ស្វាយរៀងៈ ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង​កាលពី​ម្សិលមិញ​បាន​បន្ត​ចុះ​ស្រាវជ្រាវ​ករណី​ពុល​អាហារ​​មួយ​នៅ​ក្រុង​បាវិត​ដែល​មាន​ជនរងគ្រោះ​យ៉ាងតិច​ ២៤ ​នាក់​ មាន​អាការ​ក្អួតចង្អោរ និង​រាករូស​ក្នុង​នោះ​មាន​ចិន​ ៤ ​នាក់​។


លោក​ កែវ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាលពី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​ ៧ ខែ​តុលា​មាន​ករណី​ពុល​អាហារ​នៅ​ក្លិប​ខារ៉ាអូខេ​ FUN-NYKTV ​របស់​ជនជាតិ​ចិន​នៅ​ភូមិ​បាវិត​កណ្ដាល សង្កាត់-ក្រុង​បាវិត​។ ​ករណីនេះ​មាន​ជនរងគ្រោះ​ ២៤ ​នាក់​ (​ស្រី​ ១៣ ​នាក់​​ និង​ប្រុស​ ១១ ​នាក់​) ​ក្នុងនោះ​មាន​ស្ត្រី​ជាតិចិន​ ៤ ​នាក់​។

លោក​ថ្លែងថា​តាម​ការបំភ្លឺ​ពី​គ្រូពេទ្យ​ម្នាក់​នៃ​មន្ទីរពេទ្យ​សោភ័ណ្ណ​អូវ៉ាង​ [​មន្ទីរពេទ្យ​ឯកជន​] ​និង​ការ​បញ្ជាក់បន្ថែម​ពី​ជនរងគ្រោះ​ថា ពួកគេ​មាន​អាការ​ក្អួតចង្អោរ រាករូស និង​ថប់ដង្ហើម​ក្រោយពី​ហូប​ [​មី​ស្រុស​លាយ​ស្ពៃ​] ​ដែល​មន្ត្រី​សុខាភិបាល​ខេត្ត​​សន្និដ្ឋាន​ជំហាន​ដំបូង​ថា​មកពី «​ពុល​អាហារ​»​។

លោក រដ្ឋា បាន​បញ្ជាក់​ថា​៖ «​ទោះ​យ៉ាងណា​យើង​មិនដឹងថា​វា​បណ្ដាល​មកពី​សរសៃ​មី​ ឬ​ពី​បន្លែ​ស្ពៃ​នោះទេ ព្រោះ​សំណាក​ត្រូវបាន​គេ​យក​ទៅ​ចាក់​ចោល និង​លាង​សម្អាត​តាំងពី​​យប់​កើត​ហេតុ​មក​ម្ល៉េះ​»​។


ប៉ុន្តែ​បើ​តាម​លោក រដ្ឋា គិត​ត្រឹម​រសៀល​ម្សិលមិញ អ្នកជំងឺ​ទាំងអស់​បាន​ធូរស្រាល និង​​បាន​វិល​ទៅផ្ទះ​អស់​ហើយ លើកលែង​តែ​ស្ត្រី​ ២ ​នាក់​ដែល​មាន​អាការ​ធ្ងន់ធ្ងរ​នៅ​បន្ត​សម្រាក​ក្នុង​មន្ទីរពេទ្យ​ឯកជន​នោះ​។


អ្នកស្រី ម៉ន សាកាន អាយុ​ ៤៨ ​ឆ្នាំ​ដែល​ជា​ជនរងគ្រោះ​​ម្នាក់​បាន​ប្រាប់​ថា មុន​កើតហេតុ​ពួកគាត់​បាន​ហូប​មីលាយ​ស្ពៃ​ដែល​ទិញ​ពី​ផ្សារ​ក្រុង​បាវិត​។ ប៉ុន្តែ​ប្រមាណ​ ១ ​ម៉ោង​ក្រោយ​​មក​ស្រាប់តែ​ក្អួតចង្អោរ វិលមុខ និង​ថប់ដង្ហើម ហើយ​ត្រូវបាន​​មេការ​ខារ៉ាអូខេ​នេះ​បញ្ជូន​ទៅ​​គ្លីនិក​ឯកជន​នេះ​តែ​ម្ដង​៕