ភ្នំពេញៈ ក្រុមមន្ត្រី​ជំនាញ​បាន​រកឃើញ​ស្ថានីយ​ប្រេងឥន្ធនៈ​ចំនួន​ ៧ ​ទីតាំង​ មិន​បាន​អនុវត្ត​ស្របតាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋ​ដោយ​ក្រុមការងារ​បាន​ផាកពិន័យ និង​ធ្វើ​កិច្ចសន្យា​ផងដែរ​ក្នុង​ពេល​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ និង​ត្រួតពិនិត្យ​តម្លៃ​ប្រេង​តាម​បណ្តា​ខេត្ត​របស់​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ (​កបប​) ​តាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​ស្តីពី​ការបញ្ចុះ​តម្លៃ​ប្រេង​ទូទាំង​ប្រទេស​។


ក្រៅពី​ធ្វើការ​ផាកពិន័យ​ប្រាក់ និង​ធ្វើ​កិច្ចសន្យា​ជាមួយ​ស្ថានីយ​ប្រេងឥន្ធនៈ​ទាំងនោះ​ក្នុង​នោះ​ក្រុមការងារ​ក៏​បាន​កសាង​សំណុំរឿង​តាមច្បាប់​ចំពោះ​ស្ថានីយ​មួយចំនួន​ទៀត​ដែល​បាន​លក់​ក្លែងបន្លំ​គុណភាព​ប្រេង និង​កម្រិត​បរិមាណ​លីត្រ​ផងដែរ​។

លោក​ ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក.ប.ប. ថ្លែង​ពី​ម្សិលមិញ​ថា ក្រោយពេល​ក្រសួង​ចេញ​សេចក្ដី​ជូនដំណឹង​ស្ដីពី​ការលក់​បញ្ចុះតម្លៃ​ប្រេងឥន្ធនៈ​តាម​ស្ថានីយ​នានា​ទូទាំង​ប្រទេស មន្ត្រី​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង​ និង​បង្ក្រាប​ការក្លែងបន្លំ​បាន​បើក​យុទ្ធនាការ​ផ្សាព្វផ្សាយ​ និង​ត្រួតពិនិត្យ​តម្លៃ​ប្រេងឥន្ធនៈ​តាម​បណ្តា​ខេត្ត​ទូទាំងប្រទេស ដើម្បីឱ្យ​ស្ថានីយប្រេងឥន្ធនៈ​អនុវត្ដ​ឱ្យបាន​ត្រឹមត្រូវ​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​។

លោក​ថ្លែងថា​៖ «​យើង​បាន​ផាក​ស្ថានីយ​ប្រេងឥន្ធនៈ​ក្នុង​ខេត្ដ​កំពង់ស្ពឺ​ចំនួន​ ៤ ​ស្ថានីយ​ និង​ខេត្ដ​តាកែវ​ចំនួន​ ៣ ​ស្ថានីយ​។ យើង​បាន​ណែនាំ​ [​ស្ថានីយ​] ​ទាំងនោះ​ឱ្យ​ធ្វើ​កិច្ចសន្យា និង​បាន​ធ្វើការ​ផ្សព្វផ្សាយ​តាម​ស្ថានីយ​ប្រេងឥន្ធនៈ​ទាំងអស់ ហើយ​ទូទាំង​ប្រទេស​។ យើង​ក៏បាន​ជូនដំណឹង​តាម​គេហទំព័រ​ហ្វេសប៊ុក​ក្រុមការងារ ក.ប.ប. សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ដ​ក្នុង​ការផ្សព្វផ្សាយ​ការជូនដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​ពី​តម្លៃ​ប្រេងឥន្ធនៈ​នេះ​ផងដែរ​»​។


លោក​ ផាន អូន បន្ថែមថា​ទាំង​ការចុះ​ទៅ​អប់រំ ផ្សព្វផ្សាយ និង​ធ្វើលិខិត​អំពាវនាវ​ផង​នេះ គឺ​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ក្នុង​កាលៈទេសៈ​ដែល​ប្រេងសាំង​កំពុង​តែ​ធ្លាក់​ថ្លៃ ប៉ុន្ដែ​បងប្អូន​អាជីវករ​មួយចំនួន ពួកគាត់​នៅតែ​លក់​ក្នុង​តម្លៃ​ថ្លៃ​។ អគ្គនាយកដ្ឋាន​ ក.ប.ប. ក៏​មើលឃើញ​ផងដែរ​ថា ក្នុង​ការអនុវត្ដ​របស់​ស្ថានីយប្រេងឥន្ធនៈ​នាពេល​កន្លង​មក​គឺ​មានការ​អនុវត្ដ​ល្អ​។ ប៉ុន្ដែ​លើក​នេះ​មាន​ភាពយឺតយ៉ាវ​ក្នុង​ការអនុវត្ដ​នោះ​នឹង​ដោះស្រាយ​តាម​ការស៊ើបអង្កេត​របស់​មន្ដ្រី​តែម្ដង​ដែល​បាន​ចុះ​អនុវត្ដ​។


លោក​ អូន បញ្ជាក់ថា​៖ «​និយាយ​ឱ្យចំ​ទៅ​ក្រោយ​ពី​ការប្រកាស​តម្លៃ​របស់​ក្រសួង​លើស​រយៈពេល​តែ​ ១ ​ថ្ងៃ​ទៅ​ ២ ​ថ្ងៃ​គឺ​យើង​មិនឱ្យ​កើតមាន​ការមិន​អនុវត្ដ​យឺតយ៉ាវ​លើស​ទៀត​នោះទេ​។ ក្នុង​រយៈពេល​ ១ ​ថ្ងៃ​ទៅ​ ២ ​ថ្ងៃ​វា​គឺជា​រយៈពេល​ឆកល្វែង​មួយ​ចំនួន ព្រោះ​សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​មិនទាន់​អាច​ទៅ​ដល់​ស្ថានីយ​ដែល​នៅ​ឆ្ងាយៗ​តាម​បណ្ដា​ខេត្ដ​មួយចំនួន​។ ចំណែក​ស្ថានីយប្រេងឥន្ធនៈ​ដែល​មាន​ស្ដង់ដា​ល្អ​នោះ ក្រោយ​ចេញ​សេចក្ដី​ជូនដំណឹង​ភ្លាម​គឺ​ពួកគេ​ប្ដូរ​តម្លៃ​ភ្លាម​»​។

លោក​ឱ្យដឹងថា​ការបញ្ចុះ​តម្លៃ​ប្រេងឥន្ធនៈ​នេះ​គឺ​បានកំណត់​ចាប់ពី​ថ្ងៃទី​ ១ ​ដល់​ ១៥ ខែ​មេសា​។ ដូច្នេះ​ចាប់ពី​ថ្ងៃទី​ ១៦ រហូតដល់​ថ្ងៃទី​ ៣០ ​ខែ​មេសា​ក្រសួង​នឹងមាន​សេចក្ដី​ជូន​ដំណឹង​ថ្មី​មួយទៀត​។ សេចក្ដី​ជូនដំណឹង​នេះ​មាន​រយៈពេល​ ២ ​សប្ដាហ៍​ម្ដង​ក្នុង​ការចេញផ្សាយ​តម្លៃ​ប្រេងឥន្ធនៈ​នេះ​។

តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន ក.ប.ប. ឲ្យ​ដឹងថា មន្ដ្រី​អគ្គនាយកដ្ឋាន​ ក.ប.ប. បាន​បើក​យុទ្ធនាការ​ផ្សាព្វផ្សាយ​ និង​ត្រួតពិនិត្យ​តម្លៃ​ប្រេងឥន្ធនៈ​តាម​បណ្តា​ខេត្ត​ទូទាំង​ប្រទេស​។ យុទ្ធនាការ​នេះ​ដើម្បី​ត្រួតពិនិត្យ​ និង​ផ្សាព្វផ្សាយ​ឱ្យ​ម្ចាស់​ស្ថានីយ​ និង​ដេប៉ូ​ទាំងអស់​ត្រូវតែ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​គោលការណ៍​កំណត់​ដូចជា ត្រូវ​លក់​ប្រេង​ជូន​ប្រជាពលរដ្ឋ​តាម​តម្លៃ​ដែល​កំណត់​ដោយ​ក្រសួង​ពាណិជ្ជកម្ម​។ ប្រេងឥន្ធនៈ​ដែល​ដាក់លក់​ត្រូវ​មាន​គុណភាព​តាម​ស្តង់ដា​កំណត់​ និង​បរិមាណ​លក់​ប្រេង​ត្រឹមត្រូវ​តាមខ្នាត​រង្វាស់រង្វាល់​។

អគ្គនាយកដ្ឋាន​ ក.ប.ប. បញ្ជាក់​ថា​ក្នុង​ករណី​មិន​អនុវត្ត​តាម​ការណែនាំ អគ្គនាយកដ្ឋាន ក.ប.ប នឹង​អនុវត្តតាម​នីតិវិធី​ដែល​មានចែង​នៅក្នុង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ និង​ប្រកាស​អន្តរក្រសួង​លេខ​ ១៧២ ចុះ​កាលពី​ថ្ងៃទី​ ២២ ខែមិថុនា​ឆ្នាំ​ ២០១៨ ​ស្តីពី​ការកំណត់​រូបមន្ត​សម្រាប់​កែសម្រួល​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​។

របាយការណ៍​របស់​អគ្គនាយកដ្ឋាន ក.ប.ប. ឲ្យ​ដឹងថា​ស្ថានីយ​ប្រេងសាំង​ចំនួន​ ៣ ក្នុងស្រុក​ព្រៃកប្បាស និង​ស្រុក​បាទី ខេត្តតាកែវ ដែល​បាន​លក់​ខុសពី​សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​។

តាម​របាយការណ៍​ដដែល​បាន​បញ្ជាក់ថា​៖ «​បាន​រកឃើញ ដេប៉ូ និង​ស្ថានីយ​ប្រេងសាំង​ចំនួន ​៣ ដែល​លក់​តម្លៃ​ខ្ពស់​ដែល​ខុសពី​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​។ បន្ទាប់មក​បានធ្វើការ​ផាកពិន័យ​ក្នុង​ ១ ​ស្ថានីយ​ចំនួន​ ២ ​លាន​រៀល​ព្រមទាំង​បាន​ឱ្យ​ម្ចាស់​ស្ថានីយ​ទាំង​ ៣ ​ខាងលើ​ធ្វើ​កិច្ចសន្យា​ដោយ​កែតម្រូវ​តម្លៃ​ដែល​ដាក់លក់​ឱ្យ​ត្រឹមត្រូវ​ដោយ​ស្រប​ទៅ​តាម​ការណែនាំ​របស់​ក្រសួង​ពាណិជ្ជកម្ម​»​។

កាលពី​ថ្ងៃទី​ ២ ​ខែ​មេសា​មន្ត្រី​អគ្គនាយកដ្ឋាន ក.ប.ប. បាន​ចុះ​ត្រួតពិនិត្យ​បណ្តា​ស្ថានីយ​/​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​ចំនួន​ ៨ ​ទីតាំង​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៤ ​ខេត្ត​កំពង់ស្ពឺ​។ ក្នុងការ​ត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ​បាន​ធ្វើការ​វិភាគ​លើ​កម្រិត​សន្ទស្សន៍​សេតាន​របស់​ប្រេងសាំង ម៉ាស៊ូត​ និង​ត្រួតពិនិត្យ​លើ​រង្វាស់រង្វាល់​របស់​បណ្តា​ស្ថានីយ​/​ដេប៉ូ​ចែកចាយ​ទាំង​ ៨ ​ផងដែរ​។

លទ្ធផល​នៃ​ការត្រួតពិនិត្យ​មន្ត្រី​ជំនាញ​បាន​រកឃើញ​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​ចំនួន​ ៤ ​ទីតាំង​ដែល​បាន​លក់​ប្រេង​ជូន​អតិថិជន​ដោយ​មិនមាន​អនុលោមភាព​ផ្នែក​បរិមាណ​គុណភាព និង​តម្លៃ​។

បន្ទាប់មក​មន្ត្រី​ជំនាញ​ក៏​បាន​ធ្វើ​កំណត់ហេតុ និង​អនុវត្ត​នីតិវិធី​ពិន័យ​អន្តរការណ៍​ទៅលើ​ដេប៉ូ​ទាំង​ ៤ ​ទីតាំង​ដោយ​ដេប៉ូ​ចំនួន​ ៣ ​ត្រូវបាន​ពិន័យ​ជា​ប្រាក់​ចំនួន​ ២ ​លាន​រៀល​ក្នុង ១ ​ដេប៉ូ និង​ដេប៉ូ​ ១ ​ផ្សេងទៀត​ត្រូវបាន​ពិន័យ​ជា​ប្រាក់​ចំនួន​ ១ ​លាន​រៀល​៕