ភ្នំពេញៈ មន្ត្រីនគរបាល​ខណ្ឌ​សែនសុខ​ម្នាក់​ដែល​បាន​បាញ់សម្លាប់​អតីត​ប្រពន្ធ និង​កូនស្រី​របស់ខ្លួន​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី កាលពី​យប់​ថ្ងៃទី​ ៦ ខែមេសា ហើយ​ត្រូវបាន​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បាន​ភ្លាមៗ នៅ​ប៉ុន្មាន​ម៉ោង​ក្រោយមក​នឹង​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ៨ ខែមេសា នេះ​។


លោក ហេង សុភា ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ករណី​ជនសង្ស័យ​ឈ្មោះ ជា ចាន់បូរ៉ា ដែលជា​មន្ត្រីនគរបាល​ខណ្ឌ​សែនសុខ​គឺ​សមត្ថកិច្ច​កំពុង​បំពេញ​នីតិវិធី​សាកសួរ​។ លោក​ថ្លែងថា​៖ «​ជនសង្ស័យ បើ​ខ្ញុំ​បំពេញ​នីតិវិធី​ទាន់ គឺ​ត្រូវបញ្ជូន​គាត់​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃនេះ​ (​ថ្ងៃទី​ ៦ ​មេសា​) ​តែបើ​មិនទាន់​យ៉ាងយូរ​ថ្ងៃស្អែក​ (​ថ្ងៃទី​ ៨ ​ខែ​មេសា​)»​។

លោក​ សុភា បានបញ្ជាក់​​ថា​៖ «​ខណ្ឌ​សែនសុខ​ជា​ម្ចាស់​ករណី ប៉ុន្តែ​គេ​យក​ជនសង្ស័យ​មក​ផ្ញើ​នៅ​កន្លែង​ខ្ញុំ​ (​ស្នងការដ្ឋាន​នគរបាល​រាជធានី​) ​សិន​ព្រោះ​ទុក​នៅ​ខណ្ឌ គេ​ខ្លាច​យ៉ាងម៉េច​យ៉ាង​ម៉ា​ដោយសារ​តែ​ជនសង្ស័យ ក៏​ជា​ប៉ូលិស​ខណ្ឌ​នោះដែរ​»​។

ស្ត្រី​រងគ្រោះ​ឈ្មោះ​ សូរ ពៅមរកត អាយុ​ ៣៩ ​ឆ្នាំ​មុខរបរ​នៅផ្ទះ​ស្នាក់នៅ​ផ្ទះជួល​ក្នុង​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត ខណៈ​ដែល​កូនស្រី​អាយុ​ ៧ ​ឆ្នាំ​រងរបួស​ធ្ងន់​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ជា​។


លោក ហួរ ម៉េងវ៉ាង អធិការនគរបាល​ខណ្ឌ​សែនសុខ​បាន​ថ្លែងថា ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ចម្រុះ​តាម​ឃាត់ខ្លួន​បាន​នៅ​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល ពោលគឺ​បន្ទាប់ពី​ជនសង្ស័យ​បង្កហេតុ​បាន​ប៉ុន្មាន​ម៉ោង​មក​។


លោក​បាន​បញ្ជាក់ថា ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទាំងយប់​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ហើយ​លោក​មិនបាន​ដឹង​ពី​ព័ត៌មាន​លម្អិត​ជុំវិញ​រឿងនេះ​ទេ​។

លោក ព្រំ សំណាង អធិការនគរបាល​ស្រុក​កៀនស្វាយ​ដែល​ជា​ទីកន្លែង​ជនសង្ស័យ​រត់ទៅ​លាក់ខ្លួន​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច​នោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​ដែល​ចូលរួម​តាម​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ ជា ចាន់បូរ៉ា នេះ​មាន​ខាង​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​រួម​ និង​នគរបាល​ខណ្ឌ​សែនសុខ​ផងដែរ​។

បើតាម​លោក​ សំណាង ចំពោះ​មូលហេតុ​ដែល​ជនសង្ស័យ​រត់ទៅ​លាក់ខ្លួន​ក្នុង​ដែនដី​ស្រុក​កៀនស្វាយ​នោះ ដោយសារ​តែ​ជនសង្ស័យ​មាន​ផ្ទះ​ម្តាយ​របស់គាត់ និង​ផ្ទះ​បងស្រី​របស់គាត់​នៅ​ទីនោះ​ដោយ​ជិះ​ម៉ូតូ​ ១ ​គ្រឿង​ទៅ​។ ដំបូង​ឡើយ​ជនសង្ស័យ​ទៅ​លាក់ខ្លួន​នៅផ្ទះ​របស់​ម្តាយ​គាត់​ប៉ុន្តែ​ដោយ​ដឹងថា ស្ថាន​ភាពមិន​ស្រួល​ជនសង្ស័យ​បាន​ចេញ​ពី​ផ្ទះ​ម្តាយបង្កើត​របស់​គាត់​ទៅ​សំងំ​លាក់ខ្លួន​នៅ​ផ្ទះ​បងស្រី​របស់គាត់​ម្តង ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​តាម​ចាប់បាន​នៅផ្ទះ​បងស្រី​របស់គាត់​នៅ​អំឡុង​ប្រមាណ​ជា​ម៉ោង ១១ ​យប់​ថ្ងៃទី​ ៦ ​ខែមេសា​។

លោក​ប្រាប់ថា​៖ «​សមត្ថកិច្ច​សួរ​ពី​មូលហេតុ​បាញ់សម្លាប់ ហើយ​ជនសង្ស័យ​ថា អស់លោក​មិនដឹង​ពី​ស្ថានភាព​គ្រួសារ​ខ្ញុំ​ទេ ព្រោះ​សុទ្ធតែ​មាន​វិបត្តិ​ផ្សេងៗ​គ្នា​»​។

បើទោះបី​ជា​ព័ត៌មាន​លម្អិត​ស្តីពី​មូលហេតុ​នៃ​ការបាញ់ប្រហារ​នេះ​មិន​ត្រូវ​បាន​លោក ហួរ ម៉េងវ៉ាង អធិការ​ខណ្ឌ​សែនសុខ ប្រាប់ក្តី​តែ​បើ​តាម​មន្ត្រីនគរបាល​ខណ្ឌ​សែនសុខ​មួយរូប​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​បាន​រៀបរាប់​ឲ្យ​ដឹងថា ហេតុការណ៍​បាញ់​ស្ត្រី​រងគ្រោះ​នេះ​បាន​កើតឡើង​ប្រហែល​ជា​ម៉ោងជាង ៨ ​យប់​ថ្ងៃទី​ ៦ ខែ​មេសា នៅតាម​បណ្តោយ​ផ្លូវលេខ​ ១០៨៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ​។

មុនដំបូង​គេ​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​ដេញតាម​រថយន្ត​ដែល​ស្ត្រី​រងគ្រោះ និង​កូនស្រី​របស់​ស្ត្រី​រងគ្រោះ​ជិះ​ក្នុង​រថយន្ត​ឡិចស៊ីស​ ១ ​គ្រឿង​ដែល​មាន​បុរស​ម្នាក់​ជា​អ្នកបើកបរ ហើយ​ជនសង្ស័យ​បាន​បាញ់​ចំនួន​ ៤ ​គ្រាប់ តែ​ ៣ ​គ្រាប់​មិន​ផ្ទុះ​ និង​ផ្ទុះ​ ១ ​គ្រាប់​ត្រូវចំ​ស្ត្រី​រងគ្រោះ​បណ្តាល​ឲ្យ​របួសធ្ងន់​ហើយ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត​ ខណៈ​កូនស្រី​របស់​ស្ត្រី​រងគ្រោះ​មាន​អាយុ​ប្រហែល​ ៧ ​ឆ្នាំ​បាន​រងរបួស​ធ្ងន់​ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំងយប់​។

មន្ត្រី​រូបនោះ​បន្តថា បុរស​ម្នាក់​ដែលជា​អ្នកបើករថយន្ត​ជូន​ស្ត្រី​រងគ្រោះ​បាន​និយាយប្រាប់​សមត្ថកិច្ច​ក្រោយ​កើតហេតុ​ថា​មុន​កើតហេតុ​គាត់​បាន បើករថយន្ត ម៉ាក​ឡិចស៊ីស​ ១ ​គ្រឿង ដឹក​ស្ត្រី​រងគ្រោះ និង​កូនៗ​របស់​នាង​ចំនួន ៣ ​នាក់​​ (​ប្រុស ២ ​ស្រី​ ១) ​និង​របស់របរ​មួយចំនួន​ចេញ​ពី​ផ្ទះ​ស្ត្រី​រងគ្រោះ នៅ​ខណ្ឌ​សែនសុខ​បំណង​យក​ទៅ​ទុក​នៅផ្ទះ​បងស្រី​របស់​ស្ត្រី​រងគ្រោះ​នៅ​សង្កាត់​ស្ទឹងមានជ័យ​។

ប៉ុន្តែ​ពេល​មកដល់​កន្លែង​កើតហេតុ​ផ្លូវ ១០៨៦ បុរស​ជា​អតីត​ស្វាមី​បាន​ជិះ​ម៉ូតូ​ពីក្រោយ​បាញ់​សំដៅ​រថយន្ត​ចំនួន ៤ ​គ្រាប់ ប៉ុន្តែ​ផ្ទុះ​តែមួយ​គ្រាប់​ប៉ុណ្ណោះ​ហើយ​ពេលនោះ​ត្រូវ​ស្ត្រី​រងគ្រោះ​ និង​កូនស្រី​រងរបួស​ធ្ងន់​។

មន្ត្រី​នគរបាល​រូបនោះ​បន្តទៀត​ថា បើតាម​ស្ត្រី​ម្នាក់​ដែល​ជា​បងស្រី​បង្កើត​របស់​ជនសង្ស័យ​និយាយប្រាប់​សមត្ថកិច្ច​ដែរ​ថា ប្អូន​របស់គាត់​ខឹង​នឹង​ស្ត្រី​រងគ្រោះ ដែលជា​អតីត​ប្រពន្ធ​របស់ខ្លួន​យូរ​មកហើយ​ព្រោះ​ថា​ប្រពន្ធ​របស់ខ្លួន​បាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ម្នាក់​ (​អ្នកបើករថយន្ត​ពេល​កើតហេតុ​)​។

ស្ត្រី​ជា​បង​របស់​ជនសង្ស័យ​បន្តថា ប្អូនប្រុស​របស់​គាត់​ធ្លាប់​និយាយប្រាប់​គាត់​ថា គេ​ (​ជនសង្ស័យ​) ​នឹង​សម្លាប់​បុរស​នោះ ប្រសិន​បើ​អតីត​ប្រពន្ធ​របស់​ខ្លួន នៅតែ​ទាក់ទង​បុរស​នោះ​ទៀត​។ បើ​តាម​នាង​ស្មាន​គឺ​ប្អូនប្រុស​របស់​គាត់​ប៉ង​បាញ់​បុរស​ដែល​ជា​អ្នកបើករថយន្ត​នោះ​ទៅវិញ​ទេ ប៉ុន្តែ​ចៃដន្យ​បែរជា​ទៅ​ត្រូវ​អតីត​ប្រពន្ធ​ និង​កូនស្រី​ខ្លួន​ទៅវិញ​៕