ភ្នំពេញៈ មន្ត្រី​ជំនាញ​អះអាង​ថា​ ក្នុង​ឆ្នាំ​ ២០១៩ នេះ​ ខ្លួន​នឹង​ខំប្រឹង​ដើម្បី​លុបបំបាត់​ឱ្យអស់ ​ការប្រើប្រាស់​និង​ការ​ចែក​ចាយ​គ្រឿង​ញៀន​តាម​ក្លិប​កម្សាន្ត​ បើទោះបីវិធានការ​ទប់ស្កាត់​គ្រឿងញៀន​នាពេល​បច្ចុប្បន្ន ​គឺជា​រឿង​ស្មុគស្មាញ ​ហើយ​គ្រឿង​ញៀន​បាន​រីក​រាល​ដាល​ពី​ទីក្រុង​ដល់​ជនបទ​ក៏ដោយ។


លោក ម៉ក់ ជី​តូ ​អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​អគ្គលេខាធិការរង​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ប្រាប់ភ្នំពេញ​ប៉ុស្ដិ៍​ ពីម្សិលមិញ​ថា​ នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ​ នឹងមាន​ការផ្សព្វផ្សាយ​អំពី​ផែនការ​ដើម្បី​ចាត់វិធានការ​លុបបំបាត់​គ្រឿង​ញៀន​ឱ្យអស់​នៅតាម​ក្លិប​កម្សាន្ត​នៅ​ទូទាំងប្រទេស​ ក្រោយពី​មាន​ការ​ចាប់ផ្ដើម​បង្ក្រាបបាន​នៅ​តាម​ក្លិប​កម្សាន្ត​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ​ និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន។

លោក​បានបញ្ជាក់ថា​៖ «យើង​ប្ដេជ្ញា​ថា [លុបបំបាត់] ឲ្យអស់​ក្នុង​ឆ្នាំ​ ២០១៩​ នេះ។ នេះ​គឺជា​គោល​ការណ៍​ដឹកនាំ​របស់​សម្ដេច​ក្រឡាហោម​ [ស ខេង]​ ហើយ​ត្រូវអនុវត្ត​ឱ្យបាន​ក្នុងនាម​យើង​ជាម​ន្ត្រី​អនុវត្ត»។

នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ ២០១៨​ របស់​ស្នងការ​រាជធានី​ភ្នំពេញ​កាលពី​ខែមីនា ​អាជ្ញាធរ​បាន​ប្រកាស​ឱ្យដឹងថា​ ក្នុងចំណោម​កន្លែង​ផលិត​ ជួញដូរ ​និង​ប្រើប្រាស់​គ្រឿងញៀន​ដែល​បាន​រកឃើញ​មាន​ចំនួន ​១ ២៩៣ ​ទីតាំង​ គឺ​ក្នុងនោះ ​មាន​ក្លិប​ ខារ៉ាអូខេ ​និង​បារ៍កម្សាន្ត​ជនបរទេស​ចំនួន​ ២៩៧ ​កន្លែង។

លោក​ ម៉ក់ ជី​តូ និយាយថា ​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​លើក​នេះ ​គឺខុស​ពី​លើក​មុន​ ព្រោះ​គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់​របស់​ព្រះរាជា​ណាចក្រ​កម្ពុជា ​មាន​តួនាទី​ពាក់ព័ន្ធ​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​នេះ។ ដោយឡែក​នៅ​ថ្នាក់​ក្រោម​ជាតិ​ នឹង​មាន​បង្កើត​ឱ្យ​មាន​គណៈកម្មការ​សម្រាប់​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បង្ក្រាប​គ្រឿងញៀន ​ចាប់ពី​ថ្នាក់​ខេត្ត ​ថ្នាក់​ស្រុក​ រហូត​ដល់​ថ្នាក់​ឃុំ។


លោក​អះអាងថា​៖ «ទាំង​អស់​នេះ​គឺជា​ការទទួល​ខុសត្រូវ ​ហើយ​ក្នុងនាម​យើង​ជា​អ្នក​ជំនាញ​ថ្នាក់ជាតិ​ នឹង​ឧបត្ថម្ភ​គាត់ គាំទ្រ​គាត់​អំពី​ជំនាញ​ និង​ការ​ប្រមូល​ព័ត៌មាន»។

អគ្គលេខា​ធិការ​រង​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​រូបនេះ​បន្ថែមថា​ មូលហេតុ​មិន​អាច​ទប់ស្កាត់​គ្រឿងញៀន​កុំឱ្យ​រាលដាល​ពី​ទីក្រុង​ទៅដល់​ជនបទ​បាន​នោះ ​ដោយសារ​កម្ពុជា​បាន​រងគ្រោះ​ពី​ការនាំ​ឆ្លងកាត់​គ្រឿងញៀន​មកពី​តំបន់​ត្រី​កោណ​មាស​ ដែលជា​តំបន់​ដាំ​ដុះ ​និង​ផលិត​អាភៀន ​ហើយ​បាន​នាំចូល​តាម​ច្រក​ព្រំដែន​គោក​ចេញ​ពី​ប្រទេស ​ឡាវ។

ច្រក​ទាំងនោះ​ មាន​ដូច​ជា​ខេត្ត​ព្រះវិហារ ​ស្ទឹង​ត្រែង ​រតនគិរី​ និង​ការចូល​តាម​ដែនអាកាស​មកពី​តំបន់​អាមេរិក​ខាងត្បូង​ និង​តំបន់​អាហ្រ្វិក​។ ការ​នាំ​ចូល​តាម​ប្រៃសណីយ៍​ដែល​កើតឡើង​ច្រើន​ចាប់​តាំងពី​ឆ្នាំ​​ ២០១៨ និង​ការនាំ​ចូល​តាម​ដែនសមុទ្រ​មាន​ចំនួន​តិចតួច។

លោក​អះអាងថា​ ប្រភព​នៃ​ការ​នាំចូល​គ្រឿងញៀន​ទាំងនេះ ​គឺ​មួយចំនួន​ត្រូវបាន​ចែកចាយ​លក់​នៅក្នុង​ប្រទេស​កម្ពុជា ​និង​មួយចំនួន​ទៀត​ដើម្បី​នាំចេញ​បន្ត​ទៅកាន់​ប្រទេស​ថៃ​ ប្រទេស ​វៀតណាម ​និង​បណ្ដា​ប្រទេស​ជាច្រើន​ទៀត។ ប៉ុន្តែ​លោក​ថា ​បន្ទាប់ពី​រដ្ឋាភិ​បាល​បាន​ដាក់ឱ្យ​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ចាប់ផ្ដើម​ពី​ខែមករា​ ឆ្នាំ ២០​១៧​ មក ​បានធ្វើឱ្យ​ការប្រើប្រាស់​ និង​ការ​ចែក​ចាយ​គ្រឿងញៀន​នៅតាម​ទីជនបទ​របស់​ប្រទេស ​កម្ពុជា​ បាន​ថយចុះ​វិញ​ខ្លះ​ហើយ។

លោក​ ម៉ក់ ជី​តូ ​បន្ថែមថា ​ករណី​ប្រើប្រាស់​ និង​ជួញដូរ​គ្រឿង​ញៀន​តូចៗ​នៅតាម​ខេត្ត គឺ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​មូលដ្ឋាន​ដូចជា​មន្ត្រី​ថ្នាក់​ខេត្ត ​ស្រុក ​និង​ឃុំ​ ធ្វើការ​បង្ក្រាបបាន​ច្រើន ខណៈ​ករណី​ប្រើប្រាស់​ និង​ការជួញ​ដូរ​ធំៗ​ក្នុង​រាជធានី​ភ្នំពេញ ​ក៏​ត្រូវ​បាន​បង្ក្រាប​ដោយ​អាជ្ញាធរ​ពាក់​ព័ន្ធ​ថ្នាក់​ជាតិ ​ដែលមាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​នគរបាល​ជាតិ។

លោក​បន្តថា​៖ «យុទ្ធនាការ​គឺជា​ចលនា​ជាតិ​ដែល​យើង​ត្រូវ​ប្រឹងប្រែង​ទាំងអស់គ្នា​ក្នុងការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ អ៊ីចឹង​មាន​ទាំង​ប្រជាពលរដ្ឋ ​ព្រះសង្ឃ ​និង​មិន​ថា​ជា​ជនជាតិ​ណា​ឬ​ជនជាតិ​ណា ឬ​មាន​និន្នា​ការ​នយោបាយ​អី​ទេ ​នាំគ្នា​ចូល​រួម​ធ្វើ​ទាំងអស់»។

គិត​ចាប់ពី​ថ្ងៃទី ១ ​ខែ មករា​ ដល់​ថ្ងៃទី ៤​ ខែ មិថុនា ​កន្លងទៅនេះ​ អ្នកពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ចំនួន​ ៧ ២៩៤ នាក់ ​ត្រូវ​អាជ្ញាធរ​ឃាត់ខ្លួន​ ដោយ​ក្នុងនោះ​អ្នក​ជួញដូរ​មាន​ចំនួន​ ៣ ៩៧៣ នាក់ ​ត្រូវ​បញ្ជូនទៅ​តុលាការ ​ខណៈ​អ្នកប្រើប្រាស់​មាន​ចំនួន ៣ ៣​២១ នាក់ ត្រូវ​អនុញ្ញាត​ឱ្យទៅ​ទទួល​សេវា​បន្សាប។

លោក មាស វី​រិទ្ធ ​អគ្គលេខា​ធិ​ការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធ​ប្រ​ឆាំង​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិល​មិញ​ដែរ​ថា​ ដោយសារ​កម្ពុ​ជាមាន​សេដ្ឋកិច្ច​រីកចម្រើន​ដែល​ធ្វើឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ធូរ​ធារ និង​ស្របពេល​ភាព​មាន​ភ្លើតភ្លើន​របស់​យុវជន​ផង ​គឺជា​ឱកាស​របស់​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន ​ដើម្បី​ទាញ​ផល​ចំណេញ​ពី​ការ​​លក់ដូរ​គ្រឿង​ញៀន ។

លោក​ថ្លែងថា​៖ «បញ្ហា​គ្រឿង​ញៀន វា​មាន ២ ប្រភេទ​ គឺ​គ្រឿង​ញៀន​ប្រភេទ​មេ​តំហ្វេតា​មីន​ ដែល​កន្លងមក​ យើង​ទទួល​ការញាំញី​ និង​ទទួល​ការ​គំរាម​កំ​ហែង​ដែល​ប្រើប្រាស់​ក្នុង​ស្រទាប់​យុវជន​ពី​ទីក្រុង​ដល់​ជនបទ។ ឥឡូវនេះ ​វា​លេចចេញ​និន្នាការ​ថ្មី​មួយ គឺ​ការ​ប្រើប្រាស់​គ្រឿង​ញៀន ​នៅតាម​ក្លិប​កម្សាន្ត​សប្បាយ។ អ៊ីចឹង​ ២ ​និន្នាការ​ហ្នឹងខុសគ្នា ​ដែល​តម្រូវឱ្យ​យើង​ត្រូវ​ដាក់ចេញ​វិធានការ​ជាបន្ទាន់​ ដោយ​ប្រើ​នូវ​បទពិសោធ​ថ្មី​ និង​វិធានការ​ថ្មី»។

អគ្គលេខា​ធិការ​រូបនេះ ​បន្តថា​ក្រសួង​មហាផ្ទៃ​នឹងមាន​កិច្ចប្រជុំ​ពិ​សេស​មួយ​ក្នុងពេល​ឆាប់ៗ​ខាង​មុខនេះ ​ដើម្បី​ប្រគល់​ភារកិច្ច​​អនុវត្ត​ទៅ​អាជ្ញា​ធរ​តាម​មូលដ្ឋាន​ធ្វើការ​ទប់ស្កាត់។

លោក​ មាស វី​រិទ្ធ ​បន្ថែម​ទៀត​ថា​ រយៈពេល​ ៥ ខែ​ឆ្នាំ ២០១៩ ​អាជ្ញាធរ​បង្ក្រាបបាន​គ្រឿង ញៀន​ជាង ២០០​ គីឡូក្រាម​ ស្រប​ពេល​លោក​អះអាង​ថា​ ក្រុម​អ្នក​ប្រើប្រាស់​គ្រឿងញៀន​មេ​តំហ្វេតាមីន​មាន​ការ​ថយចុះ ​ខណៈ​អ្នកប្រើប្រាស់​គ្រឿងញៀន​ប្រភេទ​ផ្សេង​ទៀតបាន​ស័្ម​គ្រ​ចិត្ត​ទៅ​ទទួល​សេវា​ព្យាបាល​ដែល​ក្រសួង​សុខាភិ​បាល​ដាក់​ពង្រាយ​តាម​មណ្ឌល​សុខភាព​ចំនួន​ ៤៤១​ កន្លែង។

លើស​ពីនេះ​លោក​បន្តទៀត​ថា ​កាលពី​ឆ្នាំ ២០១៨ មាន​ក្រុមចាត់តាំង​ចំនួន​ ៤២ ក្រុម ​សម្រាប់​ទទួល​ការ​នាំចូលគ្រឿងញៀន​មក​កម្ពុជា ​និង​ដើម្បី​ចែក​បន្ត​ទៅកាន់​ប្រទេស​ផ្សេងៗ ​ដែលជា​ក្រុម​បណ្ដាញ​របស់​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​អន្តរជាតិ ​ក៏ត្រូវ​បង្ក្រាប​បាន​ដែរ។

លោក​ មាស វី​រិទ្ធ ​អះអាងថា ​ទាំង​ការប្រើប្រាស់​ និង​ជួញដូរ​គ្រឿងញៀន​បាន​ថមថយ​ជាង​មុន​ បន្ទាប់ពី​ក្រុម​ចាត់តាំង​ដែលជា​មេ​ខ្លោង​ធំ​គ្រឿង​ញៀន​ទាំង​នោះ​ត្រូវ​បាន​បង្ក្រាប។

លោក ​សន ជ័យ ​នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណ​នេយ្យភាព​សង្គម​កម្ពុ​ជា​យល់​ថា​ ការប្រកាស​ជា​សាធារ​ណៈ​ដើម្បី​បង្ក្រាប​គ្រឿងញៀន​នៅតាម​ក្លិបកម្សាន្ត​បែបនេះ​ អាចជា​រឿង​ល្អ​និង​ជា​រឿង​អាក្រក់។ ​ជា​រឿង​អាក្រក់ ​ព្រោះ​នឹងធ្វើ​ឱ្យ​ក្រុមជួញដូរ​ដឹងខ្លួន​ជាមុន​ដើម្បី​បង្កើន​ការ​ប្រុង​ប្រ​យ័​ត្ន និង​ធ្វើ​សកម្មភាព​កាន់​តែ​សម្ងាត់​ជាង​មុន។

លោក​ថា​៖ «អ៊ីចឹង​ទេ ​ខ្ញុំ​យល់​ថា ​ការចេញ​វិធានការ​នេះ ​គួរតែ​ជា​ផែនការ​សម្ងាត់ ព្រោះ​អាជ្ញាធរ​ ដឹង​មុខសញ្ញា​ហើយ​នៅ​ក្លិប​កម្សាន្ត ​ទី​ជួបជុំ​ ឬ​សម្បុក​នៃ​ការ​ចែក​ចាយ​គ្រឿង​ញៀន​ គួរតែ​អនុវត្ត​សកម្មភាព​ភ្លាមៗ​តែម្ដង»៕​