បាត់ដំបងៈ អតីត​ចៅសង្កាត់​អូរ​ចាក​ញ្ញា ស៊ិន ចាន់​ពៅ​រ៉ូហ្ស៊េត និង​អតីត​មន្ត្រី​ថ្នាក់​មូលដ្ឋាន ៥ នាក់​ទៀត​​ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចូល​បំភ្លឺ​នៅ​តុលាការ​ខេត្ត​បាត់ដំបង ក្នុង​ករណី​ចោទ​ប្រកាន់​ថា «បំពាន​សាលដីកា​តុលាការ​កំពូល»។


កញ្ញា ​រ៉ូហ្ស៊េត បាន​ថ្លែង​ក្រោ​យ​​ពេល​សាក​សួរ​ថា កញ្ញា​ត្រូវ​បា​ន​​សាក​សួរ​​លើ​រឿង​ចំនួន​ ២ គឺ​អំពី​​អ្នក​​ចូល​មក​ហូប​នំ​បញ្ចុក​ នៅ​​ហាង​របស់​កញ្ញា និង​ទី​២​ អំពី​​ថា​ តើ​កញ្ញា​បាន​ញុះ​ញង់​ឲ្យ​មា​ន​​បទល្មើស​ប្រឆាំង​សាល​ដីកា (រំលាយ​)​ គណបក្ស​សង្គ្រោះ​ជាតិ​ទេ។

រ៉ូហ្សេត និយាយ​ថា៖ «ខ្ញុំ​ថា​អត់​មាន​ទេ ហើយ​​ថ្ងៃ​ទី​ ២ ខែ ធ្នូ ឆ្នាំ​​ ២០១​៨ គេ​សួរ​ថា ខ្ញុំ​បាន​ធ្វើ​សន្និសីទថ្លែង​ការណ៍​​គាំ​ទ្រ ខ្ញុំ​ថា​ អត់​បាន​ទេ​ពីព្រោះ​ភ្ញៀវ​ទាំងអស់​ សុទ្ធ​តែ​ខ្ញុំ​ស្វាគមន៍»។

រ៉ូហ្សេត​ និយាយ​ថា ធ្លាប់​មាន​ការ​ជួប​ជុំ​គ្នា​តែ​កើត​ឡើង​ដោ​យ​មិន​មាន​ការ​រៀប​ចំអ្វី​ទេ ហើយ​អ្នក​ដែល​បាន​ជួបជុំ​​គ្នា​​បាន​សម្ដែ​ង​មនោសញ្ចេតនា​​គាំទ្រ​លោក ស​ម រង្ស៊ី ដែល​បាន​ក្លាយ​ជា​ប្រធាន​ស្តី​ទី អតីត​​គណបក្ស​សង្គ្រោះ​ជាតិ។


កញ្ញា​បាន​និយាយ​ថា៖ «គ្រាន់​តែ​សម្ដែង​មនោសញ្ចេត​នា​ ក្នុង​នាម​យើង​ជា​កូន​ជា​ចៅ ហើ​យ​លោក​ប្រធាន សម រង្ស៊ី លោក​ប្រធាន​ កឹម សុខា ប្រៀប​ដូច​ជា​ឪ​ពុក​ម្ដាយ​របស់​ពួក​យើង រឿង​អី​ដែល​ (ថា)​ យើង​ខុស​ច្បាប់ ?»។


រ៉ូហ្សេត និយាយ​ថា​ កញ្ញា​បា​ន​​ស្នើ​សុំ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ប្រកាន់​ ព្រោះ​វា​ជា​ការ​រំខា​ន​​ដល់ការ​រក​ស៊ី​របស់​កញ្ញា ដែល​ត្រូវ​រក​ប្រាក់​បង់​ធនាគារ និង​ស្នើ​​សុំកុំ​ឲ្យ​តុលាការ​កោះ​ហៅ​ជា​លើក​ទី២។

ក្រៅ​ពី រ៉ូហ្សេត មាន​មនុស្ស​ ៥​ នាក់​ទៀត​ បាន​ចូល​បំភ្លឺ រួម​មា​ន​​​លោក ឃួន ចំរើន អតីត​ចៅ​​សង្កាត់ ចំការសំរោង លោក ម៉ក់ រ៉ា អតីត​ចៅ​សង្កាត់ ទួល​តាឯក​​, លោក ខាន់ ប៊ុន​ផេង អតីតចៅ​សង្កាត់ ​ព្រែក​ព្រះស្តេច, ហើយ​នៅ​ពេល​រសៀល មាន​លោក យួម ដូង អតីត​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​បាត់​ដំបង និង​លោ​ក ឌឹម សារឿន អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត។

លោក អ៊ិន គង់​ជិត មន្ត្រី​​ឃ្លាំ​មើល​​សិទ្ធិ​​មនុស្ស​​ របស់​​អង្គ​ការ​​លី​កា​​ដូ​ដែល​បាន​ឃ្លាំ​មើល​នៅ​តុលាការ​ខេត្ត​បាត់​ដំបង​​បាន​ឲ្យ​ដឹង​ថា មាន​មនុស្ស​ប្រមាណ ​១៦០ នាក់ បាន​​ទៅ​​​គាំទ្រ​អ្នក​ដែល​ត្រូវ​បាន​កោះ​ហៅ។ លោ​ក​​ថា សមត្ថកិច្ច​ប្រមាណ ​៣០​ នា​ក់​បាន​ស្ថិត​នៅ​ក្នុង​ និង​ក្បែរ​បរិវេណ​តុលាការ​ខេត្ត។

លោក គឺ ប៊ុណ្ណារ៉ា ព្រះ​រាជអា​​ជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់​ដំបង​បាន​កោះ​ហៅ​មនុស្ស​ចំនួន ​២៦​ នាក់ ក្នុង​សំណុំ​រឿង​ចំនួន​ ២ គឺ​សំ​ណុំ​​រឿងលេខ​​ ៣៣៨ ដែល​ដាក់​ថា ​ជា​ករណី «បំពាន​សាល​ដីកា​តុលា​ការ​កំពូល» និង​សំណុំ​រឿង​លេខ​ ៣៣៩ ដែល​ដាក់​ថា ​ករណី «ប្រឆាំង​សាល​ដីកា​តុលាការ​កំពូល»។

លោក ហេង លុយ អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បាត់​ដំបង​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា តាម​ពិត​បទ​ចោទ​​ទាំង​ ២ នេះ មាន​ខ្លឹម​សារ​ដូច​គ្នា​។ លោក​ថា តុលាការ​ខេត្ត​បាត់​ដំប​ង​​ បាន​ទទួល​សំណុំ​រឿង​ពី​សមត្ថកិច្ច​ខេត្តហើយ​បាន​សាកសួរ​រយៈ​ពេល​ ២ ​ថ្ងៃហើយ។ ទោះ​យ៉ាង​ណា​ លោក​ថា រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ការ​សម្រេច​ធ្វើការ​ចោទ​ប្រកាន់​ទេ។

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​​នយោបាយ​ថ្លែង​ថា ប្រសិន​បើ​តុលាការ​ឯក​រាជ្យ អព្យាក្រឹត មិន​លម្អៀង ហើយ​អនុវត្ត​សិទ្ធិ​ដែល​មាន​ចែង​ក្នុ​ងរដ្ឋ​ធម្មនុញ្ញ តុលាការ​គួរ​តែ​ពិចារណា​ថា​ តើ​អ្ន​ក​ដែល​ជាប់​សង្ស័យ​នោះ​គា​ត់​​​អនុវត្ត​សិទ្ធិ​ដូច​ចែង​ក្នុង​រដ្ឋ​ធម្ម​នុ​ញ្ញ​ឬ​អត់ មុន​ពេល​ពិចារ​ណា​ថា​ ពួក​គេ​បាន​ចូល​រួម​ក្នុង​សកម្មភាពណា​មួយ​ដែល​ប៉ះពាល់​ដល់សាល​ដីកា​តុលាការ​កំពូល​នោះ។

លោក​បន្ត​ថា តាម​ឋានានុក្រម​នៃ​ច្បាប់ រដ្ឋ​ធម្មនុញ្ញ​ជា​ច្បាប់​កំពូល បន្ទាប់​មក​ត្រូវ​អនុលោម​តាម​ច្បាប់​អន្តរជាតិ ចំណែក​ច្បាប់​ជាតិ​ឈរ​លំដាប់​ទី៣។ លើស​ពី​នេះ​ត្រូវ​តែ​យោង​លើ​គោល​ការណ៍​យុត្តិធម៌​នៅ​ពេល​មាន​ការ​កាត់​ទោស។

លោក​ថា៖ «សរុប​មក តុលាការ​គួរ​តែ​អនុវត្ត​ច្បាប់​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ករណី​មួយ​នេះ»៕