ភ្នំពេញៈ សមាជិកអតីតគណបក្សសង្គ្រោះជាតិម្នាក់បានជឿថា «ប្រធានស្តីទី» របស់គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នឹងចាញ់ការភ្នាល់ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពីការដោះលែងលោក កឹម សុខា មុនថ្ងៃទី ៣ ខែមីនា។
លោក សួន រីដា ដែលមានហ្វេសប៊ុកឈ្មោះ សួន សូ រីដា ដែលជាសមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍របស់អតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃពុធ បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា ក្នុងរយៈពេល ១៨ ថ្ងៃលទ្ធផលនៃការភ្នាល់គ្នារវាងហ៊ុន សែន និងសម រង្ស៊ី នឹងមកដល់។
លោកបានថ្លែងថា៖ «ការភ្នាល់នេះ ខ្ញុំប្រាកដមួយរយភាគរយថា សម រង្ស៊ី នឹងជា អ្នកចាញ់ ហើយសូមគោរពតាមការសន្យា ប្រសិនបើអ្នកជាមនុស្សប្រុស»។
លោកបានបន្ថែមថា៖ «សូមកត់សម្គាល់៖ ចាប់តាំងពីថ្ងៃដែលលោក សម រង្ស៊ី យកលោក កឹម សុខា មកភ្នាល់ជាមួយ ហ៊ុន សែន គាត់លែងមានតម្លៃ គុណធម៌ និងសីលធម៌ទៀតហើយសម្រាប់ខ្ញុំ»។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំមុន បានផ្តួចផ្តើមល្បែងនេះដោយដាក់លក្ខខណ្ឌថា «លោក កឹម សុខា នឹងត្រូវដោះលែងចន្លោះពីថ្ងៃទី ២៩ ខែធ្នូ ដល់ថ្ងៃទី ៣ ខែមីនា។ លោកបានសន្យាថា នឹងត្រឡប់មកឲ្យគេចាប់ខ្លួនប្រសិនបើលោកចាញ់ការភ្នាល់នេះ។ ជាការ ឆ្លើយតប ហ៊ុន សែន បានប្រកាសទទួលយកការភ្នាល់នេះដោយដាក់តំណែងរបស់លោកនៅលើតុភ្នាល់»។
លោក សួន រីដា គឺជាសមាជិកម្នាក់ ក្នុងចំណោមសមាជិកគណបក្សសង្គ្រោះជាតិ ១១៨ នាក់ដែលត្រូវបានហាមប្រាមមិនឲ្យធ្វើនយោបាយ។
អត្ថាធិប្បាយរបស់លោកត្រូវបានវាយប្រហារដោយសហការីរបស់លោកគឺ លោក ស៊ុន ចាន់ធី ប្រធានគណៈកម្មាធិការប្រតិបត្តិរបស់គណបក្សសង្គ្រោះជាតិសម្រាប់ខេត្តកំពង់ធំ ដែលស្ថិតនៅក្នុងបញ្ជី ១១៨ នាក់ផងដែរ។
លោកបានថ្លែងកាលពីថ្ងៃអង្គារនៅលើហ្វេសប៊ុករបស់លោកថា៖ «ដោយសារលោក កឹម សុខា បានដឹកនាំបក្សរហូតដល់ធ្វើឲ្យបក្សរលាយ គាត់គ្មានតម្លៃជាមេដឹកនាំសម្រាប់ខ្ញុំទៀតទេ»។
ការរិះគន់គ្នាទៅវិញទៅមកនេះត្រូវបានស៊ែរដោយកញ្ញា កឹម មនោវិទ្យា កូនស្រី លោក កឹម សុខា កាលពីថ្ងៃពុធ។ កញ្ញាក៏បានស៊ែរ អំពីការសរសេររបស់លោក សម រង្ស៊ី អំពីការផ្តួចផ្តើមភ្នាល់ផងដែរ។ ទាំងលោក រីដា និងទាំងលោក ចាន់ធី មិនអាចទាក់ទងសុំអត្ថាធិប្បាយបានកាលពីថ្ងៃព្រហស្បតិ៍។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ការរួបរួមរបស់ពួកគេដោយសារស្ថានការណ៍ចាប់បង្ខំ បានប្រេះស្រាំបែកបាក់ជាបំណែកៗទៅហើយ។ CNRP ពេលនេះប្រៀបបានទៅនឹងថូមួយត្រូវបានគេបោកបំបែក គឺពិតជាពិបាកនឹងរើសបំណែកតូចៗនៃថូនោះមកផ្គុំឡើងវិញណាស់។
ឥឡូវត្រឡប់មកនិយាយពីអ្នកគាំទ្ររបស់ពួកគាត់ទាំង ២ វិញ ពីដើមរៀងមក ក្រុមទាំង ២ នេះ មិនស៊ីចង្វាក់គ្នាទេ, ការរួមបញ្ចូលគ្នាបានតែរចនាសម្ព័ន្ធខាងលើតែប៉ុណ្ណោះ តែខាងក្រោម គឺមិនអាចចូលគ្នាបានឡើយ ហើយនិន្នាការបែងចែកបក្ខពួកផ្ទៃក្នុងខាងសិទ្ធិមនុស្ស និងខាងភ្លើងទៀន គឺកើតមានជាប្រចាំ។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ បានថ្លែងថា គណបក្សសង្គ្រោះជាតិគឺដូចនឹងវិហារដ៏ធំមួយដែលមានការបំពេញចិត្តតិចតួចទៅសមាជិករបស់ខ្លួនដើម្បីចងពួកគេ។ ប៉ុន្តែលោកបានថ្លែងថា កម្លាំងនេះត្រូវបានបញ្ឈប់ភ្លាមៗតាមរយៈការរំលាយគណបក្ស។
លោកបានថ្លែងថា៖ «វាគឺដូចអ្នកដែលអង្គុយលើកង់ដែលកំពុងជិះ ខ្ទាតចេញភ្លាមៗនៅពេលកង់នោះឈប់ឬដួលភ្លាមៗ ដូច្នេះសមាជិកទាំងនោះត្រូវបានគ្រវាត់ចេញពីគ្នានៅពេលកម្លាំងរបស់គណបក្សនេះត្រូវបានគេបញ្ឈប់ភ្លាម»។
លោកបានថ្លែងថា មន្រ្តីទាំងនោះកំពុងស្វែងរកកំហុសគ្នាទៅវិញទៅមកដើម្បីបន្ទោសគ្នាចំពោះការដួលនេះ។ ប៉ុន្តែលោកជឿថា គណបក្សសង្គ្រោះជាតិដែលជាបំណងប្រាថ្នារបស់ប្រជាជនក្នុងការឲ្យមានការផ្លាស់ប្តូរ នៅតែដក់ជាប់នៅក្នុងបេះដូង និងចិត្តរបស់ប្រជាជនទាំងនោះ។
លោក សម រង្ស៊ី ដែលសេរី និងសកម្ម នៅតែជាកម្លាំងនយោបាយរឹងមាំមួយសម្រាប់ប្រជាពលរដ្ឋដែលស្រឡាញ់លោក ខណៈលោក កឹម សុខា នៅស្ងៀម និងអសកម្មដោយសារការឃុំខ្លួន។ ប៉ុន្តែលោក គិន ភា បានថ្លែងថា ហេតុផលសំខាន់គឺលោក សម រង្ស៊ី គាត់ចង់ក្តោបក្តាប់ អតីត CNRP ទាំងមូលដោយបំភ្លេចលោក កឹម សុខា ដែលកំពុងស្នាក់នៅក្នុងផ្ទះក្រោមការត្រួតពិនិត្យរបស់តុលាការ។
លោក សម រង្ស៊ី តែងតាំងខ្លួនឯឯជាប្រធានស្តីទីនៃអតីត CNRP គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅកិច្ចព្រមព្រៀងផ្ទៃក្នុងរវាងរូបលោក និងលោក កឹម សុខា។ មុនការបោះឆ្នោតឆ្នាំ ២០១៨ គណបក្សភ្លើងទៀនរបស់លោក សម រង្ស៊ី មិនត្រូវបានគណៈកម្មាធិការនាយកគណបក្សនេះប្រកាសរំលាយទេ តែ គណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ត្រូវបានប្រកាសរំលាយ។ នេះជាការខុសគ្នាខាងយុទ្ធសាស្ត្ររួចស្រេចទៅហើយ។ ចំណុចនេះ វាច្បាស់ណាស់ថា លោក សម រង្ស៊ី គាត់ទុកជម្រកនយោបាយមួយឱ្យពួកគាត់ ព្រោះគាត់ច្បាស់ក្នុងចិត្តហើយថា អតីត CNRP មិនអាចរស់ឡើងវិញទេ អ្វីដែលគាត់ទាមទារឱ្យ CNRP រស់ឡើងវិញគ្រាន់តែជារូបភាពបន្លំភ្នែកតែប៉ុណ្ណោះ។
ទន្ទឹមនឹងនោះ លោក សម រង្ស៊ី ពិតជាមិនចង់ឃើញលោក កឹម សុខា រួចផុតពីការចោទប្រកាន់ ឬត្រូវបានដោះលែងនោះទេ។ ការដែលគាត់បបួលសម្តេច ហ៊ុន សែន ភ្នាល់នោះ គឺជាការបញ្ជាក់ពីចេតនារបស់គាត់ក្នុងរឿងនេះ។
លោកបន្តថា ខណៈដែលលោក កឹម សុខា កំពុងជាប់ឃុំ លោក សម រង្ស៊ី ប្រឹងទៅបង្កើតចលនាសង្គ្រោះជាតិ ដែលធ្វើឱ្យក្រុមលោក កឹម សុខា មិនសប្បាយចិត្តជាខ្លាំង។ លើសពីនេះទៀតគាត់ថែមទាំងរៀបចំឆាកដើម្បីតែងតាំងខ្លួនឯងជាប្រធានស្តីទីបក្សទៀត កាន់តែធ្វើឱ្យការបែកបាក់រវាងក្រុមទាំង ២ កាន់តែ ជ្រាលជ្រៅ និងពិបាកផ្សះផ្សា៕