ភ្នំពេញៈ មន្ត្រីនាំពាក្យអះអាងថារដ្ឋាភិបាលកម្ពុជាមិនបានចាប់អារម្មណ៍ចំពោះការស្នើច្បាប់ថ្មីរបស់សមាជិកព្រឹទ្ធសភាអាមេរិក ៣ រូប ដែលទាមទារឱ្យដោះលែងនិងទម្លាក់បទចោទលើក្រុមមេដឹកនាំនិងមន្ត្រីរបស់អតីតគណបក្សសង្គ្រោះជាតិឡើយ ដោយថែមទាំងបានឆ្លើយតបថាកម្ពុជាគឺជារដ្ឋអធិបតេយ្យដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ និងមិនអាចធ្វើតាមការចង់បានពីប្រទេសក្រៅនោះទេ។
លោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យរដ្ឋាភិបាលកម្ពុជាបានប្រាប់កាសែតភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថាលោកមានការសោកស្ដាយចំពោះសមាជិកព្រឹទ្ធសភាអាមេរិកដែលក្នុងនាមជាអ្នកបង្កើតច្បាប់និងជាអ្នកច្បាប់គឺមិនគួរមកបង្ខំឱ្យតុលាការក្នុងប្រទេសមួយដែលមានអធិបតេយ្យឲ្យធ្វើតាមពួកគេនោះទេ។ លោកបន្តថាទោះជាយ៉ាងនេះក្ដី កម្ពុជាមិនយកចិត្តទុកដាក់និងធ្វើតាមឡើយព្រោះកម្ពុជានិងសហរដ្ឋអាមេរិកមានរបបគ្រប់គ្រងខុសគ្នាដូចមេឃនិងដី។
លោកថា៖ «អ្នកនយោបាយមួយក្រុមដែលមានចរិតដាក់អាណានិគមដោយបំភ្លេចចោលអធិបតេយ្យរបស់ជាតិនីមួយៗហើយកម្ពុជាគឺជាសមាជិកអង្គការសហប្រជាជាតិដែលសមាជិកព្រឹទ្ធសភាអាមេរិកហាក់កំពុងធ្វើអាណានិគមមកលើកម្ពុជានេះឯង ប៉ុន្តែកម្ពុជាស៊ាំនឹងចរិតអាណានិគមតាំងពី ១៩៩៨ មកដែលសមាជិកព្រឹទ្ធសភាអាមេរិកតែងឃោសនាឲ្យបក្សប្រឆាំង»។
ការលើកឡើងពីមន្ត្រីរដ្ឋាភិបាលនេះ បន្ទាប់ពីវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA ផ្សាយកាលពីថ្ងៃទី ២២ ខែ ឧសភា ថា មានសមាជិកព្រឹទ្ធសភា ៣ រូប មកពីគណបក្សនយោបាយទាំង ២ របស់អាមេរិកគឺលោក Lindsey Graham លោក Dick Durbin និងលោក Marco Rubio បានស្នើច្បាប់ថ្មីមួយស្ដីពី «ការទទួលខុសត្រូវរបស់កម្ពុជានិងការវិលត្រឡប់វិញនូវការវិនិយោគ» ឆ្នាំ ២០១៩ (ហៅថា CARI Act) កាលពីសប្ដាហ៍មុនដើម្បីទាមទារឱ្យដោះលែងលោក កឹម សុខា ដោយឥតលក្ខខណ្ឌ ទម្លាក់បទចោទនានាលើលោក សម រង្ស៊ី, ក្រុមអ្នកប្រឆាំងរដ្ឋាភិបាលជាច្រើនរូបទៀតនិងអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ២ រូបផងដែរ។
VOA បានបន្តថា៖ «ច្បាប់នេះនឹងតម្រូវឱ្យបង្កកទ្រព្យសម្បត្តិមន្ត្រីរដ្ឋាភិបាលដែលរក្សាទុកនៅអាមេរិកនិងទាមទារឱ្យអាមេរិកជំទាស់រាល់ប្រាក់កម្ចីទៅកម្ពុជា។ បើចូលជាធរមាន ច្បាប់នេះក៏តម្រូវឱ្យកម្ពុជា «ការពារអធិបតេយ្យខ្លួនពីការចូលជ្រៀតជ្រែកពីប្រទេសកុម្មុយនីស្ដចិន»។
ជុំវិញការទាមទារពីសមាជិកព្រឹទ្ធសភាអាមេរិកនេះ ភ្នំពេញប៉ុស្ដិ៍មិនអាចសុំការឆ្លើយតបពីលោក គឹម សន្ដិភាព មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌បានទេ កាលពីម្សិលមិញ។
ប៉ុន្តែបើតាមលោក ផៃ ស៊ីផាន សេចក្ដីស្នើនេះគឺស្ថិតក្នុងដំណាក់កាលសម្រេចចិត្តប៉ុណ្ណោះដោយមិនទាន់ក្លាយជាច្បាប់ទេ ហើយទម្រាំក្លាយជាច្បាប់ដែលអាចដាក់ឱ្យអនុវត្តគឺទាល់មានសេចក្ដីសម្រេចចិត្តពីប្រធានាធិបតីអាមេរិកជាមុន ដូច្នេះ មិនអាចធ្វើឱ្យកម្ពុជាត្រូវបារម្ភពីរឿងនេះទេ។
លោកបានបញ្ជាក់ថា ថ្វីដ្បិតកម្ពុជាមិនចូលចិត្តការសម្លុតតាមបែបដាក់អាណានិគមក្ដី ប៉ុន្តែកម្ពុជានៅតែជាមិត្តរបស់អាមេរិក ហើយកម្ពុជាក៏មិនមែនជាប្រទេសធ្វើភេរវកម្មនាំឱ្យប៉ះពាលផលប្រយោជន៍អាមេរិកដែរ។
លោកស្រី Emily Zeeberg មន្ត្រីនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបញ្ជាក់យ៉ាងខ្លីតាមរយៈអ៊ីមែលកាលពីម្សិលមិញថា អ្នកស្រីមិនមានយោបល់អ្វីជុំវិញការលើកឡើងរបស់មន្ត្រីនាំពាក្យរដ្ឋាភិបាលនេះទេ។
ចំណែកលោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាលើកឡើងថា ការស្នើសុំច្បាប់ថ្មីរបស់ក្រុមសមាជិកព្រឹទ្ធសភានេះគឺជាគំនិតផ្ដួចផ្ដើមរបស់បុគ្គលដែលមិនតំណាងឱ្យទស្សនៈរបស់រដ្ឋសភានិងរដ្ឋាភិបាលសហរដ្ឋអាមេរិកឡើយ ដោយលោកបានយល់ឃើញថា លទ្ធភាពដែលអាចចេញទៅជាច្បាប់គឺមិនអាចទៅរួចនោះទេ។ ប៉ុន្តែលោកថា ប្រសិនបើអាចចេញទៅច្បាប់មែន ក៏មិនអាចឱ្យកម្ពុជាធ្វើតាមបានដែរ ព្រោះលោកថា បច្ចុប្បន្នកម្ពុជាកំពុងពង្រឹងជំហរមិនចុះញ៉មនឹងសម្ពាធបរទេស។
លោកថា៖ «ជាពិសេសក្នុងបរិបទបច្ចុប្បន្នគឺកម្ពុជាទាមទារឱ្យមានភាពច្បាស់លាស់មួយក្នុងជំហរនយោបាយការបរទេសរបស់ខ្លួន អ៊ីចឹងខ្ញុំយល់ថាទោះជាចេញឬមិនចេញ ការកែប្រែឥរិយាបថណាមួយក្នុងនយោបាយការបរទេសកម្ពុជាគឺមិនមានទេ រក្សាស្ថានភាពដដែល។ ពីព្រោះយើងដឹងថាកម្ពុជាជារដ្ឋអធិបតេយ្យមួយហើយប្រសិនយើងចេះតែធ្វើនេះធ្វើនោះតាមសម្ពាធអន្តរជាតិ យើងលែងមានអ្វីជាអធិបតេយ្យជាតិ ជាឯករាជ្យជាតិហើយ ពីព្រោះរឿង កឹម សុខា សម រង្ស៊ីមិនមែនរឿងសហរដ្ឋអាមេរិកទេ ជារឿងផ្ទៃក្នុងកម្ពុជាដែលកម្ពុជាត្រូវមានវិធានការច្បាប់របស់ខ្លួនដើម្បីសណ្ដាប់ធ្នាប់និងសន្ដិភាពអ៊ីចឹងទេបើកម្ពុជាធ្លាក់ក្នុងសង្គ្រាមស៊ីវិលឬចលាចលណាមួយមិនមែនសហរដ្ឋអាមេរិកទទួលខុសត្រូវទេគឺកម្ពុជា»។
ទោះជាយ៉ាងណាលោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយបានលើកឡើងថា អាមេរិកមានសិទ្ធិជំរុញឱ្យកម្ពុជាគោរពកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសព្រោះអាមេរិកយល់ថា កម្ពុជារួមទាំងចិនដែលជាប្រទេសហត្ថលេខី បានរំលោភលើកិច្ចព្រមព្រៀងនេះ។
លោកថា៖ «ជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស សហរដ្ឋអាមេរិកមានកាតព្វកិច្ចក្រោមកិច្ចព្រមព្រៀងនេះនិងមានសិទ្ធិអំណាចត្រឹមត្រូវក្នុងការចាត់វិធានការទាំងឡាយជាឯកតោភាគីដើម្បីឱ្យកម្ពុជាបំពេញកាតព្វកិច្ចរបស់ខ្លួនដែលមានចែងក្នុងកិច្ចព្រមព្រៀងនោះ។
កាតព្វកិច្ចទាំងនោះ មានការអនុម័តនិងការគោរពអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការបង្កើតតុលាការឯករាជ្យដើម្បីអនុវត្តសិទ្ធិមនុស្ស ការប្រកាន់យកគោលនយោបាលអព្យាក្រឹតក្នុងទំនាក់ទំនងអន្តរជាតិ ការការពារអធិបតេយ្យ ឯករាជ្យ បូរណភាព និងឯកភាពជាតិ»៕