មន្ត្រី​ទទួល​ស្គាល់ ​ពី​ភាពខ្វះ​ចន្លោះ​បញ្ហា​បង្ហូរទឹក​កខ្វក់

Content image - Phnom Penh Post
ទិដ្ឋភាព​ទឹក​សម្អុយ​ដែល​ហូរ​ពី​សណ្ឋាគារ​ចូល​សមុទ្រ​ខេត្ត​ព្រះសីហនុ​។ រូបថត ហ្វេសប៊ុក

ព្រះសីហនុ: មន្ត្រី​សាលាខេត្ត​ព្រះសីហនុ​កាលពី​ម្សិលមិញ​បាន​ទទួល​ស្គាល់​ពី​ការខ្វះ​ចន្លោះ​ចំពោះ​បញ្ហា​បង្ហូរទឹក​កខ្វក់ ដែល​​ចូល​សមុទ្រ​ដោយ​អះអាង​ថា​ទឹក​នោះ​មាន​ប្រភព​ខុសៗ​គ្នា​ និង​ថា​អាជ្ញាធរ​កំពុង​រៀបចំ​វិធានការ​បន្ត​ចុះ​ណែនាំ​ម្ចាស់​សំណង់​ដែល​បង្ហូរទឹក​កង្វក់​នេះ​បន្ថែម​លើ​យន្តការ​ដែល​មាន​ស្រាប់ ខណៈ​មាន​សកម្មជន​បរិស្ថាន​រិះគន់​ពី​ករណី​នេះ​។

លោក ឱ សារឿន អ្នក​នាំពាក្យ​សាលា​ខេត្ដ និង​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ​បាន​ថ្លែង​ថា ការ​គ្រប់​គ្រង​ប្រព័ន្ធ​លូ និង​ទឹកស្អុយ​ទាំង​នោះ​ពិត​ជា​មាន​ភាព​ខ្វះ​ចន្លោះ​មែន ប៉ុន្ដែ​ទឹកស្អុយ​ដែល​គេ​ថា ហូរ​ចូល​សមុទ្រ​នោះ​គឺ​មិនមែន​ទឹកស្អុយ​ចេញ​តែ​ពី​ការដ្ឋាន​សំណង់​ ឬ​សណ្ឋាគារ​មួយ​មុខ​ទេ តែ​វា​ក៏​មាន​ភ្លៀង​ធម្មជាតិ​ធ្លាក់​មក​លាយឡំ​នឹង​ទឹកស្អុយ​នេះ​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ទឹកស្អុយ​ទាំងអស់​ហ្នឹង វា​មិនមែន​កើត​ចេញ​ពី​សណ្ឋាគារ ឬ​ការដ្ឋាន​សំណង់​តែ​មួយ​ផ្នែក​ទេ គឺ​វា​មាន​ភ្លៀង​ធម្មជាតិ​លាយ​គ្នា​ផង អី​ផង​ហ្នឹង គឺ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​មិន​ទាន់​គ្រប់គ្រង​បាន​ល្អ​ទាំង​ស្រុង លើ​ការងារ​ដាក់​អាង​ស្ដុក​ទឹកស្អុយ​ ឬ​ក៏​ធ្វើ​អាង​ចម្រោះ​ទឹក​ហ្នឹង​ទេ ប៉ុន្ដែ​យ៉ាង​ណា​ក៏​យើង​បាន​និង​កំពុង​មមាញឹក​លើ​រឿង​ហ្នឹង​ហើយ​យើង​ឃើញ​ថា​ទីតាំង​ ៧ ​កន្លែង​ដែល​យើង​រកឃើញ​ថា​វា​ត្រូវ​តែ​ធ្វើ​វា​បន្ទាន់​មុនគេ​»​។

បើ​តាម​លោក សារឿន ដោយសារ​កំណើន​ពលរដ្ឋ​មក​រស់នៅ​ខេត្ត​ព្រះសីហនុ បាន​ធ្វើឲ្យ​មាន​កាកសំណល់​ច្រើន​ជាង​មុន​។ ជាពិសេស​គឺ​ម្ចាស់​ដី​ភាគច្រើន​បាន​ចាក់ដី លុប​បឹង អូរ និង លូ ខណៈ​តម្លៃ​ដីធ្លី​ក្នុង​ខេត្ត​ឡើង​ខ្លាំង​ធ្វើឲ្យ​ទឹកស្អុយ​ច្រាល់​ចូល​សមុទ្រ​។

យ៉ាង​ណា​ក្ដី​សកម្មជន​បរិស្ថាន​ និង​ជា​អតីត​បុគ្គលិក​អង្គការ​មាតា​ធម្មជាតិ លោក ថុន រដ្ឋា បាន​រិះគន់​ខ្លាំងៗ ខណៈ​មាន​ករណី​បង្ហូរទឹក​កខ្វក់​ចូល​ក្នុង​សមុទ្រ​នៅ​តំបន់​ឆ្នេរ​អូរ​ឈើទាល ខេត្ត​ព្រះសីហនុ​ដែល​ធ្លាប់​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ឆ្នេរ​ស្អាត​ជាង​គេ​ក្នុង​លោក​។
ដោយ​បាន​បង្ហាញ​តាមរយៈ​វីដេអូឃ្លីប​​ខ្លី​មួយ​កាលពី​ម្សិលមិញ​លោក ថុន រដ្ឋា អះអាង​ថា​មាន​បំពង់​ទុយោ​ចំនួន​ ២៩ ដែល​គេ​ដាក់​បង្ហូរ​ទឹកស្អុយ​ និង​ទឹកភ្លៀង​ចូល​ទឹកសមុទ្រ​នៅ​តំបន់​អូរ​ឈើទាល​ និង​បាន​អះអាង​ពី​ការរកឃើញ​ជាតិ​កខ្វក់​ក្រោយ​ពេល​លោក​យក​ទៅ​ធ្វើ​ពិសោធន៍​។

លោក​បញ្ជាក់​ថា​៖ «...​ពេល​នេះ​លទ្ធផល​ចេញ​មក​ហើយ​ទឹកលូ​ស្អុយ​ទាំង​​នោះ ជា​ទឹក​ដែល​ហូរ​ចេញ​ពី​បង្គន់​ដោយ​ផ្ទាល់ ហើយ​ពិតជា​មាន​ផ្ទុក​សារធាតុ​ប៉ារ៉ាស៊ីត បាក់តេរី ដែល​អាច​បង្ក​ជា​ជំងឺ​ផ្សេងៗ​»​។

ក្រៅពី​នោះ​លោក រដ្ឋា អះអាង​ថា​មាន​សារធាតុ​ផ្សេង​ទៀត​រួមមាន Escherichia coli, Trichomonas intestinalis trophozoite និង​សារធាតុ​អាម៉ូញាក់​ដែល​កើត​ចេញ​ពី​លាមក ឬ​ទឹកនោម ហើយ​វា​បាន​បង្ក​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អ្នក​លែង​ទឹក ជាពិសេស​មនុស្ស​ចាស់ កុមារ និង​ស្ដ្រី​មាន​ផ្ទៃពោះ​។

កាលពី​ថ្ងៃទី​ ៨ វិច្ឆិកា រាជរដ្ឋាភិបាល​បាន​យល់​ព្រម​ជាគោលការណ៍​លើ​​របាយការណ៍​ស្ដីពី​លទ្ធផល​នៃ​ការចុះ​ពិនិត្យ​ និង​សិក្សា​ដើម្បី​រៀបចំ​កែលម្អ​ហេដ្ឋា​រចនាសម្ព័ន្ធ​ទាក់ទង​នឹង​បញ្ហា​អនាម័យ​នៅ​តាម​តំបន់ឆ្នេរ​របស់​ខេត្ត​ព្រះសីហនុ​។ នេះ​បើ​យោង​តាម​លិខិត​​ដែល​ចុះហត្ថលេខា​ដោយ​លោក ឈិត សុខុន ដែល​ជា​រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​។

តាម​របាយការណ៍​នេះ​មាន​ដូចជា​រៀបចំ​កែលម្អ និង​ពង្រីក​បន្ថែម​សមត្ថភាព​ស្ថានីយ​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់ និង​ទីលាន​សម្ងួត​ភក់​ក្រុង​ព្រះសីហនុ​នៅ​លើ​ផ្ទៃដី​ទំហំ​ ១៦ ហិកតា ដើម្បី​បង្កើន​សមត្ថភាព​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់​ពី ៥ ៧០០ ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ​ឲ្យ​កើន​ដល់ ២៥ ០០០ ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ​ដោយ​បំពាក់​ប្រព័ន្ធ​ម៉ាស៊ីន​មេកានិច​ស្វ័យប្រវត្តិ​បន្ថែម​។ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ទទួល​ធ្វើ​ផែនការ និង​​អនុវត្ត​ក្នុង​រយៈពេល​ពី ៣ ទៅ ៥ ខែ​។

បន្ថែម​ពី​លើ​នេះ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា (​ត.អ.ឆ.ក​) ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ និង​អាជ្ញាធរ​ខេត្ត​បាន​ជូន​ដំណឹង​ថ្មីៗ​នេះ​ស្ដីពី​ការរៀបចំ​ស្ថានីយ​បូម​បង្វែរ​ទឹក​កខ្វក់​កុំ​ឲ្យ​ហូរ​ចូល​ក្នុង​សមុទ្រ​ចំនួន ៤ ទីតាំង​ដែល​មាន​ឆ្នេរ​ឯករាជ្យ អូរសម្អាត ឆ្នេរ​សុខា​ និង​ឆ្នេរ​អូរឈើទាល ដើម្បី​បញ្ជូន​ទៅ​ស្ថានីយ​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់​ដោយ​មិន​ឲ្យ​ហូរ​ចូល​សមុទ្រ​វិញ​ឡើយ​។

សេចក្ដី​ជូន​ដំណឹង​បន្ត​ថា​គ្រប់​សណ្ឋាគារ​ភោជនីយដ្ឋាន និង​សំណង់​ទាំងអស់​ត្រូវ​រៀបចំ​ឲ្យ​មាន​អាង​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់​មុន​នឹង​បង្ហូរ​ចូល​ទៅ​លូ​សាធារណៈ​។ រាល់​ការដ្ឋាន​សំណង់​អគារ​គ្រប់​ប្រភេទ​ត្រូវ​ធ្វើ​របង​ហ៊ុមព័ទ្ធ​ការដ្ឋាន​យ៉ាងតិច ២ ម៉ែត្រ​ដោយ​រៀបចំ​ជើង​របង​អំពី​បេតុង​កម្ពស់​យ៉ាង​តិច ៨០ សង់ទីម៉ែត្រ ដើម្បី​កុំ​ឲ្យ​ដី​សំណល់​រឹង និង​រាវ​ហៀរ​ចេញ​ពី​ការដ្ឋាន​ទៅ​លើ​ផ្លូវ ចិញ្ចើមផ្លូវ ដី​ចំណី​ឆ្នេរ ឆ្នេរសមុទ្រ ព្រែក អូរ បឹង និង​ទីសាធារណៈ​ក្នង​គោលដៅ​ធានា​សុវត្ថិភាព​សណ្ដាប់ធ្នាប់ អនាម័យ សោភណភាព និង​បរិស្ថាន​។

លោក វ៉ាស៊ឹម សុរិយា អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែង​កាលពី​ដើម​ខែ​មុន​ថា ក្រុម​ការងារ​ដែល​ត្រូវ​ធ្វើ​នៅ​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​ភាគី​ស្ថាប័ន​បែងចែក​តាម​តួនាទី​រៀងៗ​ខ្លួន​រួចរាល់​ហើយ​ដោយ​កំពុង​ធ្វើការ​តាម​តួនាទី​។

លោក​បញ្ជាក់​ថា​៖ «​ការពិត​យើង​មាន​យន្តការ​ស្រាប់​អស់​ហើយ ប៉ុន្ដែ​គ្រាន់​ថា សេចក្ដី​ជូន​ដំណឹង​ហ្នឹង​នឹង​ជួយ​ពង្រឹង​ប្រសិទ្ធភាព​ការងារ ព្រោះ​យើង​ត្រូវ​ធ្វើ​ការ​ជា​អន្តរក្រសួង​។ ជាក់ស្ដែង​គឺ​ខាង​ក្រសួង​បរិស្ថាន​គេ​មាន​យន្តការ និង​យុទ្ធសាស្ត្រ​របស់​គេ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក៏​មាន​ស្រាប់ និង​ខាង​ខេត្ត​ក៏​គេ​មាន​យន្តការ​គេ​ដែរ អ៊ីចឹង​នេះ​គ្រាន់តែ​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ទេ​»៕