ភ្នំពេញៈ ថ្វីដ្បិតតែជំនន់ទឹកភ្លៀងបានស្រកជាបណ្ដើរៗក្ដី ប៉ុន្តែចំនួនអ្នកលង់ទឹកស្លាប់នៅតែបន្តកើនឡើងជាអ្វីដែលមន្ត្រីអះអាងថាករណីនេះភាគច្រើនបណ្ដាលមកពីការធ្វេសប្រហែសរបស់បុគ្គលដែលទាមទារឲ្យបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ដល់ជីវិតរបស់សមាជិកក្រុមគ្រួសារក្នុងសហគមន៍ដែលរងគ្រោះ។
យោងតាមទិន្នន័យរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយចេញផ្សាយនៅថ្ងៃទី ២៧ តុលា គ្រោះធម្មជាតិជំនន់ទឹកភ្លៀងបានបង្កឲ្យមនុស្ស ៤៤ នាក់លង់ទឹកស្លាប់ក្នុងនោះខេត្តបន្ទាយមានជ័យមានច្រើនជាងគេ គឺរហូតដល់ ២៦ នាក់ បន្ទាប់មកគឺខេត្តកំពង់ធំមានអ្នកស្លាប់ដោយលង់ទឹកចំនួន ៧ នាក់ និងខេត្តពោធិ៍សាត់មានអ្នកស្លាប់ ៦ នាក់។
មូលហេតុនៃការស្លាប់នេះត្រូវបានមន្ត្រីអះអាងថា ភាគច្រើនបណ្ដាលមកពីការធ្វេសប្រហែសរបស់បុគ្គល ឬឪពុកម្ដាយលើកលែងតែបុរសជាឪពុកម្នាក់ នៅភូមិកសិណឃុំ-ស្រុកថ្មពួក និងប្រជាការពារម្នាក់ទៀតនៅភូមិក្បាលកោះ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានស្លាប់ក្នុងបុព្វហេតុការពារ និងសង្គ្រោះជីវិតកូនប្រុសរបស់ខ្លួន និងពលរដ្ឋរងគ្រោះដោយទឹកជំនន់ផ្សេងទៀត។
លោក លី សារី អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៧ ខែតុលាថា ការធ្វេសប្រហែស ឬខ្វះភាពម្ចាស់ការពីសុវត្ថិភាពនៃការរស់នៅរបស់បុគ្គល ឬសមាជិកក្នុងក្រុមគ្រួសារ ពិសេសឪពុកម្ដាយបានធ្វើឲ្យចំនួនជនរងគ្រោះលង់ទឹកស្លាប់ក្នុងគ្រាមានទឹកជំនន់នៅខេត្តនេះបានកើនឡើងដល់ ២៦ នាក់ក្នុងនោះមាន ៨ នាក់ជាកុមារ។
លោកថ្លែងថា៖ «តាមការស៊ើបសួរពីក្រុមគ្រួសារ និងសាច់ញាតិជនរងគ្រោះ ការស្លាប់របស់ពួកគេផ្ដើមចេញពីសកម្មភាពផ្សេងៗគ្នាដោយខ្វះការប្រុងប្រយ័ត្ន ដូចជាការចុះលេងទឹក ដោយគ្មានឪពុកម្ដាយនៅក្បែរ ការនេសាទត្រី និងបេះត្រកួន ក្នុងស្ថានភាពស្រវឹងក្នុងតំបន់ដែលកំពុងជន់លិច និងទឹកកំពុងហូរកួចខ្លាំង»។
យ៉ាងណាក៏ដោយលោក សារី បានសរសើរចំពោះវីរភាពរបស់បុរសម្នាក់ ឈ្មោះ ណាត ឡូត អាយុ ៥០ ឆ្នាំមានលំនៅក្នុងភូមិកសិណ ឃុំ-ស្រុកថ្មពួក ដែលបានស្លាប់ដោយសារតែជួយជីវិតកូនប្រុសរបស់គាត់ពីការបាក់ដីច្រាំងជាប់មាត់អូរធ្លាក់ចូលទឹកដែលកំពុងជន់លិច និងហូរកួចខ្មួលខ្មាញ់ឲ្យរួចជីវិត តាមរយៈការប្រឹងចាប់ដៃកូនទាញមកដីគោកវិញ។ ប៉ុន្តែជាអកុសលពេលជួយកូនរួចក៏ស្រាប់តែគាត់វិលមុខ ហើយរអិលជើងធ្លាក់ចូលទឹកលង់ស្លាប់តែម្ដង។ ចំណែកប្រជាការពារម្នាក់ឈ្មោះ កែវ វិត អាយុ ៥៦ ឆ្នាំមានលំនៅក្នុងភូមិក្បាលកោះ សង្កាត់-ក្រុងប៉ោយប៉ែតបានដួលស្លាប់ក្នុងទឹក បន្ទាប់ពីគាត់អស់កម្លាំង ក្រោយពេលជួយជម្លៀសគ្រួសារពលរដ្ឋពីទឹកជំនន់នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។
លោកថា៖ «យើងបានអំពាវនាវ និងណែនាំជាប្រចាំដល់ពលរដ្ឋឲ្យប្រុងប្រយ័ត្នគ្រប់ជំហាន ទាំងផ្នែកសន្តិសុខ និងអនាម័យនៃការរស់នៅ ប៉ុន្តែមានពលរដ្ឋមួយចំនួនតូចមិនបានអនុវត្តតាមសេចក្ដីណែនាំរបស់យើងទេ»។
ទោះជាយ៉ាងណា បើតាមលោក សារី ករណីនេះរាជរដ្ឋាភិបាលតាមរយៈអាជ្ញាធរមូលដ្ឋានបានផ្ដល់ប្រាក់ឧបត្ថម្ភដល់គ្រួសារជនរងគ្រោះដែលលង់ទឹកស្លាប់ក្នុង ១ គ្រួសារចំនួន ១០ លានរៀលដូចៗគ្នា។
សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងនេះបានប៉ះពាល់ពលរដ្ឋ ១៤៩-៨៥៧ គ្រួសារ ស្មើនឹង ៥៩៩ ៤២៨ នាក់ក្នុង ២០ រាជធានី-ខេត្តរួមមាន រាជធានីភ្នំពេញ កណ្ដាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី កំពង់ចាម កំពង់ធំ ត្បូងឃ្មុំ ស្វាយរៀង តាកែវ កំពង់ស្ពឺ ព្រះសីហនុ និងកោះកុង។ ក្នុងនោះពលរដ្ឋចំនួន ១១ ៨៩៦ គ្រួសារស្មើនឹង ៤៧ ៥៨៤ នាក់ត្រូវបានជួយជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។
ក្រៅពីនេះទឹកជំនន់បានប៉ះពាល់ដល់សាលារៀន ៩៥១ កន្លែង,វត្ត ៣០៧ កន្លែង,ដំណាំស្រូវ ២៨៤ ៩៦១ ហិកតា ដំណាំរួមផ្សំ ៩៧ ០២៩ ហិកតា និងលិចប៉ះពាល់ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវលំជនបទ សរុបប្រវែង ២ ៣១២ គីឡូម៉ែត្រ ផងដែរ៕