ភ្នំពេញៈ​ បញ្ហា​ដីធ្លី​នៅ​ខេត្ត​កោះកុង​នៅ​តែ​ជា​កង្វល់​​មួយ ​ស្រប​ពេល​ដែល​ការ​តវ៉ា​​នៅ​តែ​មាន​បន្ត​បន្ទាប់​ ជា​អ្វី​ដែល​​មន្ត្រី​ថា​បង្ក​ឡើង​ដោយសារ​មាន​ការ​ញុះញង់​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ ​ខណៈ​ការ​ដោះស្រាយ​នៅ​សល់​តិចតួច​ ប៉ុន្តែ​ការ​លើក​ឡើង​នេះ​ត្រូវ​បាន​មន្ត្រី​សង្គម​ស៊ីវិល​ច្រាន​ចោល ​ដោយ​បាន​ចាត់​ទុក​ការ​តវ៉ា​ទាំង​នោះ​​ថា​ ធ្វើ​ឡើង​ស្រប​តាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​។


តាម​របាយការណ៍​សកម្មភាព​លទ្ធផល​ការងារ​ប្រចាំ​ត្រីមាសទី​២ ​របស់​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​កោះកុង ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ត្រីមាស​ទី២ ​ឆ្នាំ​នេះ​ ដែល​ដឹកនាំ​ដោយ​លោក​ឧបនាយក​រដ្ឋមន្ត្រី ទៀ​ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​​ខេត្ត​កោះកុង​កាល​ពី​​ម្សិលមិញ​ នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ បាន​បង្ហាញ​ពី​លទ្ធផល និង​មូលហេតុ​មួយ​ចំនួន​ដែល​បង្ក​ឲ្យ​មាន​ការ​តវ៉ា​ទាក់ទង​នឹង​ទំនាស់​ដី​ធ្លី​នៅ​ក្នុង​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​។

របាយការណ៍​បាន​លើក​ឡើង​ថា​ ក្នុង​ត្រីមាស​ទី២ ​ឆ្នាំ ២០១៩ នេះ​ រដ្ឋបាល​ខេត្ត​កោះកុង​រក្សា​បាន​នូវ​ស្ថិរភាព​សន្តិភាព​ សណ្តាប់​ធ្នាប់​សង្គម​យ៉ាង​ល្អ​ប្រសើរ​ជូន​ពលរដ្ឋ ភ្ញៀវ​ ទេសចរជាតិ និង​អន្តរជាតិ ហើយ​បាន​ពុះពារ​ជម្នះ​បញ្ហា​ប្រឈម​ជា​ច្រើន​ហើយ​ថា ក្នុង​រយៈពេល ​៣ ​ខែ ​ពី​ខែ មេសា រហូត​ដល់​ខែ ​មិថុនា ​មាន​ការ​ប្រមូល​ផ្តុំ​តវ៉ា​ចំនួន ​៤៨ លើក ​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​ក្រុមហ៊ុន SEZ ​ក្រុមហ៊ុន ​UDG និង​អង្គការ​សម្ព័ន្ធ​សព្វ​ព្រៃ​។

តាម​របាយការណ៍​បាន​បញ្ជាក់​ថា៖ «​ការ​ដោះស្រាយ​​ដី​លំនៅឋាន​ និង​ដី​ចម្ការ​របស់​ពលរដ្ឋ​ក្នុង​ស្រុក​ក្រុង​ចំនួន ​៤ ដែល​​គ្រប​ដណ្តប់​ដោយ​អនុក្រឹត្យ​លេខ ​៨០ ចុះ​​ថ្ងៃទី ​៩ ខែ ​ឧសភា ​ឆ្នាំ ២០១៦​ ស្តីពី​ការ​បង្កើត​ដែន​ជម្រក​សត្វ​ព្រៃ​​តាតៃ​ ពុំទាន់​ដំណើរ​ការ​បាន​តាម​សំណើ និង​សំណូម​ពរ​ចាំបាច់​របស់​ប្រជាពលរដ្ឋ។ ការ​ញុះញង់​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​ឲ្យ​ប្រជាពលរដ្ឋ​ប្រមូល​ផ្តុំ​តវ៉ា​ដីធ្លី​នៅ​តែ​មាន​ជា​បន្តបន្ទាប់ ​ដែល​បង្ក​ឲ្យ​មាន​អសន្តិសុខ និង​អស្ថិរភាព​នៅ​ក្នុង​​​ខេត្ត​ និង​មក​រាជធានី​ភ្នំពេញ»​។


លោក​ ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិលមិញ​ថា ក្រុម​ការងារ​ចុះ​ជួយ​មូលដ្ឋាន​នៅ​ទូទាំង​ខេត្ត ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​​បាន​នឹង​កំពុង​ស៊ើប​អង្កេត​ និង​ការ​ដោះស្រាយ​ចំពោះ​បញ្ហា​ដីធ្លី​ទាំង​នោះ​។


លោក​បាន​បញ្ជាក់​ថា៖ ​«កិច្ច​ការងារ​នេះ​ យើង​កំពុង​តែ​ធ្វើ​ហើយ វា​ច្បាស់​ហើយ​កន្លែង​ដែល​មាន​ដី​ធំ វា​មាន​អ្នក​ត្រូវ​ការ​ដី​ក៏​វា​មាន​ច្រើន​ដែរ​ ដូច្នេះ​គេ​កំពុង​តែ​ធ្វើ​ការងារ​នេះ។​​ យើង​បាន​ធ្វើ​ការងារ​នេះ​ជា​បន្តបន្ទាប់​ហើយ​ ទាំង​សមត្ថកិច្ច​ និង​អ្នក​ដែល​មាន​តួនាទី​ទទួល​ខុស​ត្រូវ​ដីធ្លី​មាន​ភារកិច្ច​ទទួល​ខុស​ត្រូវ ​និង​ចាត់ចែង​ឲ្យ​បាន​ត្រឹមត្រូវ សម​ស្រប​ទៅ​តាម​ច្បាប់​ និង​តម្រូវ​ការ​របស់​ប្រជាជន»​។

លោក​បាន​បន្ថែម​ថា ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ហ្មត់ចត់​ទៅ​លើ​ក្រុម​មនុស្ស​ខិលខូច​មួយ​ចំនួន​ដែល​តែង​បំផុស​ពលរដ្ឋ​ឲ្យ​តវ៉ា​នៅ​ខេត្ត​កោះកុង​ និង​នៅ​រាជធានី​ភ្នំពេញ​ ដោយ​លោក​បាន​ចាត់​ទុក​មនុស្ស​ទាំង​នោះ​ថា បាន​បង្ក​អសន្តិសុខ​ និង​អស្ថិរភាព​ដល់​ខេត្ត​ និង​រាជធានី​ភ្នំពេញ។

លោក​បាន​បន្ថែម​ថា៖ «យើង​កំពុង​សហការ​គ្នា​ដើម្បី​ពិនិត្យ​មើល​អ្នក​ខ្លះ​ឆ្លៀត​ បាន​ដោះស្រាយ​នៅ​​នឹង​កន្លែង​ជាក់​ស្តែង​រួច​ទៅ​ហើយ​ តែ​បែរ​ជា​នាំ​គ្នា​មក​​ភ្នំពេញ​មក​បង្ក​រឿង​នៅ​ភ្នំពេញ។ រឿង​ហ្នឹង​ដែល​ខ្ញុំ​បាន​ផ្តល់​អនុសាសន៍​ឲ្យ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ បើ​មិន​ដូច្នេះ​ទេ វា​នឹង​បន្ត​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​។ ការងារ​នេះ​ជា​ការងារ​ចាំបាច់​ដែល​យើ​ត្រូវ​តែ​ធ្វើ»។

ចំណែក​លោក សុខ​ សុទ្ធី​ អ្នក​នាំពាក្យ​ខេត្ត​កោះកុង​បាន​ថ្លែង​ថា បញ្ហា​ដី​ដែល​បាន​បន្ត​កើត​ឡើង​ក្នុង​ខេត្ត​កោះកុង​​ដោយសារ​ទីតាំង​ខ្លះ​ស្ថិត​ក្នុង​តំបន់​វិនិយោគ​ដែល​ពលរដ្ឋ​មួយ​ចំនួន​បាន​ទាមទារ​សំណង​ហួស​ហេតុ​​ធ្វើ​ឲ្យ​លំបាក​ដោះស្រាយ​ ហើយ​​ករណី​ខ្លះ​ដោយសារ​ឡើង​ថ្លៃ​​ និង​មាន​ការ​ញុះញង់​ពី​អ្នក​ខាង​ក្រៅ​មួយ​​​ចំនួន​។

លោក​បញ្ជាក់​ថា៖ «ពួក​គាត់​រស់​នៅ​លើ​តំបន់​ឧទ្យាន​ ជា​គោលនយោបាយ​​យើង​មិន​បាន​ដោះស្រាយ​ជូន​ពួក​គាត់​ទេ​ដោយ​គាត់​គ្រាន់​តែ​អ្នក​មក​ទិញ​ដីធ្លី​ដើម្បី​លក់​បាន​ថ្លៃ។ រឿង​មួយ​ចំនួន​ទៀត​ ប្រជាពលរដ្ឋ​បាន​ទទួល​ហើយ ​ប៉ុន្តែ​ដោយ​សារ​តែ​ទីផ្សារ​ឡើង​ថ្លៃ​ និង​មាន​ការ​ញុះញង់​ពី​បណ្តា​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ដូច​ជា​ អង្គការ និង​កម្ដៅ​នយោបាយ​ផង​ និង​ពួក​មជ្ឈដ្ឋាន​អគតិ​អុក​ឡុក​ផង​ដែរ​»។

ទោះបី​យ៉ាង​ណា លោក​បាន​បន្ថែម​ថា ​​នៅ​មាន​ករណី​បញ្ហា​ដី​ធ្លី​ប្រមាណ​ជា ១០ ទៅ ២០ ភាគរយ ​ដែល​ពុំទាន់​បាន​ដោះស្រាយ​នៅ​តំបន់​វិនិយោគ​ និង​តំបន់​ផ្សេងៗ​ក្នុង​ខេត្ត​កោះកុង ប៉ុន្តែ​ក្រុម​ការងារ​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​បន្ត​ដោះ​បញ្ហា​ដីធ្លី​ដែល​នៅ​សេសសល់។

ក៏​ប៉ុន្តែ​លោក មាន ព្រហ្មមុនី​ មន្ត្រី​សម្របសម្រួល​​នៃ​សមាគម​អាដហុក​ខេត្ត​កោះកុង​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​​ដែល​ថា ​មាន​អង្គការ​ និង​ជន​​ខិលខូច​បំផុស​ពលរដ្ឋ​ឲ្យ​​តវ៉ា​ដោយ​ចាត់​ទុក​ការ​ចោទ​ប្រកាន់​នេះ​ថា​ គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ ហើយ​​អះអាង​ថា​ការ​តវ៉ា​ពលរដ្ឋ​នៅ​ខេត្ត​កោះកុង​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ និង​បាតុកម្ម​ដោយ​សន្តិវិធី។

លោក​ថា៖ ​«តាម​ពិត​ប្រជាពលរដ្ឋ​តវ៉ា​រឿង​ដីធ្លី​ដោយ​ខ្លួន​គាត់​ គ្មាន​អ្នក​ណា​ញុះញុង់​ទេ ​ដោយសារ​គាត់​បាន​បាត់បង់​ដីធ្លី​ពិត​ប្រាកដ។ ​ពួក​យើង​សង្គម​ស៊ីវិល​យើង​ឃ្លាំ​មើល​ប្រជាពលរដ្ឋ​ជួបជុំ​គ្នា​តវ៉ា​ ហើយ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ស្រប​ទៅ​តាម​ច្បាប់​ដែល​ចែង​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​បាតុកម្ម​ដោយ​សនិ្តវិធី។ គ្មាន​នរណា​នៅ​ពី​ក្រោយ​ទេ​ តែ​ដោយសារ​​ប្រជាជន​គាត់​ឈឺ​ចាប់​ពី​ការ​បាត់បង់​ដីធ្លី​»៕