កំពតៈ បុរស​ជា​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ព្រែកចាក​នៅ​ខេត្តកំពត​ចំនួន​ ៣ ​នាក់​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ និង​ម្នាក់ទៀត​ស្លាប់​នៅ​មន្ទីរពេទ្យ​ខេត្ត ខណៈ​ជនរងគ្រោះ​ទី​ ៥ ​ត្រូវបាន​បញ្ជូនទៅ​ប្រទេស ​វៀតណាម​ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​នឹង​រថយន្ត​កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី​ ១៩ ខែ​ សីហា នៅ​ភូមិ-ឃុំ​ជុំគ្រៀល ស្រុក​ទឹកឈូ ខេត្ត​កំពត​។


លោក​ អ៊ឹម ឈួន ស្នងការរង​ទទួល​ផែន​ចរាចរណ៍​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ទៀបភ្លឺ​ថ្ងៃទី​ ១៩ សីហា ស្ថិត​ក្នុង​ភូមិ-ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្ត​កំពត​។ ជនរងគ្រោះ​ឈ្មោះ ញឹប ភារម្យ ជា​វរសេនីយ៍ឯក​ (​ប្រធាន​ត្រួតពិនិត្យ​លិខិត​ឆ្លងដែន​) ​ទី​២- ​ឈ្មោះ​ តាន់ ផេង នាយរង​ប៉ុស្តិ៍​ច្រកទ្វារ​ព្រែកចាក ទី​៣- ​ឈ្មោះ​ ឃី ឡុក ជា​វរសេនីយ៍ឯក ទី​៤- ​ឈ្មោះ​ ស្ងួន សារ៉ាត់ វរសេនីយ៍ទោ និង​ទី​៥- ​ឈ្មោះ​ ថៃវីរៈ សំរិទ្ធ​សិលាវិបុល ជា​អនុសេនីយ៍ឯក​រងរបួស​ធ្ងន់ និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​ប្រទេស​ វៀតណាម​។ ពួកគេ​សុទ្ធតែ​មន្ត្រី​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ព្រែកចាក ខេត្ត​កំពត​។

លោក​បន្ត​ថា​៖ «​យើង​មិនដឹងថា​យ៉ាងម៉េច​ទេ​ក្នុង​ស្ថានភាព​ពេល​នោះ ប៉ុន្តែ​បើ​យើង​ពិនិត្យមើល​ជាក់ស្តែង​រថយន្ត​រងគ្រោះ​បើក​បុក​ពីក្រោយ​រថយន្ត​សណ្តោង​រ៉ឺម៉ក​»​។

លោក​បញ្ជាក់ថា​៖ «​រថយន្ត​រងគ្រោះ​នោះ​អាច​មាន​ល្បឿន​លឿន​ខ្លាំង ព្រោះ​ក្បាល​រថយន្ត​បាន​ចូល​ទៅ​ជាប់​នឹង​កង់​ក្រោយ​រថយន្ត​ធំ​នោះ​»​។


លោក​ សូ ប៊ុនធឿន អធិការរង​នគរបាល​ស្រុក​ទឹកឈូ​បាន​ប្រាប់​ថា តាមរយៈ​សាក្សី​នៅ​ជុំវិញ​កន្លែង​កើតហេតុ​បំភ្លឺថា នៅ​មុនពេល​កើតហេតុ​នៅវេលា​ម៉ោង​ប្រហែល​ ៣ ​ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃទី​ ១៩ សីហា គេ​បានឃើញ​រថយន្ត​រងគ្រោះ​ម៉ាក ហាយឡែនដឺ ពណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z-0241 បាន​បើក​ស្រប​គ្នា​ពី​ទិស​ក្រុង​កំពត​ទៅ​ក្រុងកែប​។ លុះ​បើក​ដល់​ចំណុច​ម្តុំ​សហគមន៍​ស្រែអំបិល​ស្ថិត​ក្នុង​ភូមិ-ឃុំ ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្ត​កំពត ក៏មាន​រថយន្ត​សណ្តោង​រ៉ឺម៉ក​ ១ ​គ្រឿង​ទៀត​ពាក់​ស្លាក​លេខ​ព្រះសីហនុ 3A-1861 ដឹក​កូន​គ្រែង​បើក​ស្រប​ទិស​គ្នា​ដែរ ហើយ​រថយន្ត​របស់​ជនរងគ្រោះ​បើក​បំបុក​ចូល​គូទ​របស់​រថយន្ត​ធំ​នោះ​។


ក្រោយ​កើតហេតុ​ភ្លាមៗ អ្នកបើកបរ​រថយន្ត​ធុន​ធំ​ក៏​បាន​រត់​គេចខ្លួនបាត់ បន្ទាប់ពី​សមត្ថកិច្ច​ចុះ​ទៅដល់​កន្លែង​កើតហេតុ​។ នៅក្នុង​រថយន្ត​របស់​ជនរងគ្រោះ​វិញ​សមត្ថកិច្ច​ឃើញ​មាន​មនុស្ស​ប្រុស​ ៣ ​នាក់​​ ត្រូវ​គាប​ស្លាប់​នៅក្នុង​រថយន្ត​ និង​បុរស​ម្នាក់ទៀត​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត​។ ក្រោយពី​កម្លាំង​សមត្ថកិច្ច​របស់​លោក​ធ្វើ​អន្តរាគមន៍ និង​បាន​ពិនិត្យ​ពី​អត្តសញ្ញាណ​របស់​ក្រុម​ជនរងគ្រោះ ទើប​ដឹង​ថា​ពួកគេ​ជា​មន្ត្រី​បម្រើការ​នៅ​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​ព្រែកចាក​ក្នុង​ខេត្ត​កំពត​។

លោក​បញ្ជាក់​ថា​៖ «​ពេលនោះ​យើង​មិន​បាន​ធ្វើការ​វាស់វែង​អី​ទេ តែបើ​យើង​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​គឺ​រថយន្ត​រងគ្រោះ​បុក​ចូល​គូទ​រថយន្ត​គេ​តែម្តង​។ យើង​ពិនិត្យ​លើ​សាកសព​មិន​ឃើញ​មាន​ជាតិ​អាល់កុល​ក្នុង​ខ្លួន​ទេ​»​។

លោក​ថា​សាកសព​ជនរងគ្រោះ​ ២ ​នាក់​ ដែល​មាន​ស្រុកកំណើត​នៅ​ភូមិ-ឃុំ ត្រពាំង​សង្កែ​ត្រូវ​បាន​ឪពុកម្តាយ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ហើយ​។ រីឯ សាកសព​ ២ ​នាក់​ទៀត​ ត្រូវ​បាន​ក្រុមគ្រួសារ​ដឹកយក​មក​រាជធានី​ភ្នំពេញ​ ខណៈ​បុរសរងគ្រោះ​ម្នាក់ទៀត​គេ​នៅ​មិនទាន់​ដឹងថា ស្ថានភាព​ជំងឺ​យ៉ាងម៉េច​នៅឡើយ​ទេ បន្ទាប់ពី​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ប្រទេស​វៀតណាម​នោះ​។

លោក​បន្ត​ថា​ក្រោយ​សម្រួល​ហេតុការណ៍​ចប់សព្វគ្រប់​អស់​ហើយ សមត្ថកិច្ច​របស់លោក​បាន​ស្ទូច និង​នាំយក​រថយន្ត​ទាំង​ ២ ​គ្រឿង​ ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ ខេត្ត​កំពត ដើម្បី​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕