ភ្នំពេញៈ ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​លោក Patrick Murphy បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​លើ​វិស័យ​ឌីជីថល​នៅ​កម្ពុជា​ ខណៈ​បច្ចុប្បន្ន​កម្ពុជា​ជា​ប្រទេស​មាន​អត្រា​អ្នកប្រើប្រាស់​ទូរស័ព្ទ​ច្រើន​មួយ​នៅក្នុង​តំបន់​ដែល​អាមេរិក​មាន​បំណង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ផ្នែក​នេះ​​ឲ្យ​រឹតតែ​ប្រសើរ​ថែមទៀត ។


ការលើកឡើង​របស់​លោក Patrick Murphy នេះ​បានធ្វើ​ឡើង ខណៈ​លោក​ជួប​ជាមួយ​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កាល​ថ្ងៃទី​ ៤ ខែធ្នូ នៅ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​គឺ​ដើម្បី​ពិភាក្សា​ពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ឌីជីថល និង​ផ្នែក​ផ្សេងទៀត​ជាមួយ​កម្ពុជា​។

បើ​តាម​គេហទំព័រ​របស់​ក្រសួង​​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កាលពី​ថ្ងៃ​ពុធ បាន​ឲ្យ​ដឹងថា លោក​ឯកអគ្គរដ្ឋទូត​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីក​លូតលាស់​នៃ​វិស័យ​ទូរស័ព្ទ​ចល័ត​នៅ​កម្ពុជា និង​ចំពោះ​កិច្ចសហការ​ល្អ​រវាង​ក្រសួង និង​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន-សហរដ្ឋអាមេរិក​​ហៅ​កាត់​ (USABC) ​នាពេល​កន្លងមក​ព្រមទាំង​មាន​ក្ដី​រំពឹងថា​នឹងមាន​ការិយាល័យ​តំណាង USABC នៅ​កម្ពុជា​នាពេល​ខាងមុខ ។

តាម​គេហទំព័រ​ដដែល​លោក​រដ្ឋមន្ត្រី ត្រាំ អ៊ីវ តឹក ​បាន​ស្វាគមន៍​វត្តមាន​របស់​លោក Patrick Murphy ដែល​មក​បំពេញ​បេសកកម្ម​ក្នុង​នាម​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​កម្ពុជា​។


លោក​បាន​បញ្ជាក់ថា​៖ «​វត្តមាន​​របស់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទំនាក់ទំនង​ដែលមាន​ស្រាប់​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​រវាង​ប្រទេស​ទាំង​ ២»​។


ដោយឡែក​នៅក្នុង​ហ្វេសប៊ុក​​ស្ថានទូត​អាមេរិក​កាលពី​ថ្ងៃ​ពុធ​​បាន​ឲ្យ​ដឹងថា ភាគី​ទាំង​ ២ ​បាន​ពិភាក្សាគ្នា​អំពី​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​គមនាគមន៍​និង​បច្ចេកវិទ្យា ការជំរុញ​នីតិរដ្ឋ សិទ្ធិ​ជា​ឯកជន អភិបាលកិច្ច និង​​សេរីភាព​អ៊ីនធឺណិត​។

លោក Murphy បានបញ្ជាក់​ក្នុង​ហ្វេសប៊ុក​នោះ​ថា​៖ «​នៅ​ព្រឹក​នេះ​ (​ថ្ងៃ​ពុធ​) ​ខ្ញុំ​បាន​ជួប​រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ហើយ​បាន​ពិភាក្សា​អំពី​វិស័យ​ទូរគមនាគមន៍​ និង​បច្ចេកវិទ្យា​កំពុង​រីកចម្រើន​ឡើង​ព្រមទាំង​សារៈសំខាន់​នៃ​ការជំរុញ​នីតិរដ្ឋ សិទ្ធិ​ជា​ឯកជន អភិបាលកិច្ច និង​សេរីភាព​អ៊ីនធឺណិត អេកូទេសចរណ៍​ឌីជីថល​ដ៏រឹងមាំ និង​ការវិនិយោគ​»​។

អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍​​ និង​ទូរគមនាគមន៍​លោក មាស ប៉ូ បាន​បដិសេធ​ផ្តល់ព័ត៌មាន​លម្អិត​ជុំវិញ​ជំនួប​រវាង​លោក Patrick Murphy និង​លោក ត្រាំ អ៊ីវតឹក ដោយ​លោក​ថា​កំពុង​រវល់​កាលពី​ម្សិលមិញ ។

រីឯ​លោកស្រី Emily Zeeberg អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា​ក៏បាន​បដិសេធ​ផ្តល់ព័ត៌មាន​លម្អិត​ផងដែរ​តាមរយៈ Email កាលពី​ម្សិលមិញ​ជុំវិញ​ជំនួប​នេះ ។

សូមបញ្ជាក់ថា​កាលពី​ជំនួប​ជាមួយ​អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ លោក វង្ស ពិសេន ពីថ្ងៃ​ទី​ ៣ ធ្នូ ​លោក Patrick បាន​សន្យា​ជួយ​បណ្តុះបណ្តាល​ដល់​កងទ័ព​មួក​ខៀវ​កម្ពុជា និង​ផ្នែក​ផ្សេងទៀត​ក្នុង​​វិស័យ​យោធា​កម្ពុជា និង​បាន​ពិភាក្សា​ពី​ការបន្ត​សហការ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ដែល​​បាត់​ខ្លួន​នៅ​កម្ពុជា​ផង​ដែរ​៕