុវត្ថិភាពរបស់អ្នកបរិភោគ ហើយអ្នកបរិភោគ គប្បីត្រូវជ្រើសរើសនូវចំណីអាហារដែលមានស្លាកសញ្ញាស្ដង់ដារ ដែលទទួលស្គាល់ដោយស្ថាប័នជំនាញ ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។
លោក ទីន បញ្ជាក់ថា៖ «អ្នកផលិត និង អ្នកផ្គត់ផ្គង់ចំណីអាហារ ត្រូវមានភាពស្មោះត្រង់ និងបញ្ឈប់ការប្រើប្រាស់សារធាតុគីមីពុល ដែលបង្កហានិភ័យដល់សុខភាពអ្នកបរិភោគ»។
លោកឲ្យដឹងទៀតថា គិតរហូតមកទល់ពេលនេះ នៅកម្ពុជាមានក្រុមហ៊ុនប្រមាណជាង ២០០ ក្រុមហ៊ុនប៉ុណ្ណោះ ដែលបានចុះស្ដង់ដារ បញ្ជាក់សុវត្ថិភាពចំណីអាហារនៅក្នុងវិទ្យាស្ថានស្ដង់ដារកម្ពុជា។
លោក ស៊ីន ស៊ីដេត នាយកមន្ទីរពិសោធកាំកុងត្រូល និយាយថា ជាទូទៅប្រជាពលរដ្ឋភាគច្រើនបានវាយតម្លៃទៅលើចំណីអាហារ គ្រប់ប្រភេទដែលនាំចូលពីប្រទេសជិតខាង ដូចជាប្រទេសវៀតណាម និងប្រទេសថៃ ជាដើម ថាជាទំនិញខូចគុណភាព ឬ មានជាតិសារធាតុគីមីពុល ប៉ុន្តែ ការវាយតម្លៃជារួមដូច្នេះ «មិនត្រឹមត្រូវ» នោះទេ ចំណីអាហារមួយចំនួនដែលនាំចូលពីប្រទេសជិតខាងទាំង២ខាងលើនេះ មានមួយចំនួនធំគឺ មានគុណភាពស្របតាមស្ដង់ដារបច្ចេកទេស។
លោកថ្លែងថា៖ «ចំណីអាហារគ្រប់ប្រភេទ ដែលនាំចូលពីក្រៅប្រទេស វាគ្មានបញ្ហាឬមានបញ្ហាប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ គឺ អាស្រ័យទៅលើពាណិជ្ជករ ដែលនាំចូលនូវទំនិញជាចំណីអាហារទាំងនោះមានភាពស្មោះត្រង់ ឬអត់ អ៊ីចឹង ចំណីអាហារនាំចូលពីក្រៅប្រទេស និង ផលិតក្នុងស្រុក មានសុវត្ថិភាព និង គុណភាពសម្រាប់សុខភាពអ្នកបរិភោគ គឺអាស្រ័យលើអ្នកផលិត អ្នកនាំចូលមានភាពស្មោះត្រង់ និងមានការទទួលខុសត្រូវ»៕