ភ្នំពេញៈ អ្នកវិភាគ​យល់ថា រដ្ឋាភិបាល​គួរ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ឲ្យ​បាន​ទូលំទូលាយ​ដើម្បី​ពន្យល់​ដល់​ពលរដ្ឋ​ទូទៅ​កុំ​ឲ្យ​ជាប់​ពាក់ព័ន្ធ​នឹង​អ្វីដែល​រដ្ឋាភិបាល​ហៅថា ជា​ផែនការ​ «​ផ្ដួលរំលំ​រដ្ឋាភិបាល​» ឬ​ «​រួមគំនិត​ក្បត់​» ​ជាមួយ​លោក សម រង្ស៊ី ក្រោម​រូបភាព​នៃ​ដំណើរ​វិលត្រឡប់​មក​កម្ពុជា​វិញ​របស់​ក្រុម​មេដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​បាន​ថ្លែងថា ការផ្សព្វផ្សាយ​ណែនាំ​បាន​ធ្វើ​ច្រើន​គ្រប់គ្រាន់​ហើយ​។


បើ​តាម​ការពន្យល់​របស់​ក្រសួង​យុត្តិធម៌​កាលពី​ខែ​មុន​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​រួមគំនិត​ក្បត់​ប្រឈមមុខ​ជាប់ពន្ធនាគារ​ពី​ ៥ ​ឆ្នាំ​ ដល់​ ១០ ​ឆ្នាំ​។ ប៉ុន្តែ​បើ​ជន​នោះ​ជា​មន្ត្រីរាជការ​ទៀត​នោះ​ទោស​នឹង​កើន​ទ្វេ​រហូត​ដល់​ទៅ​ចន្លោះ​ពី​ ១០ ​ទៅ ២០ ​ឆ្នាំ​។ ក្រសួង​យុត្តិធម៌​ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​កុំ​ភ្ជាប់​ខ្លួន​ទៅនឹង​បទល្មើស​នេះ​គឺ​កុំ​ចាញ់​ «​ឧបាយកល​បោក​បញ្ឆោត​របស់​ឧក្រិដ្ឋជន​»​។

ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ និង​ការឃុំខ្លួន​ជា​បន្តបន្ទាប់​ទៅលើ​សកម្មជន​អតីត​គណបក្សប្រឆាំង​លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​ថ្លែងថា អ្នក​គាំទ្រ​លោក ​សម រង្ស៊ី គួរប្រើ​សិទ្ធិ​របស់​ពួកគេ​ដោយ​ស្ថិត​នៅក្នុង​ដែនកំណត់​នៃ​ច្បាប់រដ្ឋធម្មនុញ្ញ​។ ពួកគេ​ត្រូវតែ​ចាំ​ក្នុង​ចិត្ត​ថា មិនមាន​សេរីភាព​ណា​ដែល​គ្មាន​ដែន​កំណត់​ទេ​។

ប៉ុន្តែ​បើ​ពួកគេ​ត្រូវ​ចាប់​ខ្លួន ពួកគេ​ត្រូវ​ទាមទារ​សិទ្ធិ​ក្នុង​ការកាត់ទោស​ដោយ​តុលាការ​ឯករាជ្យ​មិន​លម្អៀង ព្រោះ​នេះ​ជា​សិទ្ធិ​ដែល​ត្រូវមាន​។ លោក​ថ្លែង​ដោយយោង​តាម​សម្ដី​របស់​អតីត​អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្សលោក Surya Subedi ថា​ «​តុលាការ​របស់​យើង​ត្រូវ​បាន​ប្រើ​ជា​ឧបករណ៍​របស់​រដ្ឋាភិបាល​»​។


លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែង​ថា គួរតែ​មាន​ការផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ហើយ​មាន​ភាពសាមញ្ញ​ងាយ​យល់​សម្រាប់​ពលរដ្ឋ ដូចជា​ក្នុង​រូបភាព​ជា​រឿង​កំប្លែង​ជាដើម​។


លោក​ថ្លែង​ថា ​អ្វី​ដែល​លោក សម រង្ស៊ី ​ធ្វើ​គឺ​ដើម្បី​បង្ហាញថា លោក​មាន​អ្នកគាំទ្រ ហើយ​យក​កម្លាំង​គាំទ្រ​នោះ​ទៅ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល ដើម្បី​ឲ្យ​មានការ​សម្រុះសម្រួល​ផ្នែក​នយោបាយ​។ ប៉ុន្តែ​ទង្វើ​របស់​លោក​ជាក់ស្ដែង​បាន​បង្ក​ការលំបាក​ដល់​អ្នកគាំទ្រ​។ ទោះយ៉ាងណា​លោក​ សុខ ទូច ​បញ្ជាក់​ថា​ពលរដ្ឋ​ក៏​ជឿ​លោក សម រង្ស៊ី ដែរ​ដោយសារ​តែមាន​បញ្ហា​ជាក់ស្ដែង​ខ្លះ​នៅក្នុង​សង្គម​ដូចជា​រឿង​ដីធ្លី​ជាដើម​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា អ្នក​ដែល​បង្ហោះ​សារ​គាំទ្រ​ចលនា​ «​ផ្ដួលរំលំ​រដ្ឋាភិបាល​» នៅលើ​ហ្វេសប៊ុក​ក៏​ត្រូវ​ចាប់ខ្លួន​ដែរ ដោយ​លោក​ថា​នេះ​មិនមែន​ជា​សិទ្ធិ​បញ្ចេញមតិ​ទេ​។

លោក​ ហ៊ុន សែន បញ្ជាក់ថា​៖ «​ផែនការ​ឈានដល់​ការផ្ទុះអាវុធ ផ្ដួលរំលំ​រដ្ឋ មិន​អាច​អនុញ្ញាត​បានទេ​។ បង្ហោះ​តែ​ហ្វេសប៊ុក​ចូលក្នុង​យុទ្ធនាការ​ហ្នឹង​ក៏​ត្រូវតែ​ចាប់ខ្លួន​ដែរ នេះ​មិនមែន​ជា​សិទ្ធិ​បញ្ចេញមតិ​ទេ គឺជា​ការចូលរួម​អំពើ​ក្បត់ ដើម្បី​ផ្ដួលរំលំ​តាមរយៈ​កម្លាំងប្រដាប់អាវុធ​។ យើង​មិន​យល់ព្រម​ឲ្យ​អ្នកឯង​ធ្វើ​របៀប​នេះ​ទេ​។ គេ​ប្រឹង​ធ្វើការងារ​ចង់​ងាប់​»​។

លោក មាជ សុវណ្ណារ៉ា អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណក្ស​សង្គ្រោះជាតិ​បាន​ថ្លែងថា រដ្ឋាភិបាល​គួរតែ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​អំពី​ទោសទណ្ឌ​ដែល​ជាប់​ពាក់ព័ន្ធ ហើយ​ពលរដ្ឋ​ខ្លួនឯង​ក៏​ត្រូវ​យល់​អំពី​អ្វី​ដែល​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ ទៅ​តាម​កាលៈទេសៈ​នយោបាយ និង​គិតពី​ផល​លំបាក​កើត​ចេញ​ពី​ទង្វើ​របស់​ខ្លួន ដូចជា​ត្រូវ​ជាប់គុក ឬ​រត់​ចោលស្រុក​ជាដើម​។ លោក​បន្ត​ថា ​មេដឹកនាំ​គណបក្ស​កាន់អំណាច និង​មេដឹកនាំ​អតីត​គណបក្សប្រឆាំង ក៏​គួរតែ​គិត​ដល់​ពលរដ្ឋ​របស់​ខ្លួន​កុំ​ឲ្យ​ពួកគេ​ក្លាយ​ជា​ចំណាប់ខ្មាំង​តាមរយៈ​តុលាការ​។

លោក សុវណ្ណារ៉ា បន្ត​ថា​សកម្មជន​អតីត​គណបក្សប្រឆាំង​នានា​គួរតែ​តាមដាន​ព័ត៌មាន​ឲ្យ​បាន​ដិតដល់ ព្រោះ​មក​ដល់​ពេល​នេះ​លោក​ថា​មាន​មនុស្ស ៣០ ឬ​ ៤០ ​នាក់​ហើយ​ដែល​ត្រូវ​បាន​តុលាការ​ចាប់ និង​ចេញ​ដីកា​ជា​បន្តបន្ទាប់ ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​លោក​ សម រង្ស៊ី ឬ​អ្វី​ដែល​រដ្ឋាភិបាល​ហៅថា ផែនការ​រដ្ឋប្រហារ ការផ្ដួលរំលំ ប្ដូរ​របប​ជាដើម​។

លើស​ពី​នេះ​រដ្ឋាភិបាល​គួរតែ​បង្ហាញ​ប្រាប់​ប្រជាពលរដ្ឋ​ដល់​មូលដ្ឋាន​តាមរយៈ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ប៉ូលិស​ប៉ុស្តិ៍ អធិការ ស្នងការ ប៉េអឹម ឲ្យ​ពលរដ្ឋ​យល់ដឹង​អំពី​បញ្ហា​នេះ ដើម្បី​ចៀសវាង​ការចាប់​ពលរដ្ឋ​ធ្វើ​ជា​ចំណាប់ខ្មាំង ដោយសារ​តែ​ជម្លោះ​បុគ្គល និង​បុគ្គល​។

លោក​ថ្លែងថា​៖ «​រដ្ឋាភិបាល​ត្រូវ​ហៅ​មនុស្ស​ដែល​រង​ដីកា​នោះមក​ប៉ុស្តិ៍នគរបាល​អប់រំ​ពន្យល់​ណែនាំ​ទៅ ហើយ​ដំណាក់កាល​ទី​ ១ ព្រមាន​គាត់​អប់រំ​គាត់​ថា បើ​មាន​លើក​ទី​ ២ ​ត្រូវ​ពិន័យ​អ៊ីចេះ ហើយ​លើក​ទី​ ៣ ត្រូវ​ជាប់គុក​ដោយសារ​ខ្ញុំ​ (​អាជ្ញាធរ​) ​បាន​ព្រមាន និង​ណែនាំ​ហើយ​។ បើ​យើង​អាង​តែ​អំណាច​ពេញដៃ​ហើយ​ចាប់ចង​គ្នា​អត់​បាន​ណែនាំ​នោះ យើង​បាត់​គុណធម៌​នៃ​អំណាច​។ អំណាចច្បាប់​យើង​គោរព​ហើយ Rule of Law តែ​ត្រូវមាន​គុណធម៌ បង្ហាញ​ហេតុផល​ និង​គុណធម៌​»​។

លោក​បន្តថា​បញ្ហា​សម្រាប់​អ្នកគាំទ្រ​លោក សម រង្ស៊ី គឺ​ការ​ដែល​មិន​យល់ថា ពួកគាត់​កំពុង​ដើរ​នៅលើ​ផ្លូវ​ហិង្សា ឬ​អហិង្សា​។ ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​ពន្យល់​ពលរដ្ឋ​ឲ្យ​បាន​យល់​។

ប៉ុន្តែ​លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ថ្លែង​ថា រដ្ឋាភិបាល និង​ក្រសួងយុត្តិធម៌​បាន​ពន្យល់​ប្រាប់​ដល់​ពលរដ្ឋ​ជាច្រើន​ដង​ហើយ​តាមរយៈ​សារព័ត៌មាន ស្ពតវីដេអូ និង​តាម​បណ្ដាញ​សង្គម​។

លោក​ថា ​តាមរយៈ​អ្វីដែល​បាន​វិវឌ្ឍ​ចុងក្រោយ​សាធារណជន​ទូទៅ​បាន​យល់​ហើយ ហើយ​មាន​តែ​មួយចំនួន​តូច​ទេ​ដែល​រង​ការចោទប្រកាន់ និង​ឃាត់ខ្លួន​។

លោក​ថ្លែងថា​៖ «​មិនមែន​អ្នក​នោះ​មិន​យល់​ទេ ប៉ុន្តែ​គាត់​នៅ​តែ​ចង់​ធ្វើ ព្រោះ​គាត់​ជា​សកម្មជន​ដែល​គេ​រៀបចំ ហើយ​អាច​ថា​អ្នក​ទាំងអស់​នោះ​លង់​តាម​ការសន្យា​ឲ្យ​តំណែង ឬ​បាន​សិទ្ធិ​ជ្រកកោន​នៅ​បរទេស ហើយ​ពួកគេ​សុខចិត្ត​ធ្វើ​ទង្វើ​ទាំងនេះ​។ មិនមែន​គាត់​មិនដឹង​ទេ តែ​ធ្វើ​ដើម្បី​ចង់​សាក​កម្លាំង​ជាមួយ​សមត្ថកិច្ច​តាម​ការអំពាវនាវ តាម​ផែនការ​របស់​ចលនា​ចាត់តាំង​ខុសច្បាប់ ដែល​ធ្វើឲ្យ​ពួកគេ​ទទួល​ខុសត្រូវ​តាម​ផ្លូវ​ច្បាប់​ដូចជា​ការចោទប្រកាន់ និង​ចាប់ខ្លួន​»​។

លោក​បាន​បញ្ជាក់​ថា​រាល់​ការចោទប្រកាន់​របស់​តុលាការ​តែង​មាន​ការពន្យល់ និង​អំពាវនាវ​ដល់​សាធារណជន​កុំ​ឲ្យ​មាន​ការចូលរួម​ព្រម​ទាំង​លើក​ទឹកចិត្ត​ឲ្យ​ពួកគេ​សារភាព បើ​សិន​ជា​ពួកគេ​បាន​ចូលរួម​។ ពាក់ព័ន្ធ​នឹង​បទចោទ «​រួមគំនិត​ក្បត់​» មនុស្ស​ ២ ​នាក់​ត្រូវបាន​រាយការណ៍​ថា ត្រូវបាន​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ចន្ទ​បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា មនុស្ស​ ៥ ​នាក់​ទៀត​ ត្រូវ​បាន​ចោទប្រកាន់​។ អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​រួមមាន ឈ្មោះ​ ទិត សុផាត ជា​អតីត​ក្រុមប្រឹក្សា​សង្កាត់​ផ្សារ​ដេប៉ូ​ទី​ ២ ខណ្ឌ​ទួលគោក​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក សុខ ហេង អធិការ​ខណ្ឌ​ទួលគោក​បញ្ជាក់ថា​ឈ្មោះ ទិត សុផាត ត្រូវ​បាន​ឃាត់​ខ្លួន និង​បញ្ជូន​ទៅ​ស្នងការ​រាជធានី​ភ្នំពេញ​រួចហើយ​។

ដោយឡែក​ឈ្មោះ ឃិន សុខហៀង អតីត​ចៅសង្កាត់​ព្រែកប្រា​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ត្រូវ​បាន​​ចាប់ខ្លួន​ដែរ ពាក់ព័ន្ធ​នឹង​ផែនការ​ទៅ​ទទួល​លោក សម រង្ស៊ី នៅ​ថ្ងៃទី​ ៩ ខែ​ វិច្ឆិកា​៕